មានមតិនៅលើបណ្តាញសង្គមថាបើជីវិតអ្នករងទុក្ខសូមឱ្យមើលជីវិត ជី ដេវីត និងមតិមួយទៀតថាមានទុក្ខនឹកឃើញ ជី ដេវីត បានសុខជេរ ជី ដេវីត កំពុងក្លាយជាឃ្លាពេញនិយមនៅក្នុងវិស័យសិល្បៈដោយសារតែតារាចម្រៀងរូបនេះ និង ទេព បូព្រឹក្ស ដែលជាភរិយា តែងតែរងការរិះគន់ស្ទើរតែគ្រប់ពេលវេលាទោះបីជាខំធ្វើល្អយ៉ាងណាក៏ដោយ។ ជាក់ស្តែងថ្មីៗនេះគ្រាន់តែឡានរបស់អ្នកទាំងពីរមានឈ្មោះរបស់ខ្លួនក៏ត្រូវគេបង្ហោះវែកញែកព្រាត។
ថ្មីៗនេះមានគណនីហ្វេកប៊ុកមួយបានបង្ហោះវីដេអូបង្ហាញពីឡានរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស រិះគន់ទៅលើស្លាកលេខឡានរបស់អ្នកទាំងពីរដែលមានអក្សរកាត់ថា «GD x TBP » ដោយបន្ថែមសំណេរថា «ស្លាកលេខអក្សរ (នេះភ្នែកខ្ញុំមើលឃើញចឹង),..ពីមុនឮថាឡានអត់ស្លាក លេខគេចាប់ចុះបើឡានមានតែស្លាកអក្សរអត់មានលេខវិញគេចាប់អត់? រួចលឺថាស្លាកលេខនឹងការដាក់ស្លាកអក្សរនឹងតម្លៃថ្លៃជាងឡាន ក៏មានដែរ (ហេតុផល) លេខល្អ នឹងអក្សរអំណាច ពិតអត់? សូមទោសម្ចាស់វីដេអូផង។តែខ្ញុំគ្រាន់តែគ្មានសមត្ថភាពទិញឡានថ្លៃជិះទេ តែ ចង់ដឹងអំពី ច្បាប់នៃការប្រើប្រាស់ ស្លាកលេខឡាន? មិនមែនស្លាកអក្សរអត់ លេខហៅថាស្លាកលេខដែរទេ»។
ការបង្ហោះនោះបានជំរុញឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយហើយអ្នកលេងបណ្តាញសង្គមក៏បានបញ្ចេញមតិរិះគន់ទៅលើអ្នកបង្ហោះនោះដែរ។ បន្ទាប់ពីមានអ្នករិះគន់ច្រើនម្ចាស់គណនីនោះបានបន្ថែមសំណេរនៅផ្នែកបញ្ចេញមតិយោបល់ថា «អត់ដឹងច្បាស់ពីស្លាកនុះទេគ្រាន់តែឆ្ងល់ថា ឡានតម្រូវអោយ មានស្លាកលេខ ដល់ឃើញតែតួរអក្សរ គេហៅស្លាកអី? បើចឹង មកថា ស្លាកអក្សរ ។ នៅពេលដែលបើកខុសច្បាប់អីមួយ ក្រដាសពិន័យត្រូវប្តូរមកបញ្ចូលថា ស្លាកអក្សរវិញទៅ ព្រោះបើ ស្លាកលេខត្រូវមានលេខ!! ស្លាកលេខបញ្ជាក់ពីអត្តសញ្ញាណ បញ្ជាក់ពីតួនាទី បញ្ជាក់ពីអ.ណ…សំខាន់បញ្ជាក់អ្នកមាន អ្នក មធ្យម និងអ្នកក្រទៀតហ្ន៎»។

ទោះជាយ៉ាងណា បន្ទាប់ពីរងនូវការរិះគន់ពីអ្នកលេងបណ្តាញសង្គមអ្នកដែលបានបង្ហោះនោះក៏បានលុបវីដេអូផងដែរ។ ការរិះគន់ដែលមិនសមហេតុផលនេះ ទេព បូព្រឹក្ស បានជំរុញឱ្យប្តីរបស់ខ្លួនចេញបទចម្រៀង «អញហត់ម៉េស» គឺមិនខុសនោះទេ។
គួរបញ្ជាក់ផងដែរថាកន្លងមកផ្ទាំងប៉ាណូរបស់ ជី ដេវីត ស្ថិតនៅបណ្តោយផ្លូវ២០០៤ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ថាមិនសមទំនងផងដែរ សូម្បីតែខំជួយលើកតម្កើនផ្សព្វផ្សាយវប្បធម៌ខ្មែរយ៉ាងណានៅតែមានអ្នកមិនពេញចិត្ត៕










