ហាវ៉ាណា ៖ ប្រទេសគុយបាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង ជាមួយនឹងភាពខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងជាពិសេសគឺតម្លៃមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងកោះ។ បញ្ហាទាំងនេះកើតឡើងបន្ទាប់ពីការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការដឹកជញ្ជូនប្រេងពីវេណេស៊ុយអេឡាទៅឲ្យប្រទេសនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានបង្ហាញថា ជីវិតប្រចាំថ្ងៃសម្រាប់ប្រជាជនគុយបានៅពេលនេះកាន់តែពិបាក។ ឡានក្រុង និងតាក់ស៊ីសាធារណៈជាច្រើនបានកាត់បន្ថយសេវាកម្មរបស់ពួកគេ និងពលរដ្ឋខ្លះទៀតទុកយានជំនិះចោលដោយសារតែកង្វះប្រេងឥន្ធនៈ ខណៈពេលដែលតម្លៃអាហារ ប្រេងឥន្ធនៈ និងរបស់ចាំបាច់ផ្សេងទៀតនៅតែបន្តកើនឡើងលើសតម្លៃដើម៤-៥ដង។ ហើយទំនិញមួយចំនួនឥឡូវនេះ គិតតម្លៃតែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែលបង្កើតការលំបាកបន្ថែមសម្រាប់ពលរដ្ឋដែលរកប្រាក់ឈ្នួលជារូបិយប័ណ្ណក្នុងស្រុក។
.jpg)
រដ្ឋាភិបាលគុយបាបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការប៉ុនប៉ង «ខ្ទប់ដង្ហើម» សេដ្ឋកិច្ចរបស់ប្រទេសខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោននិយាយថា វិធានការរបស់ខ្លួនមានគោលបំណងទប់ស្កាត់ការគាំទ្រពីគុយបាចំពោះក្រុមបរទេសប៉ុណ្ណោះ។.jpg)
គួរជម្រាបថា កន្លងមកប្រទេសគុយបា បានផ្ដល់ការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់វេណេស៊ុយអេឡា តាមរយៈការទទួលទិញប្រេងឥន្ធនៈ ដែលក្រោយមកធ្វើឲ្យប្រទេសនេះក្លាយជាសត្រូវដោយប្រយោលជាមួយសហរដ្ឋអាមេរិក។
.jpg)
កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលគំរាមដំឡើងពន្ធគយបន្ថែមទៅលើបណ្តាប្រទេសឡាយណា ដែលលក់ប្រេងឱ្យគុយបា។ ហើយត្រឹមតែមួយថ្ងៃក្រោយមក ប្រជាជនគុយបាត្រូវគេមើលឃើញនាំគ្នាទៅតម្រង់ជួរ នៅតាមស្ថានីយប្រេងឥន្ធនៈក្នុងរដ្ឋធានីឡាហាវ៉ាន់ដើម្បីដណ្ដើមទិញប្រេង, សាំងដែលនៅសេសសល់។
ដូចគ្នានេះដែរ ភ្លាមៗក្រោយការចាប់ខ្លួន លោក Maduro លោក ត្រាំ ក៏បានព្រមា.នផងដែរក្នុងការដាក់សម្ពាធគុយបា ឲ្យព្រមទទួលយកកិច្ចចរចារកជាមួយសហរដ្ឋអាមេរិកឲ្យបានឆាប់រហ័ស បើមិនចង់ប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរ។ ជាការឆ្លើយតប មន្ត្រីគុយបាបានប្រកាន់ជំហរថា ប្រទេសខ្លួនមានសិទ្ធិពេញលេញក្នុងការនាំចូលប្រេងឥន្ធនៈដោយគ្មានការជ្រៀតជ្រែក ហើយបានទាត់ចោលវិធានការរបស់អាមេរិកថាជាការបង្ខិតបង្ខំឯកតោភាគី និងគ្មានសីលធម៌៕










