នៅល្ងាចថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ នេះ ប្រជាជនកម្ពុជានឹងមានឱកាសបានទស្សនានូវបាតុភូតតារាសាស្ត្រដ៏កម្រមួយ នោះគឺ “ចន្ទគ្រាសពេញវង់” ឬដែលខ្មែរយើងខ្លះតែងនិយមហៅថា “រាហ៊ូចាប់ចន្ទ”។ យ៉ាងណាមិញ នៅក្នុងអំឡុងពេលដែលមានព្រឹត្តិការណ៍នោះមានរឿង ៤យ៉ាង ដែលចាស់ពីដើមតែងប្រាប់កូនចៅតៗគ្នាកុំឲ្យធ្វើដាច់ខាត បើមិនចង់នាំគ្រោះចង្រៃដល់ខ្លួនឯងនិងក្រុមគ្រួសារ។
យោងតាមការចែករំលែករបស់លោកគ្រូចិនសែ ម៉ុង តាមរយៈផេកហ្វេសប៊ុក «ហុងស៊ុយ» បានឲ្យដឹងថា តំណម ៤ យ៉ាងដែលចាស់ៗតែងហាមកូនចៅឲ្យជៀសវាងពេលមានបាតុភូតរាហ៊ូចាប់ចន្ទ ឬចន្ទគ្រាស មានដូចជា៖
1/ ហាមកុំឲ្យស្ដ្រីមានផ្ទែពោះ ចេញក្រៅផ្ទះ ឬឈរសំលឹងបាតុភូតនេះ
2/ ហាមសម្លា.ប់សត្វ ព្រោះអាចនាំឲ្យឥទ្ធិពលអពមង្គល កាន់តែខ្លាំង ជាពិសេសបាបកម្ម តាមសងសឹកកាន់តែសាហាវ
3/ ការចេញដំណើរឆ្ងាយៗ តែម្នាក់ឯងគួរប្រយ័ត្នឲ្យបានខ្ពស់បំផុត
4/ កុំខឹង កុំធ្វើចិត្តឲ្យឆេវឆាវ ត្រូវធ្វើចិត្តឲ្យត្រជាក់
តាមទំនៀមខ្មែរពីបុរាណ មនុស្សជាច្រើនជឿថា ស្ដ្រីដែលមានផ្ទៃពោះកាលបើប្រទះលើថ្ងៃមានគ្រាស ត្រូវឲ្យយកអកកំបោរមកដក់នឹងថ្នក់ ជាដំណើរអបទេសថា ឲ្យគ្រាសកន្លងអកកំបោរចុះ កុំឲ្យកន្លងកូនក្នុងឧទរ; ហើយបើមានគ្រឿងផ្ទះថ្មីដែលនៅមិនទាន់បានសង់ ឬ ដែលកំពុងសង់នៅមិនទាន់ហើយ, កាលបើមានគ្រាស, ត្រូវឲ្យយកស្បូវភ្លាំងមកចងនឹងបង្គោល ឬ ដាក់លើគ្រឿងផ្ទះ ឬ ក៏ចងនឹងមេដំបូលផ្ទះថ្មីនោះ កុំឲ្យគ្រាសកន្លង ដោយយល់តាមរឿងរ៉ាវពីព្រេងនាយថា រាហូអសុរិន្ទ ខ្លាចស្បូវភ្លាំងណាស់។
ទោះជាយ៉ាងណា ផេក «ហុងស៊ុយ» របស់លោកគ្រូចិនសែ ម៉ុង ក៏បានគូសបញ្ជាក់ផងដែរថា បើធៀបរវាង សូរ្យគ្រាស និងចន្ទ្រគ្រាស ! ចន្ទ្រគ្រាស មិនអាក្រក់ខ្លាំងដូចសូរ្យគ្រាសនោះទេ។
គួរបញ្ជាក់ថា បើទោះជាជំនឿលើតំណមខាងលើមិនមានភ័ស្តុតាងបែបវិទ្យាសាស្រ្តមកបញ្ជាក់ថាវាអាចទៅរួច ឬជាការពិតយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្នុងសង្គមរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន នៅតែមានអ្នកមួយចំនួនប្រណិបត្តិតាមជារឿយៗ ដោយពួកគេយល់ឃើញថា ការធ្វើតាមតំណមនេះមិនខាតបង់អ្វីឡើយ ណាមួយការប្រុងប្រយ័ត្នឲ្យបានច្រើនក៏ជារឿងល្អ ព្រោះវាអាចបញ្ជៀសយើងពីគ្រោះថ្នា.ក់ជាយថាហេតុណាមួយផងដែរ៕










