សមាជិកពីររូបរបស់ក្រុមចម្រៀង Nchive គឺ Yuchan និង Juyoung បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានរាំបទ«Pop out» របស់ N.John ។ អ្វីដែលសំខាន់ Nchive ថែមទាំងបាន Pin វីដេអូរាំនេះទៀតផងនៅលើគណនីទិកតុកផ្លូវការ។ នេះកាន់តែបញ្ជាក់ថា Nchive មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជា។ ទោះយ៉ាងណាអ្នកគាំទ្រនៅចិញ្ចឹមចង់ឃើញក្រុមចម្រៀងនេះទៅលេងខេត្តសៀមរាបដើម្បីបានឃើញផ្ទាល់ភ្នែកពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរ។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាក្រុមចម្រៀង K-Pop Nchive បានមកប្រទេសកម្ពុជាចំនួនពីរដងមកហើយ ហើយម្តងៗគឺមានរយៈពេលច្រើនថ្ងៃ។ ឱកាសរបស់ Nchive មកប្រម៉ូតនិងការប្រគំតន្រ្តីនៅកម្ពុជាគេបានឃើញក្រុមនេះផ្តល់សារៈសំខាន់ដូចជាមានការថតជា MV នៅខ្មែរ យកថវិកាបានមកពីការលក់សំបុត្រជួយជាសប្បុរសធម៌ ដើរកម្សាន្ត ប្រកបដោយក្តីស្រលាញ់ចូលចិត្តទិដ្ឋភាពនៅផ្លូវថ្មើរជើងចតុមុខនិងមានទំនាក់ទំនងល្អជាមួយនឹងក្លិបអ្នកគាំទ្រ។
មិនទាន់អស់នោះទេរយៈពេលដែល Nchive មកទីនេះសមាជិកទាំង៦ ខិតខំនិយាយភាសាខ្មែរមួយចំនួន ថែមទាំងប្រឹងសរសេរអក្សរខ្មែរបានពាក្យមួយចំនួនទៀតផង។ នៅផ្នែកការសន្ទនាជាមួយនឹងអ្នកគាំទ្រ Nchive បានបង្ហាញភាសាផ្សេងៗដោយក្នុងនោះក៏មានជាភាសាខ្មែរផងដែរ។ ទំហំចិត្តនិងការស្រលាញ់នេះនឹងជំរុញឱ្យ Nchive និងអ្នកគាំទ្រកម្ពុជាកាន់តែមានភាពជិតស្និទ្ធហើយអាចនឹងមានឱកាសពួកគេត្រឡប់មកម្តងទៀត។

ដ្បិតថាក្រុម Nchive បានមកប្រទេសកម្ពុជាចំនួន២ដងមកហើយប៉ុន្តែក្រុម K-Pop នេះពុំទាន់បានទៅដល់ខេត្តសៀមរាបនៅឡើយទេ ខណៈអ្នកគាំទ្រមួយចំនួនពិតជាចង់ឃើញ Nchive បានទៅលេងប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ កន្លងមកនេះ Nchive ក៏ធ្លាប់បង្ហាញសញ្ញាក្នុងការផ្សព្វផ្សាយនិងបញ្ជាក់ពីសុវត្ថិភាពរបស់ប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុម Nchive ទើបតែទទួលពានរង្វាន់ «K-POP Artist Award» និងបានចូលរួមកម្មវិធីម៉ូតនៅប្រទេសកូរ៉េខាងត្បូង៕










