គ្រូពេទ្យបានដាស់តឿនឱ្យត្រួតពិនិត្យអាការៈទាំងនេះជាបន្ទាន់ ពីព្រោះវាជាសញ្ញាបង្ហាញថា ថ្លើមមានបញ្ហា ដើម្បីថែទាំទាន់ពេលវេលា និងកាត់បន្ថយហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម ។ បើទោះជាថ្លើមមានបញ្ហាក៏ដោយ ប៉ុន្តែរាងកាយមិនបង្ហាញអាការៈមកក្រៅច្បាស់លាស់ឡើយ ទើបមនុស្សភាគច្រើនមិនចាប់អារម្មណ៍ ពេលដឹងខ្លួនឯងមានបញ្ហាថ្លើម យឺតពេលនឹងព្យាបាល ។

លោកអ្នកអាចត្រួតពិនិត្យអាការៈរបស់ខ្លួនថា តើមានអាការៈខុសប្រក្រតីបែបណាខ្លះ?
១-គេងគ្រប់គ្រាន់ ប៉ុន្តែឆាប់នឿយហត់ អស់កម្លាំង ៖ ប្រសិនបើបានគេងគ្រប់គ្រាន់ មិនធ្វើការងារធ្ងន់ ប៉ុន្តែនៅតែអស់កម្លាំងពេញមួយថ្ងៃ នេះជាសញ្ញាបង្ហាញថា ថ្លើមដំណើរការមិនប្រក្រតី ។ ថ្លើមមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងថាមពល និងសារធាតុចិញ្ចឹម បើថ្លើមចាប់ផ្តើមមានបញ្ហានឹងធ្វើឱ្យរាងកាយនឿយហត់ដោយគ្មានមូលហេតុ ហើយរយៈពេលយូរ ទើបមានកម្លាំងឡើងវិញ ។
.jpg)
២-ឆ្អល់ពោះ ហើមពោះញឹកញាប់ ៖ ថ្លើមចូលរួមផលិតទឹកប្រមាត់ដើម្បីរំលាយខ្លាញ់ បើវាមានបញ្ហាអាចបណ្តាលឱ្យការរំលាយអាហារមិនល្អ ឆ្អល់ពោះ ហើមពោះ ឬមានអារម្មណ៍មិនល្អក្រោយការបរិភោគអាហារ ជាពិសេស ពេលបរិភោគអាហារសម្បូរខ្លាញ់ ឬបរិភោគអាហារច្រើនរួច ។ មនុស្សភាគច្រើនមើលរំលងបញ្ហានេះ ប៉ុន្តែគួរប្រុងប្រយ័ត្ន បើមានអាការៈបែបនេះញឹកញាប់ ។
៣-ងាយមានខ្លាញ់ក្បាលពោះ ឆាប់ឡើងទម្ងន់ ៖ បើក្បាលពោះងាយមានខ្លាញ់ទាំងដែលមិនបានបរិភោគអាហារច្រើន គឺវាពាក់ព័ន្ធនឹងជំងឺខ្លាញ់រុំថ្លើម ពីព្រោះថ្លើមមានតួនាទីបំផ្លាញខ្លាញ់ ។ ថ្លើមដំណើរការខុសប្រក្រតី គឺជាមូលហេតុធ្វើឱ្យសម្បូរខ្លាញ់ ជាពិសេស នៅបរិវេណជុំវិញចង្កេះ រួចហើយក៏បង្កជាខ្លាញ់ក្នុងឈាមបន្តិចម្តងៗ ។
.jpg)
៤-ចេញមុនលើមុខ ស្បែកខ្លាញ់ និងស្រអាប់ ៖ ថ្លើមមានតួនាទីកម្ចាត់សារធាតុពុលក្នុងរាងកាយ ប៉ុន្តែបើវាមានបញ្ហា សារធាតុពុលមួយចំនួនអាចប្រមូលផ្តុំក្នុងរាងកាយបណ្តាលឱ្យរលាកស្បែក ឆាប់ចេញមុខលើមុខ ស្បែកខ្លាញ់ ឬស្រអាប់ខុសធម្មតា ជាពិសេស អ្នកមិនធ្លាប់ចេញមុនលើមុខ ហើយអាការៈបែបនេះពិបាកក្នុងការព្យាបាលណាស់ ។
៥-ចង់បរិភោគផ្អែម ឬបរិភោគមិនឈប់ ៖ ថ្លើមពាក់ព័ន្ធនឹងការគ្រប់គ្រងកម្រិតស្ករក្នុងឈាម បើវាមានបញ្ហានឹងធ្វើឱ្យប្រែប្រួលកម្រិតស្ករក្នុងឈាម ទើបហេវញឹកញាប់ ចង់បរិភោគរបស់ផ្អែម ឬបរិភោគពេញមួយថ្ងៃ អាការៈបែបនេះកាន់តែជំរុញឱ្យថ្លើមធ្វើការធ្ងន់ ។.jpg)
បើពិនិត្យឃើញអាការៈទាំងនេះ សូមកុំធ្វេសប្រហែស ត្រូវប្រញាប់ថែទាំថ្លើមតាមវិធីទាំងនេះ ៖
-កាត់បន្ថយអាហារចៀន អាហារកែច្នៃ និងរសជាតិផ្អែម
-បង្កើនការបរិភោគបន្លែ ផ្លែឈើ និងអាហារងាយរំលាយ
-បរិភោគត្រីសមុទ្រ ត្រីសាម៉ុង បង្គា និងស៊ុតក្រហម
-គេងឱ្យគ្រប់គ្រាន់ យ៉ាងហោចណាស់៧ម៉ោងក្នុង១ថ្ងៃ
-រក្សាទម្ងន់ និងថែទាំបរិវេណជុំវិញចង្កេះ.jpg)
សរុបមក ពេលថ្លើមមានបញ្ហាដំបូង វាមិនបង្ហាញអាការៈច្បាស់លាស់ទេ ប៉ុន្តែវាចាប់ផ្តើមបង្ហាញអាការៈខ្លះៗ ដូចជា ៖ នឿយហត់ ឆ្អល់ពោះ និងក្បាលពោះឆាប់មានខ្លាញ់ ។ ការពិនិត្យឃើញអាការៈខុសប្រក្រតីឆាប់រហ័ស និងផ្លាស់ប្តូរទម្លាប់ទាន់ពេលវេលា គឺអាចកាត់បន្ថយហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម ៕










