រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទស្សនិកជនមិនអាចបដិសេធបានទេថា ទេព ពិសិដ្ឋ បានដុសខាត់សមត្ថភាពរបស់ខ្លួនឯងកាន់តែខ្លាំងនិងមានបទចម្រៀងក្តោបក្តាប់ទីផ្សារជាច្រើនបទ។ ទន្ទឹមនឹងប្រឡូកក្នុងអាជីពសិល្បៈចាប់តាំងពីវ័យក្មេងរហូតមកដល់ពេលនេះ ទេព ពិសិដ្ឋ បានរៀបរាប់ពីអារម្មណ៍របស់ខ្លួននិងសម្តែងការដឹងគុណចំពោះរៀមច្បងដែលតែងតែលើកទឹកចិត្តរូបគេ។

ដុះពន្លកចេញពីកម្មវិធី The Voice Kids Cambodia រដូវកាលទី២ ក្នុងនាមជាម្ចាស់ពាន ទេព ពិសិដ្ឋ បានរកឃើញពណ៌សម្រាប់ខ្លួនឯងបន្តិចម្តងៗដោយធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ច្រើនតាមរយៈបទ « HOMETOWN», «MONEY»នៅក្នុងផលិតកម្មរស្មីហង្សមាស។ ក្រោយមក ទេព ពិសិដ្ឋ បានក្តោបឱកាសទីផ្សារតាមរយៈបទ «20 Out Now» នៅក្នុងឆាណែលយូធូបផ្ទាល់ខ្លួន។ ពីពេលនោះមកសំឡេងរបស់ ទេព ពិសិដ្ឋ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ 
ឆ្លងកាត់ក្នុងអាជីពសិល្បៈជាច្រើនឆ្នាំមកនេះ ទេព ពិសិដ្ឋ ស្រាប់តែបង្ហោះសារអរគុណដល់រៀមច្បងនៅរសៀលថ្ងៃទី៤ ខែមីនា នេះថា «ចាប់ផ្ដើមតាំងពីថ្ងៃដំបូងខ្ញុំបានដើរចូលវិស័យមួយនេះ ខ្ញុំបានតាំងចិត្តថានឹងខំប្រឹងទោះថ្ងៃមុខទៅខ្ញុំត្រូវជួបនឹងបញ្ហាអ្វីក៏ដោយ ក៏ខ្ញុំនឹងមិនបោះបង់ក្ដីស្រមៃមួយនេះឡើយ។ ពេលនោះខ្ញុំពិតជាឯកា ត្រូវការអ្នកពិភាក្សា ត្រូវការអ្នកលើកទឹកចិត្តណាស់ តែចៃដន្យអ្វីខ្ញុំក៏អាចមានឱកាសបានទទួលការផ្ដល់ដំបូន្មានល្អៗពី រាមច្បងនៅក្នុងវិស័យ ខ្ញុំមានអារម្មណ៍ថាពួកគាត់បានធ្វើឱ្យខ្ញុំមានអាម្មណ៍ថាឈប់ឯកា អាចពិភាក្សាបានហើយចាំលើកទឹកចិត្តខ្ញុំជានិច្ច»។

ម្ចាស់បទ «លក្ខិណា» បានសម្តែងការអរគុណនិងដឹងគុណដល់រៀមច្បងជាខ្លាំង ដោយសន្យាថាត្រឡប់មកវិញនឹងបំពេញការងារឱ្យបានល្អនិងមិនឱ្យរៀមច្បងខកបំណងឡើយ។ ទោះបីជា ទេព ពិសិដ្ឋ មិនបានបញ្ចេញឈ្មោះរៀមច្បងចំៗក្តីប៉ុន្តែអ្នកគាំទ្រមើលឃើញថា ទេព ពិសិដ្ឋ ជាមនុស្សដឹងគុណនិងត្រងត្រាប់ស្តាប់ដំបូន្មានរបស់រៀមច្បងដើម្បីយកពាក្យលើកទឹកចិត្តទាំងនោះមកអភិវឌ្ឍន៍ខ្លួន៕










