ប្រទេសម៉ាឡេស៊ី ៖ ម៉ាឡេស៊ីហាមនាំចូលកាកសំណល់អេឡិចត្រូនិក (E-Waste) ពីក្រៅប្រទេសជាដាច់ខាត និងអនុវត្តចាប់ពីពេលចេញសេចក្តីប្រកាស ដោយកំណត់គោលដៅច្បាស់លាស់ គឺម៉ាឡេស៊ីមិនមែនជាកន្លែងចោលសំរាមរបស់ពិភពលោក ដើម្បីកុំឱ្យសារធាតុពុលក្នុងកាកសំណល់អេឡិចត្រូនិកប៉ះពាល់សុខភាពពលរដ្ឋ និងបំពុលបរិស្ថាន ។

គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហាមនាំចូលកាកសំណល់អេឡិចត្រូនិកពីក្រៅប្រទេសជាដាច់ខាត ដែលសេចក្តីប្រកាសនេះ គឺជាការលុបចោលសេចក្តីសម្រេចរបស់ក្រសួងបរិស្ថានម៉ាឡេស៊ី ដែលធ្លាប់ពិចារណាអនុញ្ញាតឱ្យនាំចូលកាកសំណល់អេឡិចត្រូនិកពីប្រទេសមួយចំនួន ។.jpg)
ម៉ាឡេស៊ីបាននាំចូលកាកសំណល់អេឡិចត្រូនិកខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក ដែលប៉ះពាល់សុខភាពពលរដ្ឋ និងបំពុលបរិស្ថាន ពីព្រោះកាកសំណល់អេឡិចត្រូនិកផ្ទុកសារធាតុពុល និងលោហធាតុបំពុលដី បំពុលទឹក ប្រសិនបើមិនប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវទេនោះ ។ ម៉ាឡេស៊ីបានរឹបអូសទូរកុងទឺន័រដឹកកាកសំណល់អេឡិចត្រូនិករាប់រយទូរនៅកំពង់ផែ និងបញ្ជូនទូរកុងទឺន័រទាំងនេះទៅឱ្យក្រុមហ៊ុននាំចូលវិញ ។

ថ្មីៗនេះ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានឃុំខ្លួនអគ្គនាយក និងអគ្គនាយករងមន្ទីរបរិស្ថាន ដោយចោទប្រកាន់ពីបទប្រើប្រាស់អំណាចក្នុងផ្លូវខុស និងប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់អេឡិចត្រូនិក ។ គណៈកម្មការបានបង្កកប្រាក់ក្នុងគណនីធនាគារ និងរឹបអូសទ្រព្យរបស់មន្ត្រីបរិស្ថានទាំង២រូបផងដែរ ។

ចាប់ពីពេលនេះ ម៉ាឡេស៊ីមិនអនុញ្ញាតឱ្យនាំចូលកាកសំណល់អេឡិចត្រូនិកទៀតទេ មន្ត្រីពាក់ព័ន្ធនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដើម្បីការពារការនាំចូលកាកសំណល់អេឡិចត្រូនិកខុសច្បាប់ ពីព្រោះម៉ាឡេស៊ីមិនមែនជាកន្លែងចោលសំរាមរបស់ពិភពលោក ។ កាកសំណល់អេឡិចត្រូនិកមិនមែនជាកាកសំណល់ធម្មតា វាប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋយ៉ាងខ្លាំង ។ នេះបើតាមការលើកឡើងរបស់ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ ។
គួរបញ្ជាក់ថា អ្នកបរិស្ថានបានអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ីហាមនាំចូលកាកសំណល់អេឡិចត្រូនិកពីក្រៅប្រទេសយូរមកហើយ ដោយសារកាកសំណល់ ដូចជា ៖ កុំព្យូទ័រ ទូរស័ព្ទ និងសម្ភារៈអគ្គិសនី សុទ្ធតែផ្ទុកសារធាតុពុល និងលោហធាតុបំពុលដី បំពុលទឹក ប្រសិនបើមិនប្រមូលទុកដាក់ត្រឹមត្រូវ ៕










