ទម្រាំនឹងមានឈ្មោះបោះសំឡេងមានអ្នកគាំទ្រច្រើនដូចបច្ចុប្បន្ន Influencer សយ សេងហួរ បានផលិតវីដេអូជាច្រើនឆ្នាំហើយពន្លឺចាប់ផ្តើមកាន់តែត្រចេះត្រចង់ជាមួយនឹងការថតមនុស្សតែម្នាក់តែសម្តែងជាច្រើនតួអង្គនិយាយពីការពិតទូទៅដែលជួបប្រទះក្នុងចំណោមមិត្តភាព។ ទោះយ៉ាងណា អ្វីដែលអ្នកគាំទ្រមួយចំនួនអាចពុំទាន់បានដឹងទេថា សយ សេងហួរ គឺជាមនុស្សដែលខ្វះភាពកក់ក្តៅនៅក្នុងរង្វង់គ្រួសារ។

នៅក្នុងកម្មវិធីផតខាស់ The 2 Percent ដែលនិយាយពីអ្វីដែលអ្នកពុំឃើញពីក្រោយកាមេរ៉ា Influencer សយ សេងហួរ បាននិយាយលាតត្រដាងថាខ្លួនធំធាត់ឡើងក្នុងអំពើហិង្សាក្នុងគ្រួសារមិនស្រួលបួលឡើយ។ ដោយសារតែឃើញអំពើហិង្សាបែបនេះវាបានជះឥទ្ធិពលដល់លោកធ្លាប់សម្លាប់ខ្លួនម្តង។ ជាមួយគ្នានេះនៅពីក្រោយកាមេរ៉ា លោកជាមនុស្សស្ងប់ស្ងាត់ មិនសូវនិយាយហើយជាមនុស្សគិតច្រើនពីអនាគត ហើយមានពេលខ្លះក៏គិតពីអតីតកាល។

អ្នកបង្កើតមាតិការូបនេះបន្តទៀតថា នៅពីក្រោយការផលិតវីដេអូរបស់ខ្លួននៅពេលឃើញមតិអវិជ្ជមានលោកក៏ទទួលអារម្មណ៍បាក់បៀដូចគ្នាប៉ុន្តែតែបន្តក្រោកឈរ។ ជាអ្នកបង្កើតមាតិកាអាចរកលុយបានច្រើនក្តីប៉ុន្តែ សេងហួរ ថាមិនបើចេះទុកដាក់រៀបចំក៏នឹងរបូតទៅដូចគ្នា។ ក្នុងរយៈពេល១០ឆ្នាំមកនេះ សយ សេងហួរ ថាលោកនៅតែសម្រេចចិត្តចេញមុខពីព្រោះនេះជាការងារគោលរបស់ខ្លួនដោយលោកពុំមានអាជីវកម្មផ្សេងអ្វីឡើយ។

កន្លងមក សយ សេងហួរ ធ្លាប់ទទួលរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមជាមួយនឹង ជា ស្រីនា តាមរយៈកម្មវិធី «ទៅស្រុក»។ បច្ចុប្បន្ននេះក្រៅពីអាជីពការងាររលូនមានការងារជាច្រើនងាកទៅកាន់ជីវិតស្នេហាវិញ Influencer សយ សេងហួរ មានទំនាក់ទំនងស្នេហាជាមួយនឹងបុរសស្វីសហើយវីដេអូរបស់អ្នកទាំងពីរទទួលបានការចូលចិត្តយ៉ាងច្រើនពីហ្វេនៗ៕









