លោក ងួន សុបិន ដែលជាសិល្បករមួយរូបទាំងជាអ្នកចម្រៀង សម្តែង រួមទាំងជាអ្នកនិពន្ធ បានផ្តាំផ្ញើទៅកាន់សិល្បករសិល្បការិនីជំនាន់ក្រោយៗដែលប្រកាន់អត្តចរិតក្រអឺតក្រទម ឆ្មើងឆ្មៃ ឱ្យចេះលើកដៃជម្រាបសួរសិល្បកររៀមច្បងមុនមិនរលាយខ្លួននោះទេ។ នេះមិនមែនជាលើកទី១នោះទេដែលអ្នកក្នុងចង្កោមសិល្បៈលើកឡើងពីបញ្ហានេះ ខណៈកន្លងមកមានតារារៀមច្បងជាច្រើនបង្ហាញថាអ្នកជំនាន់ក្រោយមួយចំនួនមិនសូវគោរពឱ្យតម្លៃចាស់ទុំ។
នៅក្នុងកម្មវិធី «តាម Trend» លោក ងួន សុបិន បាននិយាយថា ក្នុងនាមលោកជាអ្នកសិល្បៈច្រើនឆ្នាំមកហើយលោកមិនអាចសម្តែងដល់ដូចក្មេងៗជំនាន់ក្រោយនោះទេ។ លោកថាពេលលោកជួបរៀមច្បងលោកបានលើកដៃជម្រាបសួរ ទោះបីជារៀមច្បងរូបនោះមិនបានផ្តល់ស្នាមញញឹមឱ្យលោកក៏ដោយ លោកនៅតែឱ្យតម្លៃដល់គាត់។ សិល្បកររូបនេះបន្តថា សិល្បករជំនាន់ក្រោយល្បីតាមរយៈហ្វេកប៊ុក ទិកតុក ពេលដែលជួបរៀមច្បងមិនចាំបាច់ជាលោកផ្ទាល់ ជារៀមច្បងដទៃទៀតគួរលើកដៃជម្រាបសួរហៅគាត់មុនមិនរលាយខ្លួននោះទេ។
ម្ចាស់បទ «ប៉ាក់ពុងវ៉ុង» លើកឡើងទៀតថា បច្ចុប្បន្ននេះអ្នកសិល្បៈមួយចំនួន Influencer មួយចំនួន អ្នកលេងទិកតុកមួយចំនួនពេលដែលឃើញសិល្បកររៀមច្បងដែលជាអ្នកសិល្បៈពោរពេញដោយសមត្ថភាព មានសាលាត្រឹមត្រូវ មានស្ថាប័នទទួលត្រឹមត្រូវ មានការងារធ្វើត្រឹមត្រូវ មានងារជាអ្នកសិល្បៈ ក្មេងៗស្រករក្រោយមិនឱ្យតម្លៃនោះទេ។ លោក ងួន សុបិន ថាពួកគេមិនជម្រាបសួរ ហើយនៅពេលគេលេងសើចគេលេងតែគ្នាគេ ធ្វើឱ្យយូរៗទៅគុណតម្លៃនៃសិល្បៈរៀមច្បងកាន់តែខើចខ្លី ស្របពេលពួកគាត់មិនសូវពូកែខាង IT ខាងប្រម៉ូតលើបណ្តាញសង្គមធ្វើឱ្យអ្នកមានផេក១លាន ២លាន លើបណ្តាញសង្គមធ្វើឱ្យមានគំនិតថារៀមច្បងមិនល្បីដល់ខ្លួន។
.png)
លោក ងួន សុបិន បន្ថែមទៀតថា លោកមិនចង់ឱ្យអ្នកជំនាន់ក្រោយគិតបែបនេះនោះទេហើយបើមិនគិតថាគាត់ជារៀមច្បងសិល្បៈគួរគិតថាគាត់មានអាយុច្រើនជាង ដូច្នេះការគោរពគឺមិនខុសហើយក៏មិនអន់ដែរគ្រាន់តែលើកដៃជម្រាបសួរគាត់មុន៕










