ពិតជាមានដុងសិល្បៈណាស់ក្មួយស្រីរបស់តារាចម្រៀង លីន សោម៉ា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនបន្ទាប់ពីនាងតូចច្រមក់នេះអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ។ ទោះយ៉ាងណា សោម៉ា បានបញ្ជាក់ថាក្មួយរបស់នាងមិនមែនកាត់រកនាងនោះទេគឺកាត់រកឪពុក។
នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ បានបង្ហោះវីដេអូមួយជាមួយនឹងក្មួយស្រីដែលជាកូនពន្លកត្រកូល «លីន»។ សោម៉ា និងក្មួយស្រី លីន ចាន់ដាលីស បានបកស្រាយបទចម្រៀងមានចំណងជើងថា «ប្រុសព្រានស្នេហា» ពីសំនៀងដើម អ្នកស្រីញ៉ឹប ដាវី ។ វីដេអូមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សអមមកជាមួយនឹងមតិកោតសរសើរជាច្រើនជាពិសេសគឺមកកាន់ក្មួយស្រីរបស់ លីន សោម៉ា តែម្តង។
សន្ទុះនៃការគាំទ្រនេះ តារាចម្រៀងក្នុងទ្រនំហង្សមាសបានបញ្ជាក់ថាក្មួយរបស់នាងមិនមែនកាត់មករកនាងជាអ៊ីនោះទេប៉ុន្តែគឺកាត់តាមឪពុកដែលមានឈ្មោះថា លីន ចាន់ចាវ ហើយក្មួយរបស់នាងចេះច្រៀងតាំងពីអាយុ២ខួបមកម្ល៉េះ។ គួរឱ្យដឹងថាវីដេអូរបស់ លីន សោម៉ា និងក្មួយស្រី លីន ចាន់ដាលីស បកស្រាយចម្រៀងពីដើមនេះមានអ្នកចូលទស្សនជិត២លានដងគិតត្រឹមម៉ោង២រសៀលថ្ងៃទី២០ ខែកុម្ភៈ។

មែនទែនទៅ លីន សោម៉ា និងបងប្រុស លីន ចាន់ចាវ ធ្លាប់បានចេញបទចម្រៀងជាមួយគ្នាផងដែរខណៈឪពុករបស់ ចាន់ដាលីស ក៏ធ្លាប់ច្រៀងនៅតាមកម្មវិធីមួយចំនួនផងដែរ។ នេះបញ្ជាក់ឱ្យទស្សនិកជនឃើញថាគ្រួសាររបស់ លីន សោម៉ា គឺពិតជាមានឈាមសិល្បៈពេញទំហឹងតែម្តង៕










