ករណីនារីម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ចេញពីការងារដោយសារការគេងនៅក្នុងម៉ោងសម្រាក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម រហូតឥឡូវនេះអ្នកនាំពាក្យក្រសួងការងារបានលើកទឹកចិត្តឲ្យនារីរូបនោះទាក់ទងមកខាងក្រសួង ដើម្បីក្រសួងជួយរកដំណោះស្រាយដែលមានប្រសិទ្ធភាព និងទាន់ពេលវេលាជូន។.jpg)
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ និងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួង ជួយរកដំណោះស្រាយ ជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។

តាមរយៈការខម្មិននៅខាងក្រោមវីដេអូដែលនារីរូបនោះបានបង្ហោះដោយផ្ទាល់ លោក ស៊ុន មេសា បានថ្លែងថា «សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត និងអន្តរាគមន៍រកដំណោះស្រាយ ជូនបានលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ចំពោះបញ្ហាដែលប្អូនស្រីកំពុងជួបប្រទះ» ។
.jpg)
ជាមួយគ្នានេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល តែងគិតគូរសុខទុក្ខកម្មករនិយោជិត បុគ្គលិកក្រុមហ៊ុន ដើម្បីធានានូវសុខដុមនីយកម្ម នៅកន្លែងការងារ ដោយមិនបណ្តោយឱ្យកម្មករនិយោជិតណាម្នាក់ ត្រូវបានទុកចោលដោយ គ្មានការយកចិត្តទុកដាក់នោះទេ។.jpg)
គួរជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារដូចខាងលើ ធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Fa Lata បានបង្ហោះវីដេអូឃ្លីបរៀបរាប់អំពីរឿងរ៉ាវដ៏គួរឲ្យហួសចិត្ត ថានាងត្រូវបានក្រុមហ៊ុនមួយបញ្ឈប់ចេញពីការងារ បន្ទាប់ពីម្ចាស់ក្រុមហ៊ុននោះបានឃើញនាងគេងសម្រាកនៅនឹងតុធ្វើការនៅចន្លោះម៉ោង១២ និង៤៥នាទី ពោលជាម៉ោងដែលបុគ្គលិកសម្រាកបាយថ្ងៃត្រង់។

ទន្ទឹមនឹងការរៀបរាប់របស់នារីខាងលើនេះ មហាជនជាច្រើនបានបញ្ចេញមតិយោបល់ខុសៗគ្នា ខណៈមតិភាគច្រើនយល់ឃើញថា ហេតុផលដែលក្រុមហ៊ុនបានលើកឡើងក្នុងការបញ្ឈប់នារីរូបនោះមិនសមទំនងឡើយ និងបានចែករំលែកវីដេអូនោះតៗគ្នារហូតក្លាយជាប្រធានបទវែកញែកបណ្ដាញសង្គម៕










