បន្ទាប់ពីបង្ហោះសារលើកទឹកចិត្តមិត្តសម្លាញ់ក្នុងពេលមានវិបត្តិនៅក្នុងគ្រួសារពេលនេះអ្នកគាំទ្របានឃើញ Goofy បង្ហាញសញ្ញាវិជ្ជមានចំពោះ ទេព ពិសិដ្ឋ បន្តទៀត។ នេះនាំឱ្យអ្នកគាំទ្ររំពឹងថាតារាចម្រៀងទាំងពីររូបនេះទំនងត្រូវគ្នាវិញ។
នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ Goofy បានចែករំលែក(Share) បទចម្រៀងថ្មីរបស់ ទេព ពិសិដ្ឋ មានចំណងជើងថា «ក្រឡាអុក» ជាមួយនឹងពាក្យយ៉ាងខ្លីថា « 20’out»។ នេះជាឈ្មោះក្រុមរបស់ពួកគេមុនពេលមិនទាន់មានជម្លោះមើលមុខគ្នាមិនចំ។ ឃើញការចែករំលែករបស់ Goofy បែបនេះអ្នកគាំទ្រជាច្រើនបានលើកឡើងថាទីបំផុតអ្នកទាំងពីរត្រូវគ្នាវិញហើយ ហើយនោះក៏ជាអ្វីដែលអ្នកគាំទ្រចង់ឃើញដូចគ្នា។

មិនទាន់អស់នោះទេសញ្ញាវិជ្ជមានចំពោះទំនាក់ទំនង Goofy និង ទេព ពិសិដ្ឋ កាន់តែប្រសើរក្នុងពេលដែល Goofy បានទៅគាំទ្រដោយផ្ទាល់ក្នុងពេលដែល ទេព ពិសិដ្ឋ មានការសម្តែងនៅក្នុងកម្មវិធីមួយកន្លែង។ សញ្ញាទាំងនេះកាន់តែបញ្ជាក់ឱ្យអ្នកគាំទ្រច្បាស់ថាពេលនេះទំនាក់ទំនងរបស់ពួកគេមានភាពប្រសើរឡើងវិញហើយ។
គួរបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះបន្ទាប់ពីតារាចម្រៀង ទេព ពិសិដ្ឋ បានចេញបកស្រាយពីរឿងនៅក្នុងរង្វង់គ្រួសារបានធ្វើឱ្យមហាជន និង អ្នកនៅក្នុងចង្កោមសិល្បៈរំជួលចិត្តយ៉ាងខ្លាំងនិងចេញមកផ្តល់កម្លាំងចិត្តយ៉ាងច្រើនកុះករ។ ក្នុងនោះគេក៏បាន Goofy ចេញមកបង្ហោះសារផ្តល់កម្លាំងចិត្តដោយមិនបញ្ចេញឈ្មោះប៉ុន្តែត្រូវបានអ្នកគាំទ្រចង្អុលបង្ហាញថាតារារ៉េបរូបនេះសម្តៅដល់ ទេព ពិសិដ្ឋ។ 
ការបង្ហោះសាររបស់ Goofy ក៏ជំរុញឱ្យទស្សនិកជនបានដឹងពីមិត្តភាពបែកបាក់របស់ពួកគេដែលមានជម្លោះមើលមុខគ្នាមិនចំ។ ក្នុងសំណេរនោះ Goofy បានរម្លឹកពីអនុស្សាវរីយ៍ចាស់ៗរបស់ពួកគេដែលកម្សត់កម្រជាមួយគ្នានិងបានកោតសរសើរស្នាដៃ ទេព ពិសិដ្ឋ ដែលមានភាពខុសប្លែកពីគេដោយមិនភ្លេចគុណ ទេព ពិសិដ្ឋ ជាអ្នកជំរុញឱ្យទស្សនិកជនស្គាល់ឈ្មោះរបស់គេរហូតមកដល់សព្វថ្ងៃនេះ៕










