រងភាពអយុត្តិធម៌ ការឈឺចាប់ហួសប្រមាណ ភាពអាម៉ាស់ត្រូវគេលាបពណ៌ដោយមិនញញើតដៃតារាចម្រៀង ពេជ្រ សូលីកា ថានាងជឿជាក់លើកម្មផល បុណ្យបាបនឹងសងទៅកាន់ម្ចាស់ដើមគុណនឹង១០។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សូលីកា ថែមទាំងនិយាយទៀតថាទោះបីជាបែកគ្នាយូរក្តីប៉ុន្តែបុគ្គលលាបពណ៌នាងចរិតនៅតែក្មេងបៀមដៃ។
តារាចម្រៀង ពេជ្រ សូលីកា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីបង្ហោះចាក់ដោតមួយនៅលើផេករបស់ខ្លួនស្របពេល ទីនីន កំពុងមានវិវាទជាមួយនឹងបុគ្គលម្នាក់។ នៅរសៀលថ្ងៃទី២៣ មករា ម្ចាស់បទ«ថែការចងចាំ» បានរៀបរាប់ថា «ភាពរងអយុត្តិធម៌និងក្តីអាម៉ាស់ ដែលខ្ញុំទទួលបានច្រើនឆ្នាំកន្លងទៅ ដែលខ្ញុំធ្លាប់ត្រូវបានគេលាបពណ៌ដោយមិនញញើតដៃ ខ្ញុំមិនអង្គុយចាំមើលកម្មឱ្យផលទេ ព្រោះខ្ញុំជឿលើបុណ្យបាប បុណ្យដែលធ្វើចេញពីចិត្ត។ សាងអ្វីវានិងវិលរកម្ចាស់ដើមវាវិញគុណនិង10 ព្រោះរបួសផ្លូវចិត្តខ្ញុំពេលនោះវាធ្ងន់ធ្ងររហូតមិនអាចទទួលការព្យាបាលបានយ៉ាងដំណំ»។

តារាចម្រៀងរូបនេះបន្តទៀតថា «ពេលនោះពិបាកបំផុតគឺខ្ញុំត្រូវប្រឈមមុខជាមួយរឿងការជាន់ឈ្លីកិត្តិយស មើលងាយជេរប្រមាថដែលខ្ញុំមិនបានធ្វើដូចគេចោទប្រកាន់។ ចរិត Scorpio រៀងចរិតចាស់ទុំបន្តិចមិនចូលចិត្តបកស្រាយពីភាពស្អាតស្អំខ្លួនឯងឱ្យគេដឹងឮច្រើនទេ។ ខ្ញុំនៅតែជឿលើពេលវេលា ទុកឱ្យពេលវេលាជាអ្នកធ្វើការ រួចបន្តសាងអំពើល្អដោយមិនរង់ចាំការតបស្នង»។ ពេជ្រ សូលីកា បានសង្កត់ធ្ងន់ថា «បែកគ្នាយូរហើយចរិតនៅតែក្មេងបៀមដៃ»។

ជុំវិញការបង្ហោះសាររបស់ ពេជ្រ សូលីកា ត្រូវបានគេសង្ស័យថានាងចង់សម្តៅទៅកាន់អតីតមិត្តសម្លាញ់របស់ខ្លួន។ សំណេររបស់ ពេជ្រ សូលីកា ទីនីន ក៏បានចែករំលែកបន្តផងដែរ។ ក្រោយមក ទីនីន បានបង្ហោះសំណេរសូមទោសតារាចម្រៀង ពេជ្រ សូលីកា ចំពោះការប្រព្រឹត្តរបស់ខ្លួនកន្លងមកដែលកាន់ជើងគេស្តីថាឱ្យតារាចម្រៀងរូបនេះខ្លាំងៗ៕










