តើពិភពលោកនាពេលបន្តិចទៀតនេះនឹងទៅជាយ៉ាងណា? ខណៈថ្មីៗនេះប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការនៅក្នុងពិភពលោកថ្មីដែលគ្មានដែនកំណត់លើអាវុធនុយក្លេអ៊ែរ នៅពេលដែលសន្ធិសញ្ញា New START ជាមួយសហរដ្ឋអាមេរិកបានផុតកំណត់។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «ការពិតថ្មី» ដោយគ្មានការរឹតបន្តឹងជាកាតព្វកិច្ចលើឃ្លាំងអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដោយស្តីបន្ទោសកង្វះការចូលរួមពីទីក្រុងវ៉ាស៊ីនតោនលើការពង្រីក ឬជំនួសសន្ធិសញ្ញា New START រវាងអាមេរិក និង រុស្ស៊ីឡើយ ខណៈដែលវានឹងផុតកំណត់ទៅហើយនៅថ្ងៃព្រហស្បតិ៍នេះ។
.jpg)
ក្នុងន័យនេះ ប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មីនៅនាទីចុងក្រោយទេ នោះមហាអំណាចទាំងពីរនឹងគ្មានការរឹតបន្តឹងលើឃ្លាំងអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍។
.jpg)
ថ្លែងនៅក្នុងទីក្រុងប៉េកាំង លោក Ryabkov បាននិយាយថា «នេះគឺជាពេលវេលាថ្មី ភាពជាក់ស្តែងថ្មី ហើយយើងបានត្រៀមខ្លួនសម្រាប់វា»។ លោកក៏បានគូសបញ្ជាក់ផងដែរថា ការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបនឹងសំណើរបស់រុស្ស៊ីដើម្បីពន្យារពេលសន្ធិសញ្ញានេះរយៈពេលមួយឆ្នាំទៀត ដើម្បីទុកពេលចរចា គឺជាសញ្ញាប្រាប់ថាអាមេរិកចង់ឱ្យវាផុតកំណត់។ ហើយលោកបញ្ជាក់ថា «ការមិនមានចម្លើយនេះហើយ គឺជាចម្លើយរបស់ងាមេរិក»។

គួរជម្រាបថា ការចុះហត្ថលេខារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកលើសន្ធិសញ្ញា New START ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១០ ដោយបានកំណត់ការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ និងរួមបញ្ចូលវិធានការផ្ទៀងផ្ទាត់រវាងប្រទេសទាំងពីរ។ 
ជាមួយនឹងការផុតកំណត់នៅពេលបន្តិចទៀតនេះ វានឹងធ្វើឱ្យមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីររបស់ពិភពលោកគ្មានដែនកំណត់ជាផ្លូវការលើកងកម្លាំងយុទ្ធសាស្ត្ររបស់ពួកគេតទៅទៀតហើយ ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញគ្រប់គ្រងអាវុធអំពីអស្ថិរភាពកើនឡើង៕










