កូនខ្មែរកាត់អាម៉េរិក ស៊ីដនី ម៉ារិទ្ធ បានគ្រងមកុដ Miss Planet International 2025 ប្រកបដោយមោទនភាពព្រោះនេះគឺជាលើកដំបូងដែលកម្ពុជាបានក្លាយជាម្ចាស់ជ័យលាភី។ ទោះយ៉ាងណា ស៊ីដនី ទើបតែបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើកដំបូងក្នុងនាមជាម្ចាស់មកុដ។.png)
នៅព្រឹកថ្ងៃទី១៨ ខែមីនា ស៊ីដនី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកអមមកជាមួយនឹងរូបភាពនៃការប្រកួតរបស់នាងកន្លងមកជាមួយនឹងបេក្ខនារីផ្សេងទៀតថា រយៈពេលពីរសប្តាហ៍កន្លងមកនេះនាងមានអារម្មណ៍ដូចជាសុបិនមួយ។ Miss Planet International 2025 បានទម្លាយទៀតថានាងមិនបានគេងលើសពី៥ម៉ោងឡើយហើយក៏ដោយសារតែបទពិសោធន៍នេះបានធ្វើឱ្យនាងរីកចម្រើនដូចគ្នា។

ស៊ីដនី ម៉ារិទ្ធ បានលាតត្រដាងទៀតថានាងត្រូវប្រឈមមុខនឹងបញ្ហាទាំងផ្នែករាងកាយ ផ្លូវចិត្ត និងអារម្មណ៍។ ហើយនៅពេលដែលអ្នកជួបប្រទះនឹងគ្រាលំបាកក្នុងជីវិត គឺជាពេលដែលការរីកចម្រើនពិតប្រាកដនឹងរកឃើញអ្នក។ កូនកាត់អាម៉េរិករូបនេះបានបន្ថែមទៀតថា នាងពិតជាមានមោទនភាពណាស់ ហើយក៏មានមោទនភាពផងដែរដែលបានធ្វើឱ្យប្រទេសរបស់នាងគឺកម្ពុជាមានមោទនភាពចំពោះការឈ្នះនេះ និងបានលើកទង់ជាតិរបស់កម្ពុជាឱ្យខ្ពស់ជាមួយនឹងរដ្ឋកាលប្រកបដោយសេចក្តីស្រលាញ់។
គួរឱ្យដឹងថាអំឡុងពេលប្រកួតកម្មវិធី Miss Planet International 2025 ស៊ីដនី ម៉ារិទ្ធ បានជួបប្រទះបញ្ហាសុខភាពដោយសុខចិត្តបណ្តោងសេរ៉ូមបណ្តើរ រៀបចំខ្លួនសម្រាប់ការប្រកួតបណ្តើរ។ បវរកញ្ញារូបនេះពុំដែលត្អូញត្អែរដាក់លើបណ្តាញសង្គមឡើយផ្ទុយទៅវិញនាងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការតំណាងឱ្យកម្ពុជា។ នៅទីបំផុតកម្ពុជាយើងក៏បានគ្រងមកុដ Miss Planet International 2025 ល្បីសុះសាយក្នុងវិស័យបវរកញ្ញា។
បើតាមលោក ភួង វណ្ណា បង្ហោះនៅលើបណ្តាញសង្គម ស៊ីដនី នឹងមានការធ្វើដំណើរបំពាក់មកុដជូន Miss Planet 2026 តាមបណ្តាលប្រទេសមួយចំនួនក្នុងឆ្នាំនេះផងដែរ។ នេះមានន័យថាកម្មវិធីដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរនេះនឹងរីកសុះសាយជាងមុនជាមិនខាន៕










