ប្រទេសម៉ាឡេស៊ី ៖ ជ.នបរទេស២នាក់ត្រូវបានតុលាការម៉ាឡេស៊ីកាត់ក្តីដោយសារបោះចោលសំរាមផ្តេសផ្តាសនៅទីសាធារណៈ ដោយពិន័យជាប្រាក់ និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម ដើម្បីឱ្យពួកគេយល់ដឹងពីផលប៉ះពាល់បរិស្ថានបណ្តាលមកពីការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ។ នេះជាការអនុវត្តច្បាប់ថ្មីរបស់ម៉ាឡេស៊ី និងជាការកាត់ក្តីជ.នបរទេសលើកដំបូង ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនបរទេស ចំនួន២នាក់ រួមមាន ៖ អ្នកស្រី អានិតា ឡុកម៉ាន អាយុ៤៩ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី និងលោក ស៊ុលដាន អេមឌី អាយុ២៨ឆ្នាំ ជនជាតិបង់ក្លាដែស បានក្លាយជាជនល្មើសដំបូងគេដែលរងការចោទប្រកាន់ពីបទបោះចោលសំរាមនៅទីសាធារណៈ និងត្រូវបានបញ្ជូនទៅកាត់ក្តីនៅតុលាការកាលពីថ្ងៃទី២៣ ខែមករា ។
អ្នកស្រី អានិតា ឡុកម៉ាន ធ្វើការនៅម៉ាឡេស៊ី សារភាពថា បានបោះចោលកន្ទុយបារី និងកំប៉ុងភេសជ្ជៈ នៅផ្លូវមួយកន្លែងក្នុងតំបន់សាទុនឡាន់ឡៅ ទីក្រុងយ៉ាក់ហូបារូ រដ្ឋយ៉ាក់ហូ កាលពីថ្ងៃទី១ ខែមករា ។ អ្នកស្រីគ្មានមេធាវីទេ បានសំណូមពរឱ្យតុលាការសម្រាលទោសក្រោមហេតុផលត្រូវថែទាំកូនតូចអាយុ៨ឆ្នាំ និងកូនម្នាក់ទៀតអាយុ១៥ឆ្នាំ អ្នកស្រីបារម្ភពីកូនៗមិនបានទៅសាលារៀន ប្រសិនបើអ្នកស្រីពុំផ្ញើប្រាក់ទៅផ្ទះ ។
តុលាការម៉ាឡេស៊ីបានសម្រេចឱ្យអ្នកស្រី ឡុកម៉ាន បង់ប្រាក់ពិន័យចំនួន៥០០រីងហ្គិត (ប្រមាណ១២៤ដុល្លារ) ប្រសិនបើជនល្មើសមិនបង់ប្រាក់ពិន័យទេ ត្រូវជាប់ពន្ធនាគារចំនួន១៥ថ្ងៃ និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម ចំនួន៦ម៉ោង ។
ចំណែកលោក ស៊ុលដាន អេមឌី ធ្វើការនៅរោងចក្រម៉ាឡេស៊ី បានបោះចោលសំរាមនៅទីសាធារណៈដូចគ្នាដែរ បន្ទាប់ពីបង្កហេតុរួចនៅតំបន់សាទុនឡាន់ឡៅ កាលពីថ្ងៃទី១ ខែមករា ដោយលោកនឹងត្រូវតុលាការកាត់ក្តីម្តងទៀត នៅថ្ងៃទី២៨ ខែមករា ។
គួរបញ្ជាក់ថា ច្បាប់ថ្មីស្តីពីការគ្រប់គ្រងកាកសំណល់ និងការសម្អាតទីសាធារណៈនៅម៉ាឡេស៊ី បានអនុវត្តនៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។ នៅក្រោមច្បាប់ថ្មីនេះ ជនណាដែលបោះចោលសំរាមនៅទីសាធារណៈ ត្រូវបង់ប្រាក់ពិន័យ មិនលើសពី ២,០០០រីងហ្គិត (ប្រមាណ៥០០ដុល្លារ ) និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម មិនលើសពី ១២ម៉ោង ៕










