ថ្មីៗនេះអ្នកនាង កន្និដ្ឋា សូរ បានបង្ហោះសំណេរមួយទាក់ទងនឹងជនជាតិចិនបានធ្វើឱ្យមានការបញ្ចេញមតិជាច្រើន។ ក្នុងផ្នែកបញ្ចេញមតិយោបល់គេសង្កេតឃើញថាអ្នកខ្លះក៏បានគាំទ្រការលើកឡើងនោះ ប៉ុន្តែមួយផ្នែកទៀតពុំគាំទ្រឡើយ។ ជាក់ស្តែងអ្នកនាង ចន ច័ន្ទលក្ខណា សម្តែងការមិនយល់ស្របដោយចាត់ទុកថា កន្និដ្ឋា សូរ អ្នកប្រាជ្ញលង់នឹងអំណួតរើសអើងពូជសាសន៍។
កាលពីថ្ងៃទី១៥ កន្និដ្ឋា សូរ បានបង្ហោះសំណេរមួយថា «ឱ្យតែចិនចូលប្រទេសណារលាយប្រទេសហ្នឹង ឆបោកតាមអនឡាញ គ្រឿងញៀន កម្ចីចងការ ចាប់ជំរិត អាវុធមិនដើរ ស៊ីអាជីវកម្មក្នុងស្រុកអស់»។ ក្នុងផ្នែកខម្មិន កន្និដ្ឋា សូរ បន្ថែមថា បន្ទាប់មកប្រទេសដែលចិនបានចូលរួច ខូចកេរ្ដិ៍ឈ្មោះខ្ទេចខ្ទីអស់ គេមិនចង់រាប់រក គេឃាំងវីសា អាជីវកម្មបរទេសគេមិនចង់ចូល បើមើលរូបភាពពីខាងក្រៅពេលចិនចូលឃើញដូចចំណេញណាស់ តែធាតុពិតពីខាងក្នុងគឺរលួយ ប្រទេសខាតបង់លើសដើម។ កន្និដ្ឋា សូរ ថា គួរឱ្យស្ដាយខ្មែរជំនាន់ថ្មីមិនបានស្គាល់ពីអត្ថន័យពិតនៃចរិតកុម្មុយនិស្ដ មនុស្សពីប្រទេសហ្នឹងភាគច្រើនចរិតគឺមិនធម្មតាដូចពួកយើងនេះទេ ខ្ញុំសង្ឃឹមថាកូនខ្មែរជំនាន់ថ្មីនឹងយល់ដឹងខ្លាំងជាងនេះទៀតអំពីរឿងទាំងនេះ»។
សំណេរដែល កន្និដ្ឋា សូរ បានបង្ហោះបង្កឱ្យមតិប្រតិកម្មចម្រុះនៅលើបណ្តាញសង្គមដោយមានអ្នកខ្លះគាំទ្រនិងមានអ្នកខ្លះមិនគាំទ្រឡើយ។
អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអនុប្រធានសមាគមសិល្បករបានបង្ហាញគោលជំហរមិនគាំទ្រនូវការលើកឡើងរបស់ កន្និដ្ឋា សូរ ដោយតារាសម្តែងជើងចាស់រូបនេះបានបង្ហោះថា «អ្នកប្រាជ្ញលង់និងអំណួតរហូតក្លាយជា ទឹកជោរ អ្នកប្រាជ្ញល្បីពេករហូតក្លាយជាបុគ្គលដែលរើសអើងពូជសាសន៍ ប្រទេសណាខ្លះដែលរលាយដោយសារតែចិន? សូមរាប់ឈ្មោះ»។ 
ទោះជាយ៉ាងណា បន្ទាប់ពីបង្ហោះខ្លឹមសារទៅកាន់ កន្និដ្ឋា សូរ មិនយូរប៉ុន្មានសំណេររបស់អ្នកនាង ចន ច័ន្ទលក្ខណា ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ៕










