ខេត្តក្រចេះមានតំបន់ទេសចរណ៍ និងរមណីយដ្ឋានជាច្រើនកន្លែង ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អនុ្តរជាតិមកកម្សាន្តជារៀងរាល់ឆ្នាំ ក្នុងនោះរមណីយដ្ឋានព្រែកកាំពី ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី មានចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្ត បានទាក់ទាញភ្ញៀវទេសចរមកម្សាន្តច្រើនជាងគេ ជាពិសេស នៅខែមេសា ជាពេលបុណ្យចូលឆ្នាំខ្មែរ ។ ភ្ញៀវទេសចរមកទីនេះអាចអង្គុយលេងពីព្រឹកដល់ល្ងាច និងបរិភោគអាហារលើកញ្ចុះតូចៗដែលត្រូវបានសង់លើផ្ទៃទឹក ព្រមទាំងអាចហែលទឹកលេងយ៉ាងរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPQRpPc8TNNV2JTmbMePGH6NfNV-rCSXY4qSBpVKOJl_yLBA2dq0EQuBngUB1loPFj44FZgXCmjX4WR5IxBvbOD1ne6i6xyJeNLJSgBlPIxIKKpRM2_4r2GrkgnqKpkSJ1rgzGGQUnfIKbtL8lED9iQRWPfuUGVTu33cqzl0lPFxCb0k48va68Cz7eF53r/s1440/490141865_1120967956714543_3609088120248215371_n.jpg

រមណីយដ្ឋានកាំពី ស្ថិតនៅតាមផ្លូវជាតិលេខ៧ ពេលទៅដល់ស្ពានព្រែកកាំពី យើងនឹងឃើញទិដ្ឋភាពមួយដ៏ល្អប្លែក គឺផ្ទៃទឹកទន្លេមេគង្គទាំងមូលបានជ្រៀកជាចំណែកតូចៗដោយពំនូតកោះរាប់ម៉ឺន មានរុក្ខជាតិដុះខៀវស្រងាត់ ។ រមណីយដ្ឋាននេះជាក៏ជាជម្រកសត្វផ្សោត ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរមកលេងផងដែរ ចាប់ពីខែមករា ដល់ខែឧសភា រីឯជម្រៅទឹកចាប់ពី០.៥ម៉ែត្រ ទៅ១.៣០ម៉ែត្រប៉ុណ្ណោះ ទឹកថ្លាដូចកញ្ចក់ និងហូរក្នុងល្បឿនមិនបង្កគ្រោះថ្នាក់ ។ លក្ខណៈអំណោយផលល្អពីធម្នជាតិ ទើបធ្វើឱ្យរមណីយដ្ឋាននេះមានសេវាកម្មផ្សេងៗ ដូចជា ៖ ស្ពានចម្លង កញ្ចុះ កន្លែងលក់ម្ហូបអាហារ ភេសជ្ជៈ និងផ្ញើយានជំនិះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYLZLhbIjBnB4bKJmWKYkg_sLGgizzgp5aJwCIuYRfOTKn5lPmOUt6Q5JZNv3tTMA_ipXh-jp3sytK2laZIWlWZK9u5daiGLaRpz22g_A3v-OsATAI_iUIwrjkAx-A2mUhD0oeiuerGYdxYqezCRFhKJNDAPWPtng7iwRMykioIwBuC-RMZgUaHuns1g6h/s1920/480551400_621693330491782_6390144949086367650_n.jpg
ភ្ញៀវទេសចរនិយមមកកម្សាន្តនៅរមណីយដ្ឋានព្រែកកាំពីនៅរដូវប្រាំង ពីព្រោះទឹកក្នុងទន្លេមេគង្គស្រករាក់អាចអង្គុយលេងលើកញ្ចុះបាន រីឯនៅរដូវវស្សាវិញ ទឹកទន្លេឡើងមានកម្ពស់ខ្ពស់ មិនអាចងូតទឹកបានទេ ។ មុននឹងទៅរមណីយដ្ឋានព្រែកកាំពី ភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយស្អាតៗជាច្រើនដែលអ្នកភូមិធ្វើឡើងពីសាច់ឈើដាក់លក់តាមដងផ្លូវ ដែលបច្ចុប្បន្ន ការិយាល័យទេសចរណ៍ខេត្តបានខិតខំធ្វើឱ្យប្រសើរឡើង និងរៀបចំរមណីយដ្ឋានឱ្យកាន់តែល្អ មានភាពទាក់ទាញកាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg88ZLaYowOsARgf_wl_RCxWl-BVwJH9zvGbqaBVUkSE0t-HcMkPu9BhzWtGxR3QaEiJfbzQBsGAy_SbrzQPYp7uFgTgxKTHj6ClAGqHWw98bwWlJm37w9ZG4ROnJ43-1IKkTrTyCsg4frniVxjoAN6WHDsiBGEbPVVUob_4c142iS1t3ia96pzrd0orT5P/s1920/480977638_621693300491785_1340799012770725185_n.jpg
រមណីយដ្ឋានព្រែកកាំពី សាកស័ក្តិសម្រាប់ការដើរកម្សាន្តជាក្រុមគ្រួសារ ឬមកជាមួយមិត្តភក្តិពេលចូលបុណ្យចូលឆ្នាំខ្មែរ ដែលអាចសម្រាកយកខ្យល់អាកាសបរិសុទ្ធពីទន្លេមេគង្គផ្ទាល់ ។ មុនដំបូង ត្រូវចុះជណ្តើរពីថ្នល់ជាតិតាមច្រាំងទន្លេមកក្រោម ទើបមកដល់កញ្ចុះលើផ្ទៃទឹក បន្ទាប់មក ភ្ញៀវទេសចរអាចជួលកញ្ចុះសម្រាកលើអង្រឹង ហើយកុម្ម៉ង់អាហារមកបរិភោគលើផ្ទៃទឹក ប៉ុន្តែសម្រាប់ភ្ញៀវទេសចរក្នុងស្រុកបានខ្ចប់អាហារមកបរិភោគដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj82b8yaqIMDcv3LqKnx5INtqvQlgPQdjZEq8ENfhBQPB9Ek06IK2UczfRvxJ3Tox1sjw3i7HHdMT6EhpYpleTv9ZvF0MrDswtQhdQbyxbBsGSB6LuhEIc5-5OitJ6MRIQ4wg4o0orv2-oVu883lRrTgleSV_mdud8CHRlOQsyFsNv96x7WPg6329vpNLAe/s1920/481170583_621693463825102_1554319050001977223_n.jpg

ភ្ញៀវទេសចរក្នុងស្រុកនិយាយស្រដៀងគ្នាថា ពេលមកកម្សាន្តនៅទីនេះខែប្រាំងទោះជាក្តៅបន្តិចមែន ប៉ុន្តែពេលឈានជើងដើរលើស្ពានក្តារលើផ្ទៃទឹកទៅរកកញ្ចុះនោះ ធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយណាស់ និងអាចងូតទឹកទន្លេដ៏ថ្លាត្រជាក់មានទឹករាក់ហូរតិចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj38WRdqnVHVP3_7lQZ46iE-EC02ywC2A72Kdv0NBmRQJGQSIMr2s0Y750r3m7TwcgZls5ADWnyoMTb8viebIDQaiCGLHRCdVwh5gNcYX3zC5U3n41IW2V1wDFGLW07z5mxaDuueL4DmIni98XfmWipB_md_yuKW-S8spNBtdYRw9EP8M-lIKHp_kCymzqG/s1440/489042425_1120968010047871_8186033762278514517_n.jpg

សរុបមក រមណីយដ្ឋានកាពី គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង ហើយក៏ជាជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទន្លេមេគង្គផងដែរ ។ បច្ចុប្បន្ន រមណីយដ្ឋាននេះបានក្លាយជាតំបន់លំហែកាយមួយដ៏ពេញនិយម និងល្បីល្បាញបំផុតនៅខេត្តក្រចេះ នារដូវប្រាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomgiGJUaM19l3DlPHZ1MFr9rAgnho0UpxYXI3RLlTH0PW2BRB57T_Jko1oKiCBFofAP087t8VeJ2lcc0ZWdoSALhj5ldtN8Zr_CGd1Vs0fLjtINLQL2T8FkxdmWlg3xnpaGyuUiZg0IPBd5s5No8AtyDsZHQbBe6ihHehIbkCaeQP80CiAidXwiARX__E/s1920/480700831_621693310491784_542243243928966934_n.jpg

គួរបញ្ជាក់ថា ក្រៅពីរមណីយដ្ឋានកាំពី ខេត្តក្រចេះ ក៏មានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត ដូចជា ៖ វត្តសសរ១០០ ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង កោះទ្រង់ ភ្នំសំបុក អន្លង់ផ្សោត និងក្រឡានថ្មគ្រែ ។ ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចដើរទស្សនាផ្ទះ និងសំណង់អគារចាស់ៗបន្សល់ពីសម័យបារាំង ដែលមានទីតាំងនៅទីរួមខេត្តក្រចេះតែម្តង ៕