ពីជ័យលាភីធីតាឯកសង្ក្រាន្ត២០២៣ អ៊ិន ម៉ូលីកា បានជាប់លំដាប់រងទី១នៃកម្មវិធី The Amazing Star រដូវកាលទី១ ដែលធ្វើឱ្យមនុស្សជាច្រើនបង្ហាញការសោកស្តាយ។ យ៉ាងណាមិញដ្បិតតែបរាជ័យក្នុងការប្រកួតប៉ុន្តែ អ៊ិន លក្ខិណា ដែលជាប្អូនស្រីនៅតែបង្ហាញអារម្មណ៍មានមោទនភាពចំពោះបងស្រីរបស់ខ្លួនដោយបញ្ជាក់ថាបងស្រីរបស់នាងមិនចាញ់នោះទេនៅក្នុងដួងចិត្តរបស់នាង។
.png)
តាមរយៈវីដេអូដែល អ៊ិន លក្ខិណា បានបង្ហោះកាលពីពេលថ្មីៗនេះបានរៀបរាប់ពីជម្រៅចិត្តរបស់ខ្លួនដោយបានដាក់ចំណងជើងថា «ថ្ងៃនេះបងបានឈ្នះបទពិសោធន៍ កិត្តិយស និងការគោរព ដែលនឹងនាំបងទៅកាន់ជំហានធំជាងនេះ»។ លក្ខិណា បាននិយាយរៀបរាប់នៅក្នុងវីដេអូថា អ៊ិន ម៉ូលីកា ជាបងស្រីម្នាក់ដែលជាប់លេខ១នៅក្នុងចិត្តរបស់នាង ពេលនេះមិនជោគជ័យប៉ុន្តែនាងជឿជាក់ថាបងរបស់នាងនឹងជោគជ័យដូចជានាងនាថ្ងៃណាមួយ។ Miss Cosmo Cambodia 2024 រូបនេះបាននិយាយទៀតថាការប្រកួតតែងតែមានឈ្នះ មានចាញ់ ហើយបើទោះបីជាឈ្នះឬមិនឈ្នះ ម៉ូលីកា នៅតែមានតម្លៃនៅក្នុងចិត្តរបស់នាងដែលជាប្អូនស្រី។

អ៊ិន លក្ខិណា ថា អ៊ិន ម៉ូលីកា មិនត្រឹមតែស្អាតពីខាងក្រៅប៉ុណ្ណោះទេប៉ុន្តែក៏ស្អាតចេញមកពីខាងក្នុងចិត្តតែម្តង ទោះបីជាជាប់លេខ២មិនមែនជាការបរាជ័យប៉ុន្តែជាភស្តុតាងនៃការខិតខំប្រឹងប្រែងរបស់ ម៉ូលីកា ។ លក្ខិណា ថាបងស្រីរបស់នាងមានតម្លៃជាងពានរង្វាន់ហើយពន្លឺនៅតែភ្លឺចែងចាំងបងនាងមិនចាញ់នោះទេដោយឈ្នះបទពិសោធន៍ កិត្តិយស និងការគោរព ដែលនឹងនាំបងស្រីនាងទៅកាន់ជំហានធំជាងនេះ។

ការមិនបានមកុដនៅក្នុងការប្រកួតនេះ អ៊ិន ម៉ូលីកា ក៏បានសរសេរនៅលើបណ្តាញសង្គមដែរថា ទោះបីជានាងមិនបានជាប់មកុដតែនាងទទួលយកដោយមោទនភាព ព្រោះនាងបានឈរនៅទីនេះដោយកម្លាំងខ្លួនឯង ។ ងាកមកកាន់មហាជនវិញក៏បានបញ្ចេញមតិលើកទឹកចិត្តនាងយ៉ាងច្រើនផងដែរក្នុងនោះក៏មាន ប៊ី សុធារី ផ្តល់កម្លាំងចិត្តដូចគ្នា៕









