ប្រទេសថៃ ៖ វិស័យកសិកម្មថៃកំពុងជួបវិបត្តិធ្ងន់ធ្ងរ ជាពិសេស នៅបណ្តាខេត្តភាគខាងកើតខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចរាប់ពាន់លានបាតព្រោះគ្មានពលករខ្មែរធ្វើការ បើទោះជារដ្ឋាភិបាលថៃបានអូសទាញជនភៀសសឹកមីយ៉ាន់ម៉ាមកធ្វើការជំនួស ប៉ុន្តែខ្វះខាតជំនាញ និងមិនគ្រប់គ្រាន់ឱ្យទាន់ការប្រមូលផល ។ វិបត្តិនេះបណ្តាលមកពីរដ្ឋាភិបាល និងកងទ័ពថៃបិទព្រំដែនជាច្រើនខែជាមួយកម្ពុជាជាឯកតោភាគី ហើយផលប៉ះពាល់ក៏ធ្លាក់មកលើសេដ្ឋកិច្ចថៃ ដែលរដ្ឋាភិបាលថ្មីពិបាកនឹងដោះស្រាយ ។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សារព័ត៌មាន The Standard បានរាយការណ៍ពីកាខ្វះខាតពលករខ្មែរធ្វើការក្នុងវិស័យកសិកម្ម ជាពិសេស ចម្ការអំពៅភាគខាងកើត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ម្ចាស់ចម្ការអំពៅ និងរោងចក្រផលិតស្ករស ដោយសាររដ្ឋាភិបាល និងកងទ័ពថៃបិទព្រំដែន ។ រីឯការអូសទាញជនភៀសសឹកមីយ៉ាន់ម៉ាមកធ្វើការជំនួសពលករខ្មែរ គឺរាំងស្ទះដោយសារការបំពេញលក្ខខណ្ឌឯកសារ ជាហេតុធ្វើឱ្យការប្រមូលអំពៅយឺតយ៉ាវ និងខាតបង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង៣ពាន់លានបាត (ឬជាង៩៦លានដុល្លារ) ។.jpg)
បើតាមម្ចាស់ចម្ការអំពៅខេត្តស្រះកែវ រដូវប្រមូលផលអំពៅនៅឆ្នាំ២០២៦ ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់កើតឡើងពីមុនដោយសារគ្មានពលករខ្មែរ បើទោះជាខ្លួនស្នើសុំជនភៀសសឹកមីយ៉ាន់ម៉ា ចំនួន៥០នាក់មកធ្វើការ ប៉ុន្តែទទួលបានតែ១០នាក់ប៉ុណ្ណោះ ។ ជារៀងរាល់ឆ្នាំ ខ្លួនជួលពលករខ្មែររាប់រយនាក់ធ្វើការក្នុងចម្ការអំពៅ និងបញ្ជូនអំពៅទៅរោងចក្រផលិតស្ករស ប្រមាណ២ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែឆ្នាំនេះ ខ្លួនកាប់អំពៅបានតែ៥ពាន់តោនប៉ុណ្ណោះ ខណៈការប្រមូលផលអំពៅនឹងបញ្ចប់នៅចុងខែមីនា ។ ការខ្វះខាតពលករធ្វើឱ្យខ្លួនមិនអាចបញ្ជូនអំពៅទៅរោងចក្រទាន់ពេលវេលា។
មន្ត្រីសមាគមកសិករព្រំដែនខេត្តស្រះកែវថា ការខ្វះខាតពលករបរទេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រោងចក្រផលិតស្ករសនៅភាគខាងកើត ពីព្រោះរោងចក្រនីមួយៗត្រូវការអំពៅ ចំនួន២លាន ៧សែនតោន ប៉ុន្តែបច្ចុប្បន្ន ទទួលបានអំពៅតែ ៦៣ម៉ឹនតោនប៉ុណ្ណោះ ។ កន្លងមក ចម្ការអំពៅភាគខាងកើតពឹងផ្អែកលើពលករខ្មែរ ប៉ុន្តែការបិទព្រំដែនធ្វើឱ្យពលករខ្មែរមិនអាចចូលប្រទេសថៃ ទោះជារដ្ឋាភិបាលថៃសម្រេចឱ្យគណៈរដ្ឋមន្ត្រីយកជនភៀសសឹកមកធ្វើការជំនួសកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែមានឧបសគ្គត្រង់ឯកសារ ។ ម្យ៉ាងទៀត ការប្រមូលផលអំពៅអាស្រ័យលើពេលវេលា និងអាកាសធាតុ បើមានភ្លៀងធ្លាក់ វានឹងខូចអស់ ។.jpg)
ចំណែកលោក ស៊ីវ៉ាវង្ស សុខថាវី លេខាធិការនៃអនុគណៈកម្មាធិការសន្តិសុខរដ្ឋ និងជាទីប្រឹក្សាបណ្តាញអង្គការជនចំណាកស្រុក (TMR) ថា ការបាត់បង់ចំណូលក្នុងវិស័យកសិកម្មថៃ គឺមកពីការខ្វះខាតពលករបរទេស ជាពិសេស វិស័យកសិកម្មត្រូវការពលករបរទេសយ៉ាងច្រើន ។ រីឯការយកជនភៀសសឹកមកធ្វើការជំនួសពលករខ្មែរ ក៏មានបញ្ហាឯកសារ ហើយត្រូវរង់ចាំរដ្ឋាភិបាលថ្មីដោះស្រាយ ។ ប្រទេសថៃសម្បូរមនុស្សចាស់ ខ្វះខាតពលករ ចម្ការនានាមិនអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រមូលផលជំនួសពលករទេ សេដ្ឋកិច្ចថៃពឹងផ្អែកលើពលករខ្មែរ បើសង្គមថៃមិនទទួលស្គាល់ការពិត សេដ្ឋកិច្ចនឹងកាន់តែធ្លាក់ចុះនាថ្ងៃអនាគត ។ 
លោកបន្តថា ការធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងរើសអើងពលករខ្មែរ កំពុងធ្វើឱ្យថៃគ្មានពលករធ្វើការ ខណៈពលករខ្មែរមិនត្រឹមតែជាកម្លាំងផលិតដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចថៃ ។ កន្លងមក សេដ្ឋកិច្ចថៃរីកចម្រើនដោយសារពលករខ្មែរ ប៉ុន្តែពេលនេះ សង្គមថៃរើសអើង ជាហេតុធ្វើឱ្យវិស័យកសិកម្មភាគខាងកើតខ្វះខាតពលករយ៉ាងខ្លាំង ដែលរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតត្រូវស្វែងរកពលករជាបន្ទាន់ ៕










