ប្រទេសថៃ ៖ គណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul មិនគួរឈ្នះឆ្នោតទទួលបានសំឡេងគាំទ្រច្រើនទេ ប៉ុន្តែដោយសារគណបក្សប្រកាសគោលនយោបាយពេលឃោសនាបោះឆ្នោត រួមមាន ៖ ជំរុញឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុលក្នុងជម្លោះព្រំដែនជាមួយកម្ពុជា, បិទព្រំដែនកម្ពុជា-ថៃជារៀងរហូត, លុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការបែងចែកផលប្រយោជន៍ដែនសមុទ្រជាមួយកម្ពុជា និងចែកប្រាក់ឱ្យពលរដ្ឋ ទើបពលរដ្ឋថៃងាកមកគាំទ្រគោលនយោបាយទាំងនេះ ដែលបង្ហាញថា ពួកគេស្រឡាញ់សង្គ្រា.ម ជាងសន្តិភាព ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគថៃ ។
.jpg)
គណបក្សភូមិចៃថៃរបស់លោក Anutin ដែលជាគណបក្សអភិរក្សនិយមបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្នបង្ហាញថា គណបក្សនេះទទួលបានសំឡេងគាំទ្រច្រើនជាងគេរហូតដល់ជិត២០០អាសនៈក្នុងរដ្ឋសភា ដោយសារកំណត់គោលនយោបាយជាតិនិយមជ្រុល និងប្រកាសជំហររឹងមាំចំពោះជម្លោះព្រំដែនជាមួយកម្ពុជា ដោយបិទព្រំដែនកម្ពុជា-ថៃជារៀងរហូត ទើបធ្វើឱ្យពលរដ្ឋថៃភាគច្រើនមានគំនិតជាតិនិយមជ្រុល គាំទ្រការឈ្លានពាន និងស្រឡាញ់សង្គ្រាម ជាងសន្តិភាព ។
ជ័យជម្នះរបស់គណបក្សភូមិចៃថៃ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយ ដោយសារគណបក្សនេះអូសទាញសំឡេងគាំទ្រដោយស្មារតីជាតិនិយមជ្រុលលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា គាំទ្រកងទ័ពយ៉ាងពេញទំហឹងឱ្យធ្វើសកម្មភាពឈ្លានពានតាមអំពើចិត្ត និងមានព្រះមហាក្សត្រនៅពីក្រោយ ។ ប្រជាប្រិយភាពរបស់គណបក្សបានធ្លាក់ចុះខ្លាំងកន្លងមក ព្រោះតែ លោក Anutin អសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់បណ្តោយឱ្យពលរដ្ឋភាគខាងត្បូងស្លាប់ជាង១,០០០នាក់ ទើបព្យាយាមឈ្លានពានដណ្តើមទឹកដីកម្ពុជាដើម្បីស្តារប្រជាប្រិយភាពឡើងវិញ ។
លោក Anutin បានប្រកាសរំលាយសភាដើម្បីបោះឆ្នោតជាថ្មីកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលប្រទេសថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលអ្នកវិភាគចាត់ទុកថា ការរំលាយសភារបស់មេដឹកនាំគណបក្សអភិរក្សនិយមរូបនេះ ក្នុងគោលដៅទទួលបានផលប្រយោជន៍នយោបាយពីការគាំទ្រឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុល ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើជម្លោះព្រំដែនជាមួយកម្ពុជា គឺជាកត្តាធ្វើឱ្យគណបក្សភូមិចៃថៃទទួលបានជ័យជមុ្នះក្នុងការបោះឆ្នោត មែនទេ? លោក Anutin ថា ជម្នះជម្នះនេះដោយសារពលរដ្ឋជាអ្នកជ្រើសរើសដោយខ្លួនឯង វាជាជ័យជម្នះរបស់ពលរដ្ឋថៃគ្រប់រូប ។ គណបក្សភូមិចៃថៃនឹងផ្តល់ទំនុកចិត្តដល់ពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សយើងឱ្យដឹកនាំប្រទេស និងដោះស្រាយបញ្ហាផ្សេងៗ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ ។
យោងតាមលទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ គឺគណបក្សភូមិចៃថៃទទួលបានអាសនៈច្រើនជាងគេរហូតដល់១៩២អាសនៈ បន្ទាប់មក គណបក្សប្រជាជន ទទួលបាន១១៧អាសនៈ ខណៈគណបក្សភឿថៃ ទទួលបាន៧៤អាសនៈ ។ រីឯគណបក្សផ្សេងៗទទួលបានអាសនៈសរុបចំនួន១១៧អាសនៈក្នុងរដ្ឋសភា ដែលមានអាសនៈទាំងអស់ចំនួន៥០០អាសនៈ ។
បើតាមលោក Napon Jatusripitak អ្នកវិទ្យាសាស្ត្រនយោបាយមកពីវិទ្យាស្ថានស្រាវជ្រាវនៅទីក្រុងបាងកក គឺគណបក្សភូមិចៃថៃ មិនគួរឈ្នះឆ្នោតទទួលបានសំឡេងគាំទ្រច្រើនបែបនេះទេ ប៉ុន្តែលទ្ធផលការបោះឆ្នោតបង្ហាញថា គណបក្សនេះបានបង្ហាញគោលនយោបាយផ្សេងៗរបស់ខ្លួនក្នុងពេលរកសំឡេងឆ្នោត ក្នុងនោះមានគោលនយោបាយលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការបែងចែកផលប្រយោជន៍ដែនសមុទ្រជាមួយកម្ពុជា និងគោលនយោបាយចែកប្រាក់ឱ្យពលរដ្ឋ ។
.jpg)
គោលនយោបាយសំខាន់ជាងនេះទៀតដែលធ្វើឱ្យគណបក្សភូមិចៃថៃឈ្នះឆ្នោត ដោយសារជំរុញឱ្យពលរដ្ឋថៃមានគំនិតជាតិនិយមជ្រុលក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ដែលអ្នកវិភាគនយោបាយនានាមិននឹកស្មានថា គណបក្សនេះទទួលបានជ័យជម្នះក្នុងការបោះឆ្នោតលើកនេះទេ ៕










