រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។
ជុំវិញការការសម្រួលថ្មីនេះ រដ្ឋាភិបាល បានបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ។
បន្ថែមពីនេះ បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ។
ដោយឡែក រថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ ក៏ត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% ផងដែរ។
ជាពិសេស រដ្ឋាភិបាលក៏បាន បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ៕










