ក្រោយលង់ខ្លួនចូលក្នុងសង្រ្គាមរ៉ាំរ៉ៃជាមួយអ៊ុយក្រែនអស់រយៈពេលជិត៤ឆ្នាំ ឥឡូវនេះប្រទេសរុស្ស៊ីបានប្រកាសស្វែងកម្លាំងបំពេញបន្ថែមឡើងវិញដោយសន្យាថានឹងផ្ដល់ប្រាក់រង្វាន់យ៉ាងច្រើនដល់អ្នកស្ម័គ្រចិត្ត។ មិនតែប៉ុណ្ណោះសម្រាប់អ្នកទោស, ពួកគេនឹងទទួលបានសេរីភាព រីឯជនបរទេសនឹងទទួលបានសញ្ជាតិរុស្ស៊ីភ្លាមៗ ដោយគ្រាន់តែចុះឈ្មោះចូលជាទាហានជួរមុខរបស់រុស្ស៊ីក្នុងពេលនេះ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC News កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីបានចេញវិធានការលើកទឹកចិត្តជាច្រើនដើម្បីទាក់ទាញកងទ័ពថ្មី ខណៈពេលដែលប្រទេសកំពុងត្រូវការកម្លាំងបន្ថែមជាចាំបាច់។ វិធានការទាំងនេះរួមមានប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់ ប្រាក់ខែខ្ពស់ ការលួសបំណុល ការបន្ធូរបន្ថយពន្ធ និងការទទួលបានសញ្ជាតិឆាប់រហ័សចំពោះជនអន្តោរប្រវេសន៍ដែលមកធ្វើការនៅប្រទេសរុស្ស៊ី។
.jpg)
ដោយឡែក សម្រាប់ជនជាតិរុស្ស៊ីជាច្រើន ការចុះឈ្មោះចូលបម្រើកងទ័ពនឹងផ្តល់ឲ្យពួកគេនូវប្រាក់ចំណូលខ្ពស់ជាងប្រាក់ឈ្នួលជាមធ្យម ខណៈពេលដែលសម្រាប់អ្នកទោសវាគឺជាឱកាសដើម្បីគេចផុតពីលក្ខខណ្ឌដ៏លំបាកនៅក្នុងពន្ធនាគារ។
.jpg)
បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ ការជ្រើសរើសនេះរុស្ស៊ីបានកំណត់គោលដៅកាន់តែខ្លាំងឡើងទៅលើជនបរទេស ទាំងនៅក្នុងប្រទេសរុស្ស៊ី និងនៅបរទេស។ រដ្ឋាភិបាលជាច្រើន រួមទាំងរដ្ឋាភិបាលនេប៉ាល់ ឥណ្ឌា និងអ៊ីរ៉ាក់ បាននិយាយថា ពលរដ្ឋរបស់ពួកគេជាច្រើនត្រូវបានគេបោកបញ្ឆោត ឬជួញដូរឱ្យចូលរួមជាមួយកងទ័ពរុស្ស៊ី ដែលបង្កឱ្យមានការតវ៉ាផ្នែកការទូតយ៉ាងទូលំទូលាយ។
.jpg)
កាលឆ្នាំ២០២៤ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់ឥណ្ឌាបាននិយាយថា ខ្លួនបានបំបែកបណ្តាញមួយដែលបានទាក់ទាញពលរដ្ឋរបស់ខ្លួនយ៉ាងហោចណាស់៣៥ នាក់ទៅកាន់ប្រទេសរុស្ស៊ីក្រោមលេសនៃការងារ។ បុរសទាំងនោះត្រូវបានបណ្តុះបណ្តាលសម្រាប់ការប្រយុទ្ធ និងដាក់ពង្រាយទៅកាន់អ៊ុយក្រែនប្រឆាំងនឹងឆន្ទៈរបស់ពួកគេដោយមានអ្នកខ្លះ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកមន្ត្រីអ៊ីរ៉ាក់និយាយថា ពលរដ្ឋរបស់ខ្លួនប្រហែល ៥,០០០ នាក់បានចូលរួមជាមួយយោធារុស្ស៊ី រួមជាមួយនឹងចំនួនមិនបានបញ្ជាក់ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន។ 
ជនជាតិអ៊ីរ៉ាក់មួយចំនួនដែលមិនស្គាល់អត្តសញ្ញាណត្រូវបានសម្លាប់ ឬបាត់ខ្លួន ខណៈពេលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។ គ្រួសារមួយចំនួនបានរាយការណ៍ថា សាច់ញាតិត្រូវបានល្បួងឱ្យទៅប្រទេសរុស្ស៊ីក្រោមលេសបោកប្រាស់ ហើយត្រូវបានបង្ខំឱ្យចុះឈ្មោះ។ ក្នុងករណីផ្សេងទៀត ជនជាតិអ៊ីរ៉ាក់បានចូលរួមដោយស្ម័គ្រចិត្តដើម្បីទទួលបានប្រាក់ខែ និងសញ្ជាតិរុស្ស៊ី៕










