ប្រទេសថៃ ៖ សូម្បីតែខ្យល់ពុលកើនឡើងនៅប្រទេសរបស់ខ្លួន ក៏ចោទ និងទម្លាក់កំហុសលើកម្ពុជាដែរ! រដ្ឋាភិបាលថៃបានចោទប្រកាន់ជាថ្មីដោយគ្មានមូលដ្ឋានថា ខ្យល់ពុលកើនឡើងខ្លាំងនៅទីក្រុងបាងកក គឺមានប្រភពពីការដុតកាកសំណល់កសិកម្មជាច្រើនកន្លែងនៅប្រទេសកម្ពុជា និងប្រកាសឱ្យពលរដ្ឋថៃប្រុងប្រយ័ត្នផលប៉ះពាល់សុខភាព ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
.jpg)
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ អ្នកស្រី លីដា ភារិទ្ធវឌ្ឍនា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ និយាយថា ខ្យល់ពុល PM 2.5 បានកើនឡើងខ្លាំងនៅទីក្រុងបាងកក តំបន់ជុំវិញ និងភាគខាងកើតប្រទេសថៃ ជាពិសេស ខ្យល់ពុលកើនឡើងខ្លាំងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ នៅខេត្តស្រះកែវ ប្រាជីនបុរី និងឆាក់ឈើងឆៅ ។ 
អ្នកនាំពាក្យរូបនេះចោទប្រកាន់ថា ខ្យល់ពុលនេះមានប្រភពពីទិសខាងកើត ដែលបក់ពីប្រទេសជិតខាង (កម្ពុជា) ទើបបណ្តាលឱ្យទីក្រុងបាងកក តំបន់ជុំវិញ និងភាគខាងកើតប្រទេសថៃ ដែលស្ថិតក្រោមខ្យល់ទទួលខ្យល់ពុល ។ លើសពីនេះ ថៃបានរកឃើញចំណុចក្តៅច្រើនបំផុតនៅកម្ពុជា រហូតដល់៤,៤៦២កន្លែង ហើយចំណុចក្តៅទាំងនេះនឹងបន្តកើនឡើង ទើបបណ្តាលឱ្យខ្យល់ពុលនៅថៃកើនឡើងខ្លាំងនៅខែកុម្ភៈ ។

នាយកដ្ឋានត្រួតពិនិត្យការបំពុលខ្យល់ថៃបានសុំការសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ន និងគ្រប់គ្រងប្រភពខ្យល់ពុល ជាពិសេស ហាមឃាត់ការកាកសំណល់នៅទីវាលដើម្បីកាត់បន្ថយផលប៉ះពាល់គុណភាពខ្យល់ក្នុងប្រទេស ។ រីឯពលរដ្ឋត្រូវថែទាំសុខភាព ផ្អាក ឬចៀសវាងធ្វើសកម្មភាពនៅក្រោមកំដៅថ្ងៃ ប្រសិនបើចាំបាច់ចេញទៅក្រៅ គួរតែពាក់ម៉ាស់ ឬមានឧបករណ៍ការពារខ្យល់ពុល ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនេះ ពលរដ្ឋត្រូវតាមដានគុណភាពខ្យល់ពុលតាមរយៈគេហទំព័រផ្សេងៗ ដើម្បីដឹងពីពេលវេលាខ្យល់ពុលកើនឡើងខ្លាំងប៉ះពាល់សុខភាព ។
.jpg)
គួរបញ្ជាក់ថា ថ្មីៗនេះ កាសែតថៃ The Nation បានផ្សាយព័ត៌មានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ខ្យល់ពុលកើនឡើងខ្លាំងនៅទីក្រុងបាងកកមានប្រភពពីប្រទេសកម្ពុជា ប៉ុន្តែត្រូវក្រសួងបរិស្ថានកម្ពុជាច្រានចោល និងបញ្ជាក់ពីមូលហេតុខ្យល់ពុលនៅទីក្រុងបាងកកកើនឡើងខ្លាំងដោយសារមានប្រភពពីប្រទេសថៃខ្លួនឯង ។ .jpg)
យោងតាមក្រសួងបរិស្ថានកម្ពុជា ការបំពុលខ្យល់នៅទីក្រុងបាងកកមិនពាក់ព័ន្ធជាមួយកម្ពុជាទេ គឺកើតឡើងដោយសារការបំភាយពីការដឹកជញ្ជូន ក្នុងនោះទីក្រុងបាងកកមានចំនួនយានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង, ការបំភាយពីសកម្មភាពឧស្សាហកម្ម, ធូលីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង ។ ប្រភពទាំងនេះរួមផ្សំនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកមិនអំណោយផល ដូចជា ៖ បាតុភូតបញ្ច្រាស់សីតុណ្ហភាព និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាខាងក្រោម ដែលដើរតួនាទីសំខាន់ធ្វើឱ្យសារធាតុបំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងកើនឡើង បង្កការបំពុលបរិយាកាសនៅទីក្រុងបាងកក ៕










