វិបត្តិប្រេងឥន្ធនៈបានកើតឡើងនៅប្រទេសនានាលើពិភពលោក រួមទាំងថៃផងដែរ ដោយសារសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលអូសបន្លាយ ដែលធ្វើឱ្យរដ្ឋាភិបាលថៃចាត់វិធានការសន្សំសំចៃប្រេង ដូចជា ៖ ឱ្យពលរដ្ឋធ្វើការពីផ្ទះតាមអនឡាញ (Work form Home), ស្វែងរកទិញប្រេងពីប្រទេសផ្សេង និងបិទភ្លើងអគ្គិសនីរយៈពេល១ម៉ោងនៅទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមីនា ខាងមុខ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានប្រកាសឱ្យពលរដ្ឋនៅទូទាំងប្រទេសចូលរួមកម្មវិធីរបស់ពិភពលោក «60 Earth Hour» ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយការឡើងកំដៅផែនដី ដោយមិនប្រើប្រាស់ភ្លើងអគ្គិសនីរយៈពេល១ម៉ោង ចាប់ពីម៉ោង៨កន្លះយប់ រហូតដល់ម៉ោង៩កន្លះយប់ ថ្ងៃទី២៨ ខែមីនា ។
អ្នកស្រី សាវវ៉លិដា ភិរឺតវិវឌ្ឍនា អ្នកនាំពាក្យរដ្ឋាភិបាលថៃ កាលពីថ្ងៃទី២២ ខែមីនា និយាយថា រដ្ឋាភិបាលថៃឱ្យពលរដ្ឋនៅទូទាំងប្រទេសមិនប្រើប្រាស់ភ្លើងអគ្គិសនី១ម៉ោង ដើម្បីសន្សំសំចៃប្រេងនៅក្នុងប្រទេស និងជាការចូលរួមកម្មវិធីរបស់ពិភពលោក «60 Earth Hour 2026» ជាការកាត់បន្ថយកំដៅផែនដីដែលពិភពលោកផ្តល់ភាពសំខាន់ ។
.jpg)
ការមិនប្រើប្រាស់អគ្គិសនីចំនួន១ម៉ោងរបស់ពលរដ្ឋ និងស្ថាប័ននានានៅប្រទេសថៃ ក្នុងគោលបំណងបង្កើនយល់ដឹងពីកង្វះប្រេង និងផែនដីឡើងកំដៅ ។ កម្មវិធីនេះធ្វើឡើងលើកដំបូងនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០០៧ ដែលពេលនោះ ទទួលការចូលរួមពីពលរដ្ឋអូស្ត្រាលីស្មើជាង២លាន ២សែននាក់ និងអ្នកប្រកបអាជីវកម្មជាង២,០០០នាក់ គឺអាចកាត់បន្ថយការប្រើប្រាស់ប្រេងរហូតដល់១០.២% បើធៀបនឹងបរិមាណការបើកបររថយន្តតាមផ្លូវ គឺធ្លាក់ចុះដល់៤ម៉ឺន ៨ពាន់គ្រឿងក្នុង១ឆ្នាំ ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបន្តថា ចំណែកប្រទេសថៃមានស្ថាប័នជាច្រើនផ្តល់ភាពសំខាន់លើការមិនប្រើប្រាស់អគ្គិសនីចំនួន១ម៉ោង ដូចជា ៖ អាជ្ញាធរអគ្គិសនី (MEA) ដែលទទួលខុសត្រូវការអនុវត្តគោលនយោបាយសន្សំសំចៃថាមពល និងការពារបរិស្ថាន បានប្រកាសឱ្យពលរដ្ឋនៅទីក្រុងបាងកក ខេត្តណុនថាក់បុរី និងសមុទ្រប្រាកាន ចូលរួមកម្មវិធីនេះ ។ រីឯរដ្ឋបាលក្រុងបាងកកប្រកាសឱ្យពលរដ្ឋចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងលំនៅឋាន ខុនដូ បន្ទប់ស្នាក់នៅ ការិយាល័យធ្វើការ សាលារៀន សាកលវិទ្យាល័យ និងទីកន្លែងផ្សេងទៀតមិនប្រើប្រាស់អគ្គិសនី ចំនួន១ម៉ោង ។
ការកំណត់ឱ្យពលរដ្ឋចូលរួមកម្មវិធី «60 Earth Hour 2026» ដោយការបិទអគ្គិសនីចំនួន១ម៉ោង ចាប់ពីម៉ោង៨កន្លះយប់ រហូតដល់ម៉ោង៩កន្លះយប់ ថ្ងៃទី២៨ ខែមីនា ដើម្បីបង្ហាញគោលបំណងរួមគ្នាកាត់បន្ថយការប្រើប្រាស់អគ្គិសនីមិនចាំបាច់ និងដោះស្រាយបញ្ហាការឡើងកំដៅផែនដីដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីការពារបរិស្ថាន ។ រដ្ឋាភិបាលថៃមើលឃើញថា ការចូលរួមរបស់ពលរដ្ឋមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការសំខាន់ឱ្យពលរដ្ឋមានទម្លាប់សន្សំសំចៃអគ្គិសនី និងជាការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតងរយៈពេលវែង ។
គួរបញ្ជាក់ថា ពលរដ្ឋថៃនៅគ្រប់ខេត្ត-ក្រុងកំពុងខ្វះខាតប្រេងប្រើប្រាស់យ៉ាងខ្លាំង ជាពិសេស ប្រេងម៉ាស៊ូត ពួកគេសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីជួយសម្រាលទុក្ខលំបាក ស្របពេលប្រាក់ចំណូលពួកគេកំពុងបាត់បង់ស្រាប់ទៅហើយដោយសារការបិទព្រំដែនកម្ពុជា-ថៃ ។ ជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យពលរដ្ឋថៃកាន់តែលំបាកខ្លាំងថែមទៀត ព្រោះតែទំនិញគ្រប់មុខចាប់ផ្តើមឡើងថ្លៃ ៕.jpg)










