ប្រទេសថៃ ៖ កងទ័ពថៃត្រូវបានដាក់ពង្រាយនៅព្រំដែនជាប់មីយ៉ាន់ម៉ាភ្លាមៗ និងបិទព្រំដែន៧ថ្ងៃ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុ.ធការៀង បណ្តាលឱ្យគ្រាប់កាំភ្លើ.ងធ្លាក់ចូលក្នុងទឹកដីថៃខូចខាតផ្ទះពលរដ្ឋ ចំនួន២ខ្នង ។ នេះមិនមែនជាលើកទី១ទេ ដែលគ្រាប់កាំភ្លើ.ងពីមីយ៉ាន់ម៉ាធ្លាក់ចូលទឹកដីថៃ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃ ពុំទាន់មានប្រតិកម្ម ឬថ្កោលទោសមីយ៉ាន់ម៉ាទេ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG8ZeKnr-hT3boHkY6LFC7dWmS653HmymIgZ5PKDLC69XaIGXi8Sj7d3fzqpyk6z9YFSzAq2WEPbQGQZkr9ish5FJMG7R3dKfDItQ9UpudEAR2HBcNqKBcEnInWYwR5TQ8C9udz5SDfVFSr3BFAEJG0Nv76QY0QQImPahkGyUQFXH83XyDJ7duOOtWd8ya/s800/photo_2026-01-16_15-58-02.jpg

នៅថ្ងៃទី១៦ ខែមករា កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រដាប់អាវុធការៀង (KNU) នៅស្រុកមៀវឌី ខេត្តមៀវឌី ប្រទេសមីយ៉ាន់ម៉ា ជាប់នឹងស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ដោយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាព្យាយាមចូលកាន់កាប់ទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធការៀង ប៉ុន្តែមិនបានសម្រេច ទើបធ្វើឱ្យភាគីទាំងពីរប្រើប្រាស់កាំភ្លើងបាញ់គ្នាទៅវិញទៅមកបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ បំផ្លាញផ្ទះសម្បែងពលរដ្ឋនៅស្រុកមេស៊ត ចំនួន២ខ្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqLcq4NoowZ6dxLs4u2OUHZivGQwIh1xpUYo0WjBBJT6RN7d_Gsy6-OfHogEVqzvOa4u89rgJoi8Vc69YDPOkELqjOb9lCk10-ZFdJ0B-Ro85esDDf67VEiIq9XlLfy5vW-SJiZyV3VRCPeL8JcRYgMlLaThuFv0-iCTLBbE8S0azdozp4mlfC5_NAIz2/s800/photo_2026-01-16_15-58-03%20(2).jpg

ពេលប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធការៀង ថៃក៏បានដាក់ពង្រាយកងទ័ព ឬកងកម្លាំងណារ៉េសួន នៅព្រំដែនជាប់មីយ៉ាន់ម៉ាភ្លាមៗដើម្បីត្រៀមទប់ទល់ស្ថានការណ៍ ព្រមទាំងផ្តល់សុវត្ថិភាពដល់ពលរដ្ឋក្នុងតំបន់ ។ មេបញ្ជាការកងកម្លាំងណារ៉េសួន បានបញ្ជាឱ្យបិទច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាទាំងអស់ រយៈពេល៧ថ្ងៃ រង់ចាំឱ្យស្ថានការណ៍នៅមីយ៉ាន់ម៉ាស្ងប់ស្ងាត់ ។

គួរបញ្ជាក់ថា គ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃដោយសារការប៉ះទង្គិចនៅមីយ៉ាន់ម៉ានេះ គឺជាលើកដំបូងដែលកើតឡើងក្នុងឆ្នាំ២០២៦ បន្ទាប់ពីកាលពីចុងឆ្នាំ២០២៥ គ្រាប់កាំភ្លើងតូច កាំភ្លើងធំពីមីយ៉ាន់ម៉ាបានធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់បណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋថៃជាច្រើនខ្នង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYByMO5WC2u3mJJ0RXGzBQ3tKblhGb5836TPu35rO1zOo6iJ_QkKCD_w5OUFN-iZT6hXD5ULL9KTkOSuco-5vCUXA4FRf0kcgvubvoBglDR2IahK5iaRDwwa7p8XZxb_k6If2lQQSzuR0RsinITRNhWa498iECoAdE3U9qKoB_opBJdu9BWaaoHBZDzLo8/s800/photo_2026-01-16_15-58-03.jpg

កងកម្លាំងប្រដាប់អាវុធការៀងបានប្រកាសផ្តាច់ខ្លួនពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៥ ខែមករា និងបង្កើតរដ្ឋឯករាជ្យមួយឈ្មោះ «សាធារណរដ្ឋកូថូឡេ» ដោយចាត់ទុកប្រទេសថៃជាបងប្អូន ខណៈមេដឹកនាំការៀងសន្យាគោរពច្បាប់អន្តរជាតិ ព្រមទាំងអំពាវនាវឱ្យពិភពលោក ផ្តល់ការគាំទ្រផ្នែកការទូត មនុស្សធម៌ និងនយោបាយ ។

កងកម្លាំងប្រដាប់អាវុធការៀងបានប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយសម្រេចចិត្តផ្តាច់ខ្លួនពីមីយ៉ាន់ម៉ា ប៉ុន្តែមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលមីយ៉ាន់ម៉ានៅឡើយទេ ។ រីឯកងទ័ពមីយ៉ាន់ម៉ាចាត់ទុកការផ្តាច់ខ្លួនរបស់ការៀងជាទង្វើក្បត់ជាតិ និងថា ថៃគាំទ្រការផ្តាច់ខ្លួននេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEftKqnxpZwYrZ3_R5kz7rd12Wflc_dxFEm2amCS72B4FnA96Bm0MI4wGG6Vp83CYG3KMnuom1k9wi09eq8848dLg-YpupWwecGPD9wW10AIFshCXlW93E7Vmungpz85SnLnaUAZbsvZjzKwLqXQUXEwhtz3josFhTAG1e093CWpaK6LxDdlbZvt_F_uk/s800/photo_2026-01-16_15-58-04.jpg