បន្ទាប់ពីបង្ហាញសកម្មភាពមួយចំនួននៅឯរាជធានីភ្នំពេញពេលនេះបេក្ខភាពនៃកម្មវិធីប្រកួត Miss Planet International 2025 បានទៅដល់ខេត្តសៀមរាបជាមួយនឹងសកម្មភាពជាច្រើនជាពិសេសនឹងមានការស្លៀកស្បៃខ្មែរ។ ជាមួយគ្នានេះទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញបវរកញ្ញាស្រុកគេឡើងរាំចង្វាក់ប្រពៃណីខ្មែរ។

តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមបានបង្ហាញថាបេក្ខភាពជាង៣០ប្រទេសកំពុងតែរាំចង្វាក់ប្រពៃណីខ្មែរគឺចង្វាក់រាំវង់ ចង្វាក់សាវ៉ាន់ ជាដើមនៅឯវិទ្យាល័យកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។ នេះបានជំរុញឱ្យមានមតិសរសើរជាច្រើនជាពិសេសបេក្ខភាព Miss Planet គឺបានចូលឆ្នាំខ្មែរមុនប្រជាពលរដ្ឋខ្មែរជាច្រើន។ មិនត្រឹមតែសកម្មភាពដាំដើមឈើ ប៉ុណ្ណោះទេ បេក្ខភាពទាំងអស់ក៏បានទៅទស្សនាតំបន់ពេញនិយមពេលរាត្រីគឺ Pub Street ចំណែកឯបេក្ខភាពមួយចំនួននៅតែឆ្លៀតរាំលេងសប្បាយទៀត។
កាលពីពេលថ្មីៗនេះនៅពេលបេក្ខភាពមានសកម្មភាពនៅរាជធានីភ្នំពេញ ស៊ីដនី ម៉ារិទ្ធ បាននិយាយរៀបរាប់ពីផលលំបាកដែលប្រជាជនខ្មែរជួបប្រទះតាមរយៈផ្ទាំងរូបភាពដ៏សែនឈឺចុកចាប់ដែលថៃឈ្លានពានទឹកដីខ្មែរ។

គួរបញ្ជាក់ផងដែរ ការប្រកួតឈុតតំណាងជាតិនិងប្រកួតបឋមនៃកម្មវិធី Miss Planet International 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា ខណៈថ្ងៃផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ បើតាមស្ថាប័ន MPI បានបញ្ជាក់ថាម្ចាស់ជ័យលាភីឆ្នាំ២០២៤ Mahra Lutfi នឹងមកប្រទេសកម្ពុជាសម្រាប់ការផ្ទេរមកុដផងដែរបន្ទាប់ពីមានការព្រួយបារម្ភថាម្ចាស់មកុដអាចនឹងមិនអាចធ្វើដំណើរមកបានដោយសារតែជម្លោះនៅមជ្ឈឹមបូព៌ា៕










