ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែក្តៅ អណ្តាតភ្លើងនៃសង្គ្រា.មអាចនឹងឆេះឡើងនាពេលដ៏ឆាប់ៗនេះហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូននាវាចំបាំងដ៏ធំមួយថែមទៀតទៅកាន់មជ្ឈិមបូព៌ា ដែលជាសារឆ្លើយតបទៅនឹងប្រទេសអ៊ីរ៉ង់ ថាកុំចង់ខ្លាំងជាមួយអាមេរិក ។ 
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យបញ្ជូននាវាចម្បាំងផ្ទុកយន្តហោះដ៏ធំបំផុតលើពិភពលោក ចំនួន១គ្រឿងទៀតឈ្មោះ USS Gerald R Ford ទៅចូលរួមប្រតិបត្តិការជាមួយនាវាចម្បាំង USS Abraham Lincoln នៅមជ្ឈិមបូព៌ាដើម្បីបង្កើនការដាក់សម្ពាធអ៊ីរ៉ង់ ខណៈមន្ត្រីអាមេរិក២រូបថា នេះជាសញ្ញាឱ្យកងទ័ពអាមេរិកត្រៀមខ្លួនវាយប្រ.ហារអ៊ីរ៉ង់ពេលទទួលបញ្ជា ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ USS Gerald R Ford ជានាវាចម្បាំងផ្ទុកយន្តហោះដ៏ធំបំផុតលើពិភពលោក នឹងចូលរួមប្រតិបត្តិការជាមួយនាវាចម្បាំង USS Abraham Lincoln ដែលអាមេរិកបានបញ្ជូនទៅមជ្ឈិមបូព៌ាមុនគេដើម្បីដាក់សម្ពាធអ៊ីរ៉ង់ ។ មន្ត្រីអាមេរិក២រូបបានបង្ហើបប្រាប់សារព័ត៌មាន Reuters ថា មេដឹកនាំអាមេរិកកំពុងពិចារណាបើកការវាយប្រហារអ៊ីរ៉ង់ ។
.jpg)
កាលពីថ្ងៃទី១៣ ខែកុម្ភៈ នាវាចម្បាំង USS Gerald R Ford បានធ្វើដំណើរចាកចេញពីសមុទ្រការាបៀនឆ្ពោះទៅមជ្ឈិមបូព៌ា ដើម្បីចូលរួមប្រតិបត្តិការជាមួយនាវា USS Abraham Lincoln ជានាវាចម្បាំងផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ។ នាវាចម្បាំង USS Gerald R Ford នឹងចំណាយពេលធ្វើដំណើររយៈពេល៣សប្តាហ៍ ទើបទៅដល់គោលដៅ ដែលមានកងទ័ពអាមេរិកលើនោះរាប់ពាន់នាក់ ព្រមទាំងមានយន្តហោះចម្បាំង នាវាពិឃាតបំពាក់មីស៊ីល និងអាវុធជាច្រើន ។.jpg)
ការបញ្ជូននាវាចម្បាំង២គ្រឿងទៅមជ្ឈិមបូព៌ា បន្ទាប់ពីលោកប្រធានាធិបតី Trump ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Axios ក្រោយថ្ងៃទី១០ ខែកុម្ភៈ ថា កំពុងពិចារណាបញ្ជូននាវាចម្បាំងដ៏ធំមួយទៀតទៅមជ្ឈិមបូព៌ា ប៉ុន្តែពេលនេះ លោកមើលឃើញអ៊ីរ៉ង់តាំងចិត្តធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។ កាលពីថ្ងៃទី១២ ខែកុម្ភៈ សារព័ត៌មានអាមេរិករាយការណ៍ថា នាវាចម្បាំង USS Gerald R Ford ធ្វើដំណើរទៅមជ្ឈិមបូព៌ា គឺ១ថ្ងៃក្រោយបន្ទាប់ពីលោកប្រធានាធិបតី Trump ចរចាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីបញ្ហាអ៊ីរ៉ង់ ។
មន្ត្រីអាមេរិក២រូបបង្ហើបប្រាប់សារព័ត៌មាន Reuters ថា កងទ័ពអាមេរិកកំពុងត្រៀមខ្លួនវាយប្រហារអ៊ីរ៉ង់ ពេលទទួលបញ្ជាពីលោកប្រធានាធិបតី Trump ។ ប៉ុន្តែមន្ត្រីអាមេរិកទាំង២រូបមិនប្រាប់អត្តសញ្ញាណរបស់ខ្លួន ដោយសារស្ថានការណ៍ផុយស្រួយ ហើយការវាយប្រហារអ៊ីរ៉ង់អាចធ្វើឱ្យប្រទេសទាំងពីរមានជម្លោះធ្ងន់ធ្ងរខ្លាំងជាងមុន ម្យ៉ាងទៀត ផែនការវាយប្រហារអ៊ីរ៉ង់លើកនេះស្មុគស្មាញ ។ បើអាមេរិកវាយប្រហារអ៊ីរ៉ង់ នឹងផ្តោតលើគោលដៅស្ថាប័នរដ្ឋ និងកងទ័ពអ៊ីរ៉ង់ មិនមែនផ្តោតតែលើហេដ្ឋារចនាសម្ព័ន្ធទេ ។
កន្លងមក អាមេរិក និងអ៊ីរ៉ង់ បានព្យាយាមចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយអ៊ីរ៉ង់យល់ព្រមគ្រប់គ្រងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដើម្បីឱ្យអាមេរិកបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ប៉ុន្តែអ៊ីរ៉ង់បដិសេធសំណើផ្សេងទៀត ។ រីឯអ៊ីស្រាអែលទាមទារឱ្យអ៊ីរ៉ង់កំណត់គម្រោងមីស៊ីសរយៈចម្ងាយឆ្ងាយ និងឈប់គាំទ្រក្រុម Hezbollah (ជាអង្គការនយោបាយ សង្គម និងកងទ័ពមូស្លីម ដែលស្ថិតក្រោមការគាំទ្ររបស់អ៊ីរ៉ង់ ពេលអ៊ីស្រាអែលដណ្តើមគ្រប់គ្រងប្រទេស Lebanon កាលពីឆ្នាំ១៩៨០) ។.jpg)
ថ្មីៗនេះ អាមេរិកបានចរចាជាមួយអ៊ីរ៉ង់នៅប្រទេសអូម៉ង់ ហើយភាគីទាំងពីរសង្ឃឹមនឹងបន្តការចរចាគ្នា ប៉ុន្តែពុំទាន់កំណត់ថ្ងៃចរចាជាផ្លូវការ ។ មន្ត្រីសេតវិមាន និងមន្ត្រីមន្ទីរបញ្ចកោណអាមេរិកមិននិយាយអ្វីពាក់ព័ន្ធនឹងអាមេរិកត្រៀមធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ខណៈលោកប្រធានាធិបតី Trump គំរាមទម្លាក់គ្រាប់បែកលើទីក្រុងតេហេរ៉ង់ បើមិនធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងមីស៊ីល ។ រីឯកងកម្លាំងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ប្រកាសត្រៀមកំទេចទីតាំងកងទ័ពអាមេរិកគ្រប់កន្លែង បើអាមេរិកហ៊ានវាយអ៊ីរ៉ង់ ៕










