សត្វពស់មិនបានរស់នៅគ្រប់ប្រទេសលើពិភពលោកទេ គឺមានប្រទេសមួយចំនួនគ្មានពស់រស់នៅសោះ ហេតុអ្វីវាមិនអាចរស់នៅប្រទេសទាំងនេះបាន?

យើងតែងតែគិតថា ពស់បានរស់នៅគ្រប់ទីកន្លែង គ្រប់ប្រទេសទាំងអស់ ប៉ុន្តែការពិត មានតំបន់ និងប្រទេសខ្លះគ្មានពស់ឡើយ សូម្បីតែ១ក្បាលក៏គ្មានដែរ ។ តាមទិន្នន័យវិទ្យាសាស្ត្រផ្នែកជីវវិទ្យាបញ្ជាក់ថា កត្តាអាកាសធាតុ ទីតាំងភូមិសាស្ត្រ និងការផ្តាច់នៃផ្ទៃដី គឺពាក់ព័ន្ធយ៉ាងខ្លាំងនឹងការរស់នៅរបស់សត្វប្រភេទនេះ ។
សារព័ត៌មាន KBN News សូមបង្ហាញលោកអ្នកឱ្យស្គាល់តំបន់ និងប្រទេសមួយចំនួនគ្មានពស់ ព្រមទាំងដឹងមូលហេតុថា ហេតុអ្វីវាមិនអាចរស់នៅប្រទេសទាំងនេះ?
១-ទ្វីបអង់តាកទិក ៖ គឺជាទ្វីបតែមួយគត់លើពិភពលោកដែលគ្មានពស់សោះ ដោយសារទីនេះមានសីតុណ្ហភាពត្រជាក់ខ្លាំងពេញមួយឆ្នាំ ពេលខ្លះ សីតុណ្ហភាពធ្លាក់ចុះរហូតដល់ក្រោម -៥០អង្សាសេ ។ សីតុណ្ហភាពបែបនេះ ពស់ដែលមានឈាមត្រជាក់ពុំអាចរស់នៅបានឡើយ ដោយសារវាមិនអាចបង្កើតកំដៅក្នុងខ្លួន គឺកំដៅក្នុងខ្លួនវាត្រូវពឹងផ្អែកសីតុណ្ហភាពខាងក្រៅ ។

២-ប្រទេសអ៊ីស្លង់ ៖ អ៊ីស្លង់គ្មានពស់ និងសត្វល្មូនផ្សេងៗទេ មូលហេតុចម្បងដោយសារកត្តាអាកាសធាតុត្រជាក់ខ្លាំង និងប្រែប្រួលពេញមួយឆ្នាំ ។ ក្រៅពីនេះ ប្រទេសអ៊ីស្លង់ គឺជាដែនកោះ ទើបពស់មិនអាចបន្លាស់ទីទៅរស់នៅបាន និងក្លាយជាប្រទេសគ្មានពស់ ។
៣-ប្រទេសអៀរឡង់ ៖ អៀរឡង់ គឺជាប្រទេសល្បីល្បាញគ្មានពស់ បើយោងតាមភស្តុតាងខាងវិទ្យាសាស្ត្របង្ហាញថា ពស់មិនធ្លាប់រស់នៅប្រទេសនេះតាំងពីកកើតប្រទេសមកម៉្លេះ ។ អ្នកស្រាវជ្រាវថា ពេលធ្លាក់ទឹកកកខ្លាំងធ្វើឱ្យសីតុណ្ហភាពត្រជាក់ជ្រុលសម្រាប់ពស់ បន្ទាប់ពីទឹកកករលាយ ពស់មិនអាចបន្លាស់ទីមកប្រទេសអៀរឡង់ទាន់ពេលវេលាដូចសត្វផ្សេងៗ ។
.jpg)
៤-ប្រទេសនូវែលសេឡង់ ៖ គឺជាប្រទេសមួយទៀតគ្មានពស់ បើទោះជាពេលខ្លះ គេប្រទះឃើញពស់សមុទ្រចូលមកទីនេះ ប៉ុន្តែវាមិនអាចធ្វើរូងបានឡើយ ។ មូលហេតុ ដោយសារនូវែលសេឡង់ជាដែនកោះ ហើយរដ្ឋាភិបាលកំណត់វិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងការបម្លាស់ទីរបស់សត្វផ្សេងៗចូលមក បើឃើញពស់ នឹងចាត់ការភ្លាមៗដើម្បីការពារប្រព័ន្ធអេកូឡូស៊ី ។

៥-កោះហ្គ្រីនឡែន ៖ អាកាសធាតុនៅទីនេះត្រជាក់ខ្លាំងពេញមួយឆ្នាំដូចទ្វីបអង់តាកទិក ទើបពស់មិនអាចរស់នៅបាន ។ ក្រៅពីសីតុណ្ហភាពត្រជាក់ នៅទីនេះថែមទាំងខ្សត់ចំណីសម្រាប់ពស់ផងដែរ ទើបមិនអំណោយផលដល់សត្វឈាមត្រជាក់ប្រភេទនេះ ។
៦-រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ៖ គឺជារដ្ឋដែលស្ទើរតែគ្មានពស់រស់នៅតាមធម្មជាតិ ដោយសារជាប្រជុំកោះស្ថិតនៅឆ្ងាយ ពស់មិនអាចបម្លាស់ទីមកទីនេះដោយងាយៗ ។ លើសពីនេះ ថែមទាំងមានច្បាប់យ៉ាងតឹងរ៉ឹងហាមនាំចូលពស់ ដើម្បីការពារផលប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី ។.jpg)
៧-ប្រជុំកោះឆ្ងាយៗ ៖ ប្រជុំកោះក្នុងមហាសមុទ្រ ដូចជា ប្រជុំកោះខុក (Cook Islands) និងតំបន់មួយចំនួននៅសមុទ្រប៉ាស៊ីហ្វិក ក៏គ្មានពស់រស់នៅដែរ ដោយសារទីតាំងភូមិសាស្ត្រនៅឆ្ងាយ ។ ពស់មិនអាចបន្លាស់ទីមកកាន់មហាសមុទ្រទេ ទើបធ្វើឱ្យប្រជុំកោះ និងតំបន់ទាំងនេះក្លាយជាទីកន្លែងគ្មានពស់ ។.jpg)
សរុបមក កត្តាសំខាន់ៗធ្វើឱ្យតំបន់ និងប្រទេសមួយចំនួនគ្មានពស់ ដោយសារ ៖ សីតុណ្ហភាពត្រជាក់ខ្លាំង ជាដែនដីនៅដាច់ដោយឡែក និងការគ្រប់គ្រងតឹងរ៉ឹងរបស់មនុស្ស ។ ទោះជាពស់អាចបង្កកំណើតគ្រប់ទីកន្លែង ប៉ុន្តែព្រោះតែដែនកំណត់ខាងធម្មជាតិ ទើបធ្វើឱ្យវាមិនអាចរស់នៅគ្រប់ទីកន្លែង និងជារឿងគួរឱ្យចាប់អារម្មណ៍មួយដែលមនុស្សភាគច្រើនមិនជ្រាប ៕










