Home ព័ត៌មានអន្តរជាតិ ហេតុអ្វីចិនមិនលូកដៃជួយអ៊ីរ៉ង់ធ្វើសង្គ្រា.មប្រឆាំងអាមេរិក និងអ៊ីស្រាអែល?

ហេតុអ្វីចិនមិនលូកដៃជួយអ៊ីរ៉ង់ធ្វើសង្គ្រា.មប្រឆាំងអាមេរិក និងអ៊ីស្រាអែល?

16
0

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានវិភាគពីសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ា តើមានមូលហេតុអ្វីខ្លះនៅពីក្រោយខ្នង ទើបចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អ៊ីរ៉ង់ ហើយប្រទេសទាំងពីរថែមទាំងមានទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយគ្នាយូរអង្វែង បែរជាចិនមិនបញ្ជូនកងទ័ពទៅជួយអ៊ីរ៉ង់ធ្វើសង្គ្រា.មជាមួយអាមេរិក និងអ៊ីស្រាអែល ដោយគ្រាន់តែអំពាវនាវឱ្យភាគីជម្លោះទាំងអស់បញ្ចប់សង្គ្រា.ម និងងាកមកចរចា ។

សារព័ត៌មានដ៏ល្បីរបស់អាមេរិក Forbes បានផ្សព្វផ្សាយបទវិភាគដោយចោទសួរពីគោលជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ជាពិសេស បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz គឺជាទីតាំងយុទ្ធសាស្ត្រសម្រាប់ថាមពលលើពិភពលោក ។ ការបិទច្រកសមុទ្រនេះកាន់តែធ្វើឱ្យស្ថានការណ៍នៅឧបទ្វីបអារ៉ាប់តានតឹងខ្លាំងឡើង និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈលើពិភពលោកប្រែប្រួលភ្លាមៗ ពីព្រោះជាច្រកឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងអន្តរជាតិ ។

ការបិទច្រកសមុទ្រ Hormuz មិនមែនប៉ះពាល់ត្រឹមតែដល់តម្លៃប្រេងឥន្ធនៈ និងថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ចិនដោយផ្ទាល់ផងដែរ ដោយសារចិនត្រូវពឹងផ្អែកលើប្រេងឥន្ធនៈដែលដឹកជញ្ជូនតាមច្រកនេះ ប្រមាណ៣៧% ។ ប្រទេសនានាមើលឃើញថា ចិនគួរតែបង្ហាញប្រតិកម្មខ្លាំងជាងនេះ ជាជាងគ្រាន់តែបង្ហាញការព្រួយបារម្ភសង្គ្រាមនៅមជ្ឈិមបូព៌ា និងអំពាវនាវឱ្យដោះស្រាយបញ្ហាតាមការទូត គឺចិនមិនលូកដៃក្នុងសង្គ្រាមដោយសារការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជារក្សាសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ។

បើទោះជាចិនបានធ្វើកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់រយៈពេលវែងក៏ដោយ ប៉ុន្តែគោលជំហររបស់ចិនគ្រាន់តែអំពាវនាវឱ្យគ្រប់ភាគីជម្លោះបញ្ចប់សង្គ្រាម និងជំរុញឱ្យការចរចា ហើយចិនថែមទាំងបញ្ជាក់ថា នឹងគាំទ្រស្ថិរភាពក្នុងតំបន់ ។ ការអំពាវនាវរបស់ចិនត្រូវបានចាត់ទុកថា គឺជាគោលជំហរដ៏ប្រុងប្រយ័ត្នបំផុត ។

គោលជំហររបស់ចិនក៏ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្មុគស្មាញជាមួយរដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ផងដែរ ដោយអ្នកវិភាគយល់ថា ចិនផ្តល់អាទិភាពលើការចៀសវាងហានិភ័យជាជាងការប្រឈមមុខគ្នា ។ ចិនមិនបានសន្យាបញ្ជូនកងទ័ពមកជួយការពារអ៊ីរ៉ង់ទេ បើទោះជាចិនទទួលបានផលប្រយោជន៍ថាមពលក៏ដោយ ។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ត្រូវបានចាត់ទុកជាការលើកឡើងបែបការទូតច្រើនជាងការបញ្ជូនកងទ័ពមកចូលរួមសង្គ្រាម ពីព្រោះចិនគ្មានគោលជំហរលូកដៃក្នុងជម្លោះដែលកំពុងតែឡើងកំដៅទេ ។

សារព័ត៌មាន Forbes កត់សម្គាល់ទៀតថា ភាពស្ទាក់ស្ទើររបស់ចិនអាចឆ្លុះបញ្ចាំងពីសមត្ថភាពកងទ័ពចិនមានកំណត់ ហើយប្រព័ន្ធការពារដែនអាកាសដែលអ៊ីរ៉ង់កំពុងតែប្រើប្រាស់បំពាក់ដោយបច្ចេកវិទ្យាចិន ហើយត្រូវបានបំផ្លាញតាំងពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ថ្ងៃដំបូងម៉្លេះ ។

ជាងនេះទៅទៀត ប្រព័ន្ធការពារដែនអាកាសដែលចិនប្រគល់ឱ្យអ៊ីរ៉ង់ មិនមែនជាប្រព័ន្ធទំនើបបំផុត ទើបអ៊ីរ៉ង់មិនអាចទប់ទល់នឹងអាវុធរបស់អាមេរិក និងអ៊ីស្រាអែល ដែលមានបច្ចេកវិទ្យាទំនើបជាង ។ ស្ថានការណ៍នេះធ្វើឱ្យមានការចោទសួរពីគុណភាពសម្ភារៈកងទ័ពចិន និងភាពល្បីល្បាញរបស់អាវុធចិននៅលើពិភពលោក ។

ចុងក្រោយ ការវិភាគបានសន្និដ្ឋានថា ប្រសិនចិនសម្រេចចិត្តចូលរួមធ្វើប្រតិបត្តិការកងទ័ពក្នុងសង្គ្រាមដោយផ្ទាល់ ហើយសម្ភារៈកងទ័ពចិនគ្មានប្រសិទ្ធភាពនៅចំពោះមុខអន្តរជាតិ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់កងទ័ពចិនខ្លួនឯង និងអាចប៉ះពាល់យុទ្ធសាស្ត្ររយៈពេលវែង ជាពិសេស ពេលរដ្ឋាភិបាលទីក្រុងប៉េកាំងចង់បង្ហាញសមត្ថភាពកងទ័ពខ្លួន ប្រសិនបើមានហេតុការណ៍កើតឡើងចំពោះតៃវ៉ាន់នាថ្ងៃអនាគត ៕