វេទិកាផ្ញើសារ Telegram កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោក ដោយប្រទេសជាច្រើនកំពុងពិចារណាលើការរឹតបន្តឹង ឬបិទដំណើរការកម្មវិធីនេះនៅក្នុងប្រទេសរបស់ពួកគេតែម្ដង ខណៈដែលរុស្ស៊ីដែលជាប្រទេសគ្រប់គ្រងលើកម្មវិធីនេះផ្ទាល់ ក៏មានគម្រោងបិទផងដែរនៅដើមខែមេសាខាងមុខ ដោយចោ.ទប្រកាន់វាថាមានកម្រិតការពារសុវត្ថិភាពទាបសម្រាប់អ្នកប្រើប្រាស់ និងបម្រើជាជម្រកសម្រាប់ក្រុមឧក្រិដ្ឋជន។.jpg)
យោងតាមរបាយការណ៍ដែលដកស្រង់ពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី The Moscow Times បានឲ្យដឹងថា Telegram ត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងដើម្បីរៀបចំការបោកប្រាស់ ចែកចាយខ្លឹមសារខុសច្បាប់ និងសម្របសម្រួលប្រតិបត្តិការឧក្រិដ្ឋកម្ម។ ដោយសារតែកម្មវិធីនេះផ្តល់នូវមុខងារឯកជនភាពដ៏រឹងមាំ អាជ្ញាធររុស្ស៊ីអះអាងថា វាបានក្លាយជាឧបសគ្គដ៏ធំសម្រាប់ភ្នាក់ងារស៊ើបអង្កេតក្នុងការអនុវត្តច្បាប់លើការត្រួតពិនិត្យសកម្មភាពគួរឱ្យសង្ស័យរបស់អ្នកប្រើប្រាស់ទុច្ចរិត។
គិតត្រឹមដើមឆ្នាំ 2026 ប្រទេសជាច្រើនបានសម្រេចបិទវេទិកានេះទាំងស្រុង ខណៈពេលដែលប្រទេសផ្សេងទៀតកំពុងអនុវត្ត “ការរឹតបន្តឹងជាដំណាក់កាល” ឬបញ្ហាប្រឈមផ្នែកច្បាប់ដើម្បីបង្ខំឱ្យអនុលោមតាមច្បាប់ក្នុងស្រុក។ នៅក្នុងប្រទេសចិន អ៊ីរ៉ង់ និង ប៉ាគីស្ថាន កម្មវិធី Telegram ត្រូវបានរដ្ឋាភិបាលបិទលែងឲ្យប្រប្រាស់ជាអចិន្រ្តៃយ៍ ខណៈនៅក្នុងបណ្ដារប្រទេសជាច្រើនផ្សេងទៀត វាត្រូវបានណែនាំឲ្យប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងមានការរឹតបន្តឹង។.jpg)
ងាកមកកាន់ប្រទេសរុស្ស៊ីដែលជាមូលដ្ឋានដើមរបស់ Telegram បានឲ្យដឹងថា ក្រោយការចាប់ខ្លួនរបស់លោក Pavel Durov ស្ថាបនិក Telegram លើការចោទប្រកាន់ពីបទជួយផ្ដល់ទិន្នន័យដល់ជនបរទេស និងញុះញង់អំពើភេរវកម្ម ប្រទេសរុស្ស៊ីមានគម្រោងបិទកម្មវិធីនេះចោលទាំងស្រុងតែម្ដង ខណៈដែលប្រភពជិតស្និតនឹងរដ្ឋាភិបាលបានបញ្ជាក់ពីបញ្ហានេះថា Telegram អាចត្រូវបានបិទលែងឲ្យចូលទៅប្រើប្រាស់បាននៅក្នុងប្រទេសរុស្ស៊ីចាប់ពីដើមខែមេសាខាងមុខនេះតទៅ។
ទោះបីជាមានសម្ពាធខ្លាំងបែបនេះក៏ក្ដី Telegram នៅតែជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតមួយ ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់នៅទូទាំងពិភពលោក។ អ្នករិះគន់នឹងសេចក្ដីសម្រេចបិទ Telegram បាននិយាយថា ការហាមឃាត់វេទិកានេះនឹងរឹតត្បិតទំនាក់ទំនង និងសេរីភាពរបស់មនុស្សក្នុងការបញ្ចេញមតិ ខណៈដែលអ្នកគាំទ្រចលនានេះអះអាងថា បទប្បញ្ញត្តិដ៏រឹងមាំនេះគឺចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕










