ដើម្បីផលប្រយោជន៍រួម! ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានជំរុញឱ្យមហាអំណាចពិភពលោក ដែលមានទាំងចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ជួយបញ្ជូននាវាចម្បាំងរបស់ពួកគេទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីធានាការដឹកជញ្ជូនទំនិញសំខាន់ៗតាមផ្លូវទឹកដែលត្រូវបានបិទដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញសង្គម លោក ដូណាល់ ត្រាំ បានអំពាវនាវចំៗទៅកាន់មហាអំណាចពិភពលោក រួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ឱ្យបញ្ជូននាវាចម្បាំងរបស់ពួកគេទៅកាន់តំបន់មជ្ឈិមបូព៌ា។ ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងឱប្រទេសដែលរងផលប៉ះពាល់រួមដៃគ្នាជាមួយសហរដ្ឋអាម៉េរិក ដើម្បីធានាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ថាមពលសកល។
ទន្ទឹមនឹងការអំពាវនាវនេះ លោក ត្រាំ បានគូសបញ្ជាក់ឡើងវិញថា «ទោះបីជាសហរដ្ឋអាមេរិកបានយកឈ្នះអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែប្រទេសដែលទទួលបានប្រេងតាមរយៈច្រកសមុទ្រ ក៏នៅតែត្រូវតែថែរក្សាផ្លូវដឹកជញ្ជូននោះដូចគ្នា ហើយយើងនឹងជួយ»។ លោកបានព្រមានថា កងកម្លាំងអាម៉េរិកនឹងមិនដកថយឡើយ ហើយនឹងបន្តយុទ្ធនាការ «ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ» លើតំបន់ឆ្នេរ និងកម្ទេចរាល់នាវាអ៊ីរ៉ង់ណាដែលបង្កការរំខាន រហូតទាល់តែច្រកសមុទ្រ Hormuz ត្រឡប់មកមានសុវត្ថិភាព និងសេរីភាព ១០០% ឡើងវិញ។.jpg)
គួរជម្រាបថា បើទោះជាមានការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូចខាងលើនេះក៏ដោយ ប៉ុន្តែនៅមិនទាន់មានភាគីណាមួយបានបញ្ជាក់ថា ពួកគេនឹងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រនេះឬអត់នោះទេ។ តួយ៉ាង អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបាននិយាយថា តើប្រទេសនេះមានគម្រោងដាក់ពង្រាយសម្ភារៈកងទ័ពជើងទឹក ទៅកាន់តំបន់នេះឬអត់នោះឡើយ ដោយចិនបានត្រឹមតែអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះអរិភាព ហើយថា គ្រប់ភាគីទាំងអស់មានការទទួលខុសត្រូវ ក្នុងការធានាការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមិនមានឧបសគ្គ។

សេចក្តីថ្លែងការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា «ក្នុងនាមជាមិត្តស្មោះត្រង់ និងជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសចិននឹងបន្តពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ រួមទាំងភាគីនៃជម្លោះ និងដើរតួនាទីស្ថាបនាសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការស្តារសន្តិភាពឡើងវិញ»៕










