អ្នកគាំទ្រមួយចំនួនប្រាកដជាដឹងហើយថាតារាចម្រៀង រ៉េដឃីង គឺជាអ្នកគាំទ្រធំម្នាក់របស់តារាចម្រៀង ជី ដេវីត ខណៈមកទល់នឹងពេលនេះវាមានរយៈពេល១០ឆ្នាំមកហើយ។ ពីអ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់ រ៉េដឃីង ស្រាប់តែពោលពាក្យនេះទៅកាន់ ជី ដេវីត ក្នុងពេលមានឱកាសអ្នកទាំងពីរច្រៀងលើឆាកតែម្តង។
នៅល្ងាចថ្ងៃទី២៤ ខែមីនា តារាចម្រៀង រ៉េដឃីង ដែលល្បីបទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបង្ហោះពីរូបភាពអនុស្សាវរីយ៍ជាមួយនឹង ជី ដេវីត ព្រមទាំងរៀបរាប់ថា « ១០ឆ្នាំមុនខ្ញុំតាមមើលបង គាំទ្រនិងស្រលាញ់ការតស៊ូបង។ ពេលនេះបងជោគជ័យខ្លាំង បងងាកមកមើលដំណើរការខិតខំរបស់ខ្ញុំជួបតែងប្រាប់(ជីវិតគឺជាការតស៊ូ)។ ១០ឆ្នាំដែលចង់ច្រៀងលើឆាក ជាមួយបងក៏ជោគជ័យ»។

តារាចម្រៀងរូបនេះបន្តទៀតថា «ខ្ញុំសុំផ្ញើខ្លួនពុកម៉ែបងប្អូនលើវិស័យនេះម្នាក់ផង ខ្ញុំខំប្រឹងបន្តទៀត និងអរគុណអ្នកគាំទ្រខ្ញុំបាទ និងអ្នករួមការងារ ទាំងចាស់ទាំងថ្មី។ ហើយអ្វីដែលនិយាយទៅកាន់អ្នកចង់ដើរលើវិស័យនេះបន្ទាប់ថា ( ភាពជោគជ័យមិនក្បត់ការខិតខំទេ ) ដោយក្ដីគោរពពីខ្ញុំបាទ ទៅបង ជី ដេវីត»។ គួរឱ្យដឹងថា រ៉េដឃីង បានច្រៀងបទ «okay let’s go» នៅក្នុងកម្មវិធីប្រគំតន្រ្តីជាមួយនឹង ជី ដេវីត កាលពីពេលថ្មីៗនេះដែលបង្កឱ្យមានទស្សនិកជនចាប់អារម្មណ៍យ៉ាងច្រើន។
ការខិតខំប្រឹងប្រែងរបស់ រ៉េដឃីង លើវិថីសិល្បៈរួមទាំងភាពស្មោះត្រង់យកការតស៊ូរបស់ ជី ដេវីត មកធ្វើគំរូក៏ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រផងដែរ។
មិនត្រឹមតែបង្ហាញសកម្មភាពគាំទ្រប៉ុណ្ណោះទេ កន្លងមក រ៉េដឃីង ក៏បានបញ្ចេញបទចម្រៀងដែលលើកឈ្មោះនិមិត្តរូបគឺ ជី ដេវីត និង ទេព បូព្រឹក្ស មកបញ្ជូលក្នុងបទរបស់ខ្លួនទៀតផង។ នេះកាន់តែបញ្ជាក់ឱ្យទស្សនិកជនដឹងថាតារាចម្រៀងរូបនេះពិតជាអ្នកគាំទ្រធំម្នាក់របស់ ជី ដេវីត ពិតមែន៕










