អ្នកមួយចំនួនដែលប្រើបណ្តាញសង្គមមកធ្វើជាឆ្នាំងបាយគឺអាចមានភាពល្បីល្បាញ ការងារហូរចូល រកចំណូលបានច្រើនជាងមុនដោយសារភាពជឿនលឿននៃសម័យបច្ចេកវិទ្យា។ យ៉ាងណាវាក៏មិនមានផលល្អទាំងស្រុងដែរពីព្រោះសម័យអ៊ីនធឺណិតអាចបំផ្លាញយើងបានដូចគ្នា។ រៀនសូត្រពីកំហុសខ្លួនឯង ហ្វីយ៉ាតា ថាបណ្តាញសង្គមជាអាវុធមុខពីរមានទាំងល្អមានទាំងអាក្រក់។

ហ្វី យ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំត្រូវតឬចែករំលែកសំណេរនេះទៅកាន់បងប្អូនជំនាន់យើង ក៏ដូចជាក្រោយ… សូមរៀនសូត្រពីកំហុសមួយនេះ ក៏ដូចជាកំហុសរបស់ខ្ញុំផងដែរ។ បណ្តាញសង្គម មិនមែនជាគន្លឹះចម្លើយសម្រាប់គ្រប់យ៉ាងនោះទេ តែវាអាចជាថ្នាំបំពុលផ្លូវចិត្តរបស់យើងបើយើងប្រើវាដោយមិន ប្រុងប្រយ័ត្ន។ អ្វីដែលបានសរសេររៀបរាប់ខាងលើនេះ គឺពិត ១០០%។ កុំបណ្តោយឱ្យសង្គម internet មក គ្រប់គ្រង ឬបំផ្លាញជីវិតនិងការគិតល្អៗរបស់អ្នក។ កុំ គិតថាការនិយាយអាក្រក់ ឬជាន់ពន្លិចអ្នកដទៃ អាចធ្វើឱ្យអ្នកមើលទៅល្អខ្ពង់ខ្ពស់ជាងគេបានឱ្យសោះ គិតមុនគូរ »។
ការលើកឡើងរបស់ ហ្វីយ៉ាតា ខាងលើនេះកើតឡើងនៅពេលឃើញវីដេអូនារីម្នាក់ត្អូញត្អែររឿងក្រុមហ៊ុន បញ្ឈប់ការងារដោយសារមូលហេតុគេងនៅកន្លែងធ្វើការក្នុងម៉ោងសម្រាក។
គួរឱ្យដឹងថា កន្លងមកថ្មីៗនេះ ហ្វីយ៉ាតា ក៏រងនូវភាពចម្រូងចម្រាសដូចគ្នាបន្ទាប់ពីមានការបង្ហោះមិនចង់ឱ្យអ្នកគាំទ្ររបស់ខ្លួនគាំទ្រអំពើផិតក្បត់។ មិនត្រឹមតែប៉ុណ្ណោះក៏មានគណនីមួយចេញមក Live ផ្លែផ្កាជាច្រើនធ្វើឱ្យមានការសង្ស័យថាសម្តៅដល់ ហ្វីយ៉ាតា។ លើសពីនេះទៅទៀតមេធាវីរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥រូបនេះកោះហៅឱ្យគណនីនោះចូលទៅបំភ្លឺផងដែរ៕










