គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ និង សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានបកស្រាយចម្រៀងប្រពៃណី «ចៅដក» តាមលំនាំដើម អ្នកគ្រូ អ៊ុក សុផា និង លោកគ្រូ ឈិន ឈាង។

តាមរយៈវីដេអូដែល សំ លីដា បានបង្ហោះនៅលើគណនីទិកតុកកាលពីពេលថ្មីៗនេះ ការបកស្រាយចម្រៀង ចៅដក ជាមួយនឹង គី សាវីន ដែលនាងទើបតែហ្វឹកហាត់ច្រៀងចម្រៀងភ្លេងការបានទទួលមតិវិជ្ជមានពីមហាជន។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ធនធានសិល្បៈកម្ពុជា» «សំឡេងស៊ីគ្នាណាស់» «ពីរោះណាស់អ្នកទាំងពីរ» «សម្លេងហ្នឹង ភ្លេងការអឿនពីរោះណាស់» រួមទាំងមតិយោបល់សរសើរជាច្រើនទៀត។

គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ ជាញឹកញាប់តែងតែទទួលបានការសរសើរខាងផ្នែកចម្រៀងបុរាណ។ ជាក់ស្តែងមុននឹងលោកចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងសម័យលោកក៏អ្នកចម្រៀងផ្នែកបុរាណម្នាក់ផងដែរ។ ចំណែកឯ លីដា វិញជាធនធានសិល្បៈជំនាន់ក្រោយដោយពោរពេញដោយទេពកោសល្យមានទឹកដមសំឡេងពីរោះ។ ជាក់ស្តែងកាលពីកន្លងមក តារាចម្រៀង អ៊ីវ៉ា ក៏ធ្លាប់សរសើរសំឡេង សំ លីដា ដូចគ្នា។
ទោះយ៉ាងណា គី សាវីន បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ខាងចម្រៀងបុរាណ ប៉ុន្តែលោកពុំទាន់មានបទចម្រៀងល្បីខាងសម័យក្នុងនាមជាម្ចាស់ពានឡើយ។ លើសពីនេះទៅទៀតការចេញបទចម្រៀងរបស់ គី សាវីន នៅមានកម្រិតពុំទាន់វាយឡុកទីផ្សារបាននៅឡើយទេ ប៉ុន្តែគេបានឃើញលោកកាក់កបសម្បូរការងារទាំងសម័យនិងបុរាណ៕










