ប្រទេសថៃ ៖ អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅប្រទេសថៃសន្យាស្រាវជ្រាវ និងចាត់វិធានការចំពោះការទិញសន្លឹកឆ្នោត បន្ទាប់ពីបែកធ្លាយគណបក្សនយោបាយនានាផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់រហូតដល់ ៧,៥០០បាត (ឬ ២៤១ដុល្លារ) ដើម្បីទិញសន្លឹកឆ្នោតនៅទូទាំងប្រទេស ដោយគណៈកម្មាធិការចាត់ទុកបញ្ហានេះមិនគួរកើតឡើង និងថា យកប្រាក់មកពាក់ព័ន្ធនឹងលទ្ធផលការបោះឆ្នោតនៅខែកុម្ភៈ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។

កាលពីថ្ងៃទី១៩ ខែមករា អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ស្វែង ប៊ុនមី បាននិយាយពីលទ្ធផលស្ទង់មតិរបស់គណៈកម្មការស្ថាប័នឯកជន ចំនួន៣ ថា គណបក្សនយោបាយថៃនានាប្រកួតប្រជែងគ្នាផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់រហូតដល់ ៧,៥០០បាត (ឬ ២៤១ដុល្លារ) ដើម្បីទិញសន្លឹកឆ្នោត ដោយលោកចាត់ទុកជាការទទួលខុសត្រូវរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលត្រូវចាត់វិធានការ និងសន្យាមិនឱ្យកើតឡើង ។ កន្លងមក គណៈកម្មាធិការដឹងរឿងនេះ ប៉ុន្តែមិនច្បាស់ពីចំនួនប្រាក់ដែលគណបក្សផ្តល់ឱ្យពលរដ្ឋដើម្បីបោះឆ្នោតឱ្យគណបក្សខ្លួន ។

លោកថា ៖ «បញ្ហានេះមិនគួរកើតឡើងនៅប្រទេសថៃទេ វាជាតួនាទីរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលត្រូវចាត់វិធានការកុំឱ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោត ឬទប់ស្កាត់មិនឱ្យគណបក្សណាមួយជាប់ឆ្នោតដោយសារការទិញសន្លឹកឆ្នោតពីពលរដ្ឋ ។ គណៈកម្មាធិការនឹងមិនកោះហៅក្រុមហ៊ុនឯកជនដែលស្ទង់មតិពលរដ្ឋមកផ្តល់ព័ត៌មានទេ ពីព្រោះគណៈកម្មាធិការមានតួនាទីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើង» ។

នេះជាកំហុសដែលមនុស្សគ្រប់គ្នាបានប្រពឹត្តខុស មិនថាបេក្ខជននាយករដ្ឋមន្ត្រី ពលរដ្ឋ និងគណៈកម្មាធិការរៀបចំការបោះឆ្នោត យើងមិនចង់ឱ្យវាកើតឡើង ពីព្រោះធ្វើឱ្យលទ្ធផលបោះឆ្នោតមិនអាចទទួលយកបាន ។ គណៈកម្មាធិការចង់ឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានការទិញសន្លឹកឆ្នោត ដើម្បីបង្ហាញពីគុណភាពនៃការបោះឆ្នោត ព្រមទាំងត្រូវការឱ្យពលរដ្ឋទៅបោះឆ្នោតឱ្យបានច្រើន ។

លទ្ធផលការស្ទង់មតិពលរដ្ឋរបស់គណៈកម្មការស្ថាប័នឯកជនចំនួន៣ គួរឱ្យភ្ញាក់ផ្អើល ពេលគណបក្សនយោបាយនានានៅប្រទេសថៃសម្រុកទិញសន្លឹកឆ្នោត ដោយផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ចំនួន៧,៥០០បាត (សម្រាប់ពលរដ្ឋនៅទីក្រុងបាងកក និងបណ្តាខេត្តក្បែរៗ) ខណៈនៅខេត្តជាច្រើនទៀត គណបក្សបានផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ ចាប់ពី ៣,០០០បាត ទៅ ៥,០០០បាត ។

ពលរដ្ឋឆ្លើយតបការស្ទង់មតិ ស្មើ៤២% ប្រាប់ថា គណបក្សនានាសម្រុកទិញសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ក្នុងនោះនៅទីក្រុងបាងកក ផ្តល់ប្រាក់ឱ្យពលរដ្ឋច្រើនជាងគេ រហូតដល់ ៧,៥០០បាត ។ ក្រៅពីនេះ ក៏មានការទិញសន្លឹកឆ្នោតយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាខេត្តភូមិភាគកណ្តាល, ភាគខាងកើត, ភាគខាងជើង, ភាគខាងត្បូង និងភាគឦសានផងដែរ ៕