ម៉ាឡេស៊ីបានជូនដំណឹងទៅកាន់ពលរដ្ឋខ្លួនដែលមានគម្រោងដំណើរកម្សាន្តទៅប្រទេសថៃ ត្រូវតែពន្យារពេល ឬចៀសវាងការធ្វើដំណើរ ពីព្រោះបច្ចុប្បន្ន ប្រទេសថៃមិនគួរឱ្យទៅកម្សាន្តដូចមុនទេ ជាពិសេស ប្រទេសនេះខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង ពលរដ្ឋថៃនៅតាមបណ្តាខេត្ត-ក្រុងស្ទើរតែគ្មានប្រេងចាក់ ដែលកត្តានេះមិនអំណោយផលដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសឡើយ ។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ម៉ាឡេស៊ីបានដាស់តឿនពលរដ្ឋរបស់ខ្លួនឱ្យពន្យារពេល ឬចៀសវាងការធ្វើដំណើរទៅកាន់បណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ដោយសារថៃកំពុងតែខ្វះខាតប្រេងយ៉ាងខ្លាំងបន្ទាប់ពីពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ។ ស្ថានភាពនេះធ្វើឱ្យម៉ាឡេស៊ីបារម្ភពីពលរដ្ឋខ្លួនដែលមានគម្រោងធ្វើដំណើរមកថៃនៅថ្ងៃបុណ្យជាតិម៉ាឡេស៊ីខាងមុខអាចជួបការលំបាក ។
សេចក្តីប្រកាសរបស់មន្ត្រីកុងស៊ុលម៉ាឡេស៊ីប្រចាំខេត្តសុងក្លា នៅថ្ងៃទី១៩ ខែមីនា បញ្ជាក់ថា ការណែនាំនេះសំដៅដល់ពលរដ្ឋម៉ាឡេស៊ីដែលមានគម្រោងធ្វើដំណើរមកប្រទេសថៃដោយជិះរថយន្តផ្ទាល់ខ្លួនទៅកាន់គោលដៅផ្សេងៗ ដូចជា ៖ ស្រុកហាតយ៉ៃ និងខេត្តសុងក្លា នៅថ្ងៃឈប់សម្រាក ។ ប្រសិនបើគ្មានការងារចាំបាច់បន្ទាន់ ពលរដ្ឋម៉ាឡេស៊ីគួរពន្យារពេលធ្វើដំណើរ និងរៀបចំគម្រោងធ្វើដំណើរដោយប្រុងប្រយ័ត្ន ។
មន្ត្រីកុងស៊ុលម៉ាឡេស៊ីបន្តថា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីពលរដ្ឋម៉ាឡេស៊ីមានបញ្ហានៅថៃ ពេលថៃកំពុងតែខ្វះខាតប្រេងទេ ។ ប្រទេសថៃធ្លាក់ក្នុងស្ថានភាពគ្មានប្រេងគ្រប់គ្រាន់ដោយសារពលរដ្ឋមករង់ចាំទិញប្រេងស្តុកទុកបន្ទាប់ពីកើតសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យស្ថានីយប្រេងជាច្រើនកន្លែងអស់ប្រេងលក់ ហើយការខ្វះខាតប្រេងក៏កើតឡើងនៅស្ថានីយប្រេងភាគខាងត្បូងប្រទេសដែរ ទើបធ្វើឱ្យស្ថានីយប្រេងទាំងនេះបិទដំណើរការ ។
ចំណែកប្រធានសមាគមឧស្សាហកម្មទេសចរណ៍ហាឡាល់ថៃ-អាស៊ានថា ថៃខ្វះខាតប្រេងតាំងពីថ្ងៃទី១៦ ខែមីនា ហើយនឹងបន្តខ្វះខាតជាច្រើនថ្ងៃទៀត ដែលបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ភ្ញៀវទេសចរម៉ាឡេស៊ីផងដែរ ពីព្រោះស្ថានីយប្រេងបិទទ្វារបន្តបន្ទាប់ ។ ប្រធានសមាគមឧស្សាហកម្មទេសចរណ៍ណែនាំភ្ញៀវទេសចរម៉ាឡេស៊ីដែលចាំបាច់ធ្វើដំណើរ គួរពិនិត្យមើលថា តើថៃមានប្រេងគ្រប់គ្រាន់សម្រាប់ចាក់រថយន្តរបស់ភ្ញៀវទេសចរដែរឬទេ?
បើតាមការផ្សព្វផ្សាយរបស់គេហទំព័រម៉ាឡេស៊ី The Malaysian Reserve កាលពីថ្ងៃទី១៧ ខែមីនា ស្ថានីយប្រេងជាច្រើននៅខេត្តសាទូន និងស្រុកហាតយ៉ៃ ខេត្តសុងក្លា និងស្ថានីយផ្សេងទៀតដែលភ្ញៀវទេសចរម៉ាឡេស៊ីទៅកម្សាន្ត អស់ប្រេងលក់ហើយ ទើបស្ថានីយប្រេងថៃបានអនុវត្តវិធានការកាន់តែតឹងរ៉ឹង រួមទាំងលក់ប្រេងឱ្យជនបរទេសមានកំណត់ ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ធ្វើឱ្យអ៊ីរ៉ង់សងសឹកវិញយ៉ាងចាស់ដៃ បានបង្កផលប៉ះពាល់ដល់ប្រទេសជាច្រើនលើពិភពលោក រួមទាំងថៃ ជាពិសេស កង្វះប្រេង ៕










