នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហការវិស័យថាមពល ស្របពេលតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់លើពិភពលោក រួមទាំងតម្លៃប្រេងនៅវៀតណាមកើនឡើងផងដែរ រហូតដល់៥០% ទៅ៧០% ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មាន AFP ដែលដកស្រង់ប្រភពពីមន្ត្រីនៅទីក្រុងហាណូយ គឺនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើដំណើរបំពេញទស្សនកិច្ចទៅប្រទេសរុស្ស៊ីជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ហើយប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនច្បាប់ រួមទាំងពង្រឹងកិច្ចសហការវិស័យថាមពល និងឧស្ម័ន ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសផលិតប្រេងឥន្ធនៈ ស្របពេលវៀតណាមព្យាយាមបម្រុងប្រេងសម្រាប់ប្រើប្រាស់ក្នុងប្រទេស បន្ទាប់ពីការផ្គត់ផ្គង់ប្រេងលើពិភពលោកផ្អាកដំណើរការភ្លាមៗដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។
.jpg)
យោងតាមការបញ្ជាក់របស់រដ្ឋាភិបាលវៀតណាមក្នុងសេចក្តីថ្លែងការណ៍ វៀតណាមនឹងផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងបង្កើនកិច្ចសហការពាណិជ្ជកម្ម វិនិយោគ និងថាមពល ។ ក្នុងអំឡុងពេលការបំពេញទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ជាច្រើនច្បាប់ពាក់ព័ន្ធនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ កិច្ចសហការផ្នែកថាមពល ប្រេងឥន្ធនៈ និងឧស្ម័ន ដោយពង្រឹងគ្រប់ផ្នែកនៃពាណិជ្ជកម្ម ការរុករក និងបណ្តុះបណ្តាលធនធានមនុស្ស ។
តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់បង្កការបារម្ភពីកង្វះខាតប្រេងលើពិភពលោក ។ តម្លៃប្រេងនៅវៀតណាមក៏កើនឡើងដែរ ក្នុងនោះតម្លៃប្រេងសាំងស៊ុបពែរនៅវៀតណាមកើនឡើងរហូតដល់៥០% និងប្រេងម៉ាស៊ូតកើនឡើង៧០% ។
ហេតុនេះ នាយករដ្ឋមន្ត្រីវៀតណាមក៏ពិភាក្សាតាមទូរស័ព្ទជាមួយប្រទេសជាច្រើនដើម្បីស្នើសុំជំនួយប្រេង រួមមាន ៖ ប្រទេសកាតា គុយវ៉ែត អាល់ហ្សេរី និងជប៉ុន ។ នាយករដ្ឋមន្ត្រីវៀតណាមគ្រោងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃទី២៣ ខែមីនា ហើយភាគីទាំងពីរនឹងពិភាក្សាគ្នាពីពាណិជ្ជកម្មរវាងរុស្ស៊ី និងវៀតណាម ដោយផ្តោតលើគម្រោងសហការវិស័យថាមពល និងវិស័យផ្សេងៗ ។
.jpg)
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ធ្លាប់បំពេញទស្សនកិច្ចនៅទីក្រុងហាណូយកាលពីខែមករា ឆ្នាំ២០២៥ និងចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា រុស្ស៊ីនឹងចូលរួមបង្កើតឧស្សាហកម្មថាមពលនុយក្លេអ៊ែរនៅវៀតណាម ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នាលើគម្រោងប្រេង និងឧស្ម័ន ។ ពេលនោះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ ដោយវៀតណាមកំណត់គោលដៅសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងរយៈពេល៥ឆ្នាំ ៕










