យល់យ៉ាងណាដែរបងប្អូន? រូបសញ្ញា «ព្រះរាជសង្ហារជាតិ» ដែលជានិមិត្តសញ្ញាត្រាជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងឲ្យរាជានិយមកម្ពុជា ត្រូវបានបុគ្គល ឬក្រុមដែលជាប្រភពអ្នកនាំចូល និងចែកចាយយកមកព្រីនធ្វើជាស្ទីកគ័របិទលើផ្លែក្រូចដាក់លក់នៅតាមទីផ្សារតាមអំពើរចិត្ត និងថែមទាំងមានអក្សរវៀតណាមនៅពីលើនោះទៀត។
.jpg)
យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Prince Sisowath Sithiden ដែលជាព្រះញាតិវង្សានុវង្សមួយអង្គនៃសែរាជវង្សកម្ពុជា បានសរសេថា៖ មានបង បងប្អូន ប្រជាពលរដ្ឋ គាត់ដើរប្រទះឃើញ លក់តាមផ្សារ ដូច្នេះ សូមអស់លោកក្រសួងពាក់ព័ន្ធជួយពិនិត្យមើលផង មានព្រះសង្ហារ ហើយ អក្សរវៀតណាមទៀត តើនេះពិតទេ? ព្រហើន ។
.jpg)
មហាជនជាច្រើនបានចែករំលែកការបង្ហោះនេះតៗគ្នា ជាមួយនឹងការបញ្ចេញមតិយោបល់ស្រដៀងៗគ្នាថា ក្រូចនេះមិនមែនដាំដុះនៅក្នុងស្រុកនោះទេ ហើយច្បាស់ណាស់ថាជារបស់នាំចូលមកពីប្រទេសជិតខាង ប៉ុន្តែបែរជាមានបិទសញ្ញាតំណាងជាតិ និងរាជានិយមកម្ពុជានៅលើនោះទៅវិញ។ នេះអាចចាត់ទុកបានថា ជាទង្វើប្រមា.ថមា.ក់ងាយ និងមិនឲ្យតម្លៃ ដែលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃសញ្ញាជាតិទង់ជាតិ និងនិមិត្តរូបជាតិ។

ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានណែនាំដល់ពាណិជ្ជករ អាជីវករជាអ្នកលក់ចែកចាយបន្ត ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជាបណ្តោះអាសន្ន នូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាជាតិ និងព្រះរាជសង្ហារនៃព្រះរាជាណាចក្រកម្ពុជា ហើយអ្នកប្រើប្រាស់និងសាធារណជន សូមចៀសវាងការទិញនូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាខាងលើ។
បន្ថែមលើនោះ ក.ប.ប. បានបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង ដើម្បីលើកកម្ពស់តម្លៃនៃសញ្ញាជាតិទង់ជាតិ និងនិមិត្តរូបជាតិ ដែលការពារដោយច្បាប់ និងធានានូវការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ ព្រមទាំងអនុលោមភាពនៃការប្រើប្រាស់ម៉ាកសញ្ញាសម្រាប់ប្រើប្រាស់លើផលិតផល។ ជាមួយគ្នានេះដែរ ចំពោះបុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្ម និងការពិន័យយ៉ាងធ្ងន់ធ្ងរស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន៕









