ជាតារាចម្រៀងស្រីម្នាក់ដែលរងនូវការបំបាក់ទឹកចិត្តច្រើនរាប់មិនអស់នៅក្នុងវិស័យសិល្បៈក្នុងនាមជារៀមច្បងតារាចម្រៀង ឱក សុគន្ធកញ្ញា បានលើកទឹកចិត្ត ទេព បូព្រឹក្ស នៅលើឆាកតន្រ្តី។ សកម្មភាពនេះជំរុញឱ្យ ទេព បូព្រឹក្ស ជ្រួលជ្រាបយ៉ាងខ្លាំង។
កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយតារាចម្រៀង ឱក សុគន្ធកញ្ញា បានឡើងបកស្រាយបទចម្រៀងមានចំណងជើងថា «ព្រោះគេមិនមែនយើង» ។ បន្ទាប់ពីបកស្រាយបទចម្រៀងនេះរួចអ្នកនាង ឱក សុគន្ធកញ្ញា បានផ្ញើជូនបទចម្រៀងនេះទៅកាន់មនុស្សគ្រប់គ្នាដែលធ្លាប់ជួបបញ្ហា ធ្លាប់ត្រូវបានគេមើលងាយ ឆ្លងកាត់ឧបសគ្គជាច្រើនហើយគេនៅតែមើលមិនឃើញ។

ទន្ទឹមនឹងនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្ញើជូនទៅកាន់ ទេព បូព្រឹក្ស ហើយបង្ហាញការលើកទឹកចិត្តថានឹងនៅតែគាំទ្រ នៅពីក្រោយខ្នងគ្រប់ពេលវេលា និងបន្តផ្តល់កម្លាំងចិត្តឱ្យ ទេព បូព្រឹក្ស រឹងមាំ។ បន្ទាប់ពីឃើញរៀមច្បងផ្តល់កម្លាំងចិត្ត លើកទឹកចិត្តបែបនេះ ទេព បូព្រឹក្ស បាននិយាយថានាងមើលវីដេអូនោះហើយរលីងរលោងទឹកភ្នែក និង បានអរគុណមកកាន់អ្នកនាង ឱក សុគន្ធកញ្ញា។

នៅក្នុងថ្ងៃប្រគំតន្រ្តីនោះ ទេព បូព្រឹក្ស ក៏បាននិយាយទាំងទឹកភ្នែកនៅលើឆាក ពីពាក្យក្នុងចិត្តនាង និង ជី ដេវីត តែងតែទទួលបានពាក្យរិះគន់ថាបំផ្លាញវប្បធម៌ ជាអ្នកចម្រៀងបែកស្លុយ។ នាងបានចាប់ផ្តើមលាយសហសម័យតាំងពីលោក កៅ សីហា មានជីវិតហើយក៏ត្រូវគេជេរទក់សាច់ជាងគេ។ ជុំវិញភាពចម្រូងចម្រាសរយៈពេលចុងក្រោយនេះគឺដោយសារតែមានការចោទប្រកាន់ថា ទេព បូព្រឹក្ស យកវប្បធម៌មកធ្វើជាអាជីពកម្ម។ ក្រោយមកការសម្តែងរបស់តារាចម្រៀងរូបនេះលែងបន្តលាយសិល្បៈបុរាណ ខណៈការសម្តែងនៅក្រៅប្រទេសនាខែមេសា អាចជាការសម្តែងចុងក្រោយរបស់នាងដែលបង្ហាញពីសិល្បៈបុរាណខ្មែរ៕










