ក្រោយសមរភូមិយោធាត្រូវបានបញ្ចប់! សមរភូមិការទូត និងការប្រមូលឯកសារទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និង ថៃ កំពុងទទួលបានការចាប់អារម្មណ៍សារជាថ្មី ខណៈសារព័ត៌មានអន្តរជាតិល្បីៗកាលពីពេលថ្មីៗនេះបានលើកឡើងពីជំហានដ៏សំខាន់របស់កម្ពុជាក្នុងការស្នើសុំប្រទេសបារាំងដែលជាអតីតអាណាព្យាបាលឲ្យផ្ដល់ជំនួយជាឯកសារ និងផែនទីដើម ដើម្បីដោះស្រាយវិវាទជាមួយភាគីថៃ។

ផ្អែកតាមការចេញផ្សាយរបស់ទីភ្នាក់ងារ DW របស់អាល្លឺម៉ង់ និង France 24 របស់បារាំងបានឲ្យដឹងថា ឯកសារប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ធនឹងការកំណត់ខ្សែបន្ទាត់ព្រំដែនដែលមានអាយុកាលរាប់រយឆ្នាំ បានក្លាយជាចំណុចដ៏ក្ដៅគគុកនៃសមរភូមិការទូតរវាងក្រុងភ្នំពេញ និងក្រុងបាងកក ខណៈស្ថាប័នសារព័ត៌មានអន្តរជាតិទាំងនេះ ផ្តោតសំខាន់លើការស្នើសុំដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមអត្ថបទដែលចុះផ្សាយទីភ្នាក់ងារ DW កម្ពុជាបានស្នើសុំជំនួយជាផ្លូវការពីបារាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះព្រំដែនដ៏យូរអង្វែងជាមួយប្រទេសថៃ ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីក្រុងភ្នំពេញសម្រាប់ដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីដើមខែនេះ ដោយស្វែងរកការចូលមើលផែនទីសម័យអាណានិគម និងឯកសារព្រំដែនប្រវត្តិសាស្ត្រ ដែលត្រូវបានគូរជាលើកដំបូងនៅពេលដែលបារាំងគ្រប់គ្រងកម្ពុជាជាអាណាព្យាបាលពីឆ្នាំ 1863 ដល់ឆ្នាំ 1953។
.jpg)
កត្តាដែលជំរុញឲ្យសំណើររបស់កម្ពុជាក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍សម្រាបអន្តរជាតិ គឺដោយសារតែកម្ពុជាបានបង្ហាញចេតនារបស់ខ្លួនក្នុងការស្វែងរកការបំភ្លឺបន្ថែមពីតុលាការយុត្តិធម៌អន្តរជាតិ និងបានលើកឡើងពីការព្រួយបារម្ភនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលផ្ទុយស្រឡះពីប្រទេសថៃ ដែលតែងសង្កត់ធ្ងន់ជាសាធារណៈលើចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការចរចាទ្វេភាគី ដោយមិនចង់បានការសម្របសម្រួលពីភាគីទីបី , ទាមទារប្រើប្រាស់ផែនទីខ្នាត 1:50,000 ដែលគូសដោយខ្លួនឯង និងបដិសេធផែនទីដែលផលិតដោយបារាំងខ្នាត 1:200,000 យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1907។
.jpg)
អ្នកវិភាគបរទេសយល់ឃើញថា តាមរយៈការទាញបញ្ហានេះទៅកាន់ទីក្រុងប៉ារីស កម្ពុជាកំពុងព្យាយាម «បញ្ជាក់ពីភាពស្របច្បាប់» នៃឯកសារប្រវត្តិសាស្ត្រទាំងនេះ ដែលជាជំហានដ៏មានឥទ្ធិពល ប្រសិនបើបញ្ហានេះត្រូវបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕
Home ព័ត៌មានអន្តរជាតិ អន្តរជាតិចាប់អារម្មណ៍លើជំហានរបស់កម្ពុជា ក្នុងការស្នើសុំជំនួយឯកសារនិងផែនទីដើមពីបារាំង









