ស្នេហារវាងហ្វេនទៅកាន់អាយដលបានបង្កឱ្យមានរឿងវែងឆ្ងាយអស់ពីរឿងមួយចូលរឿងមួយរហូតដល់ តារាចម្រៀង សុខ ពិសី ត្រូវចេញមកបកស្រាយ ខណៈ កាក់ ក៏ចេញវីដេអូបន្ថែមទៀតដោយបញ្ជាក់ថាលោកនឹង សុខ ពិសី គឺមិនមានបញ្ហានឹងគ្នាឡើយរាប់អានគ្នាធម្មតាណាស់តែហ្វេនៗប៉ុណ្ណោះដែលមានការជេរប្រមាថប្រកែកគ្នាមិនចេះចប់។

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ អ្នកបង្កើតមាតិកា កាក់ បានចេញវីដេអូមួយដោយនិយាយថាគ្រប់យ៉ាងសុទ្ធតែមានការយល់ច្រឡំហើយហ្វេនៗមិនគួរជេរលោក នីកូ និងដាក់បន្ទុកដល់ សុខ ពិសី នោះទេ។ កាក់ថា លោក នីកូ មិនខុសនោះទេពីព្រោះនោះគឺជាការងាររបស់គាត់ហើយលោកក៏មិនបានឈឺចិត្តស្អិតទ្រូងលើរឿងនេះដែរ ខណៈ សុខ ពិសី ក៏មិនខុសដូចគ្នាគឺគាត់មិនបានផ្តល់ក្តីសង្ឃឹមឱ្យលោកដូចគ្នាប៉ុន្តែខ្លួនលោកទៅវិញនោះទេដែលផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង។
កាក់ បន្តថាតាំងពីដើមឡើយលោកមិនអាចបង្ខំ សុខ ពិសី បានទេហើយតារាចម្រៀងរូបនេះបានទុកលោកប្រៀបដូចជាប្អូនប្រុស ហើយបាននិយាយថាបើស្រលាញ់គាត់ ស្រលាញ់ឱ្យដូចជាបងស្រី។ កាក់ ថាលោកនិងសុខ ពិសី គឺធម្មតាមិនមានរឿងអ្វីត្រូវឈ្លោះគ្នាទេ ឈ្លោះតែអ្នកគាំទ្រ ហើយនៅពេលឃើញមានការឈ្លោះប្រកែកគ្នាកាប់ចាក់គ្នាក្នុងខម្មិនលោកក៏ណែនទ្រូងដូចគ្នា។ អ្នកបង្កើតមាតិការរូបនេះលើកឡើងទៀតថា មានផេកភីអ៊ីមួយចំនួនបានយកលោកទៅបង្ហោះបន្តបង្កឱ្យមានការយល់ច្រឡំហើយក៏មានការជេរប្រមាថមកកាន់លោកផងដែរ។
កាក់ បានទទួលស្គាល់ថាលោកពិតជាស្រលាញ់តារាចម្រៀង សុខ ពិសី មែនទែនមិនមែនជាការសម្តែងប៉ុន្តែគាត់មិនបានស្រលាញ់លោកគឺជារឿងគាត់ ប៉ុន្តែបែរជាគាត់ទៅជាអ្នកខុសទៅវិញដែលធ្វើឱ្យលោកជាអ្នកតាមស្រលាញ់មានអារម្មណ៍ថាខុស។ កាក់ បានស្នើសុំឱ្យហ្វេនៗកុំដាក់សម្ពាធដល់តារាចម្រៀង សុខ ពិសី ទោះបីជាគាត់ស្រលាញ់អ្នកណាក៏ដោយជារឿងរបស់គាត់៕










