រាជធានីភ្នំពេញ ៖ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សានុសិស្សមិនត្រូវប្រើទូរស័ព្ទដៃក្នុងថ្នាក់រៀនឡើយ ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេងក៏ដោយ លុះត្រាតែមានការអនុញ្ញាត ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។

យោងតាមសេចក្ដីណែនាំ ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន ៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធក៏ដូចជា សង្គមជាតិទាំងមូល ។ ក្រសួងបន្ដថា សិស្សានុសិស្សត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា និងអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ ព្រមទាំងរក្សាភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌ ។
ក្រសួងគូសបញ្ជាក់ថា «អនុវត្តតាមកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដែលគ្រឹះស្ថានសិក្សាបានកំណត់ដូចជា ចូលរួមស្តាប់កម្មវិធីសំដែងធម៌ទេសនា ឬបឋកថាអំពីសីលធម៌ ឬសុជីវធម៌ ។ មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែមានការអនុញ្ញាត ។ មិនត្រូវលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា ។ មិនត្រូវជក់បារីគ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា» ។.jpg)
ក្រសួងក៏បានលើកឡើងថា គ្រូទទួលបន្ទុកថ្នាក់ និងគ្រូបង្រៀនត្រូវបង្កើតគណៈកម្មការគ្រប់គ្រងថ្នាក់រៀន , បង្កើតប្រព័ន្ធទំនាក់ទំនងជាមួយមាតាបិតា ដើម្បីផ្តល់ព័ត៌មានអំពីអវត្តមាន ឬហេតុការណ៍ផ្សេងៗដែលកើតឡើងចំពោះសិស្សទៅដល់មាតាបិតា ឬអ្នកអាណាព្យាបាល បញ្ញាបការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្សក្នុងម៉ោងបង្រៀន និងអង្កេតមើលសកម្មភាពរបស់សិស្សជាប់ជាប្រចាំ ដោយផ្តល់មតិកែលម្អនៅពេលដែលឃើញមានកំហុសឆ្គង ឬភាពមិនប្រក្រតីណាមួយ ។.jpg)
ក្រសួងអប់រំ ក៏ស្នើឲ្យមាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍ធ្វើសហការចូលរួម និងផ្តល់ការគាំទ្រកម្មវិធីអប់រំ ការប្រឹក្សា សកម្មភាពសង្គម សកម្មភាពលើកកម្ពស់ វប្បធម៌សន្តិភាព កម្មវិធីសំដែងធម៌ទេសនា បឋកថាអំពីសីលធម៌ឬសុជីវធម៌ ដែលរៀបចំដោយគណៈគ្រប់គ្រងសាលារៀន ។ ពិនិត្យមើលសកម្មភាពរស់នៅរបស់កូនចៅ ជាពិសេសការអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការជក់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ ។.jpg)
លើសពីនេះ ត្រូវតាមដានការសិក្សា ដោយត្រូវសួរនាំ និងណែនាំកូនចៅនៅពេលមានកំហុស ។ សហការជាមួយសាលារៀន ដោយចូលរួមកិច្ចប្រជុំ និងសហការជាមួយគ្រូបង្រៀន ដើម្បីដោះស្រាយបញ្ហា និងលើកទឹកចិត្តកូនចៅ ៕










