តាមការចុះផ្សាយរបស់គេហទំព័រ Channel News Asia នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria Corina Machado បានប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់ខ្លួនជូនប្រធានាធិបតីអាមេរិក លោក Donald Trump ពេលអ្នកទាំងពីរជួបគ្នានៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខណៈមន្ត្រីសេតវិមានថា ប្រធានាធិបតីអាមេរិកនឹងរក្សាទុកពានរង្វាន់នេះ ។

លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា ៖ «អ្នកស្រី Maria បានប្រគល់ពានរង្វាន់ណូបែលសន្តិភាពឱ្យខ្ញុំដែលប្រឹងប្រែងបំពេញការងារ ។ នេះជាការបង្ហាញពីការគោរពគ្នាទៅវិញទៅមក អរគុណ! អ្នកស្រី Maria» ។
មេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria ថា ការជួបគ្នារវាងអ្នកស្រីជាមួយលោកប្រធានាធិបតី Trump នៅសេតវិមានដំណើរការយ៉ាងរលូន ហើយពានរង្វាន់ណូបែលសន្តិភាពដែលអ្នកស្រីប្រគល់ជូនលោកប្រធានាធិបតី Trump គឺជាការលះបង់ដើម្បីសេរីភាពរបស់ពលរដ្ឋវេណេស៊ុយអេឡា ។
ការប្រគល់ពានរង្វាន់ណូបែលសន្តិភាពទៅឱ្យលោកប្រធានាធិបតី Trump បន្ទាប់ពីកងកម្លាំងពិសេសអាមេរិកបានធ្វើប្រតិបត្តិការនៅទីក្រុង Caracas ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ដែលធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោក ។
ទោះជាមេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria ប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់ខ្លួនឱ្យប្រធានាធិបតីអាមេរិក ប៉ុន្តែលោកស្រីនៅតែជាបុគ្គលដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពជាផ្លូវការ ។ វិទ្យាស្ថានណូបែលសន្តិភាពប្រទេសន័រវេសបញ្ជាក់ថា ពានរង្វាន់នេះមិនអាចប្រគល់ឱ្យអ្នកដទៃ បែងចែក ឬដកហូតឡើយ ។
គួរបញ្ជាក់ថា អ្នកស្រី Maria ជាមេគណបក្សប្រឆាំងវេណេស៊ុយអេឡាដ៏មានឥទ្ធិពលនិងលេចធ្លោ ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពកាលពីខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីព្យាយាមជំរុញចលនាលទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡាអស់រយៈពេលជាង២ទសវត្សរ៍ ដើម្បីប្រឆាំងនឹងអំណាចផ្តាច់ការរបស់លោកប្រធានាធិបតី Maduro ។
ក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ អ្នកស្រីរងទុក្ខបុកម្នេញពីសំណាក់មេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា និងរងនូវបណ្តឹងជាច្រើន ។ បើតាមវិទ្យាស្ថានណូបែលសន្តិភាព គឺក្រោមអំណាចផ្តាច់ការរបស់លោក Maduro អំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ពលរដ្ឋធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំង ។
ចំណែកលោកប្រធានាធិបតី Trump ចង់បានពានរង្វាន់ណូបែលសន្តិភាព ប៉ុន្តែបែរជាខកចិត្ត ។ កាលពីខែតុលា ឆ្នាំ២០២៥ លោកថា មិនដឹងវិទ្យាស្ថានណូបែលសន្តិភាពគិតយ៉ាងណាទេ ដែលប្រគល់ពានរង្វាន់ឱ្យអ្នកស្រី Maria ពីព្រោះគ្មានបុគ្គលណាម្នាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក អាចដោះស្រាយជម្លោះបញ្ចប់សង្គ្រាមរហូតដល់ចំនួន៨ ក្នុងរយៈពេលត្រឹមតែ៩ខែ មានតែរូបលោកទេដែលស័ក្តិសមនឹងទទួលបានពានរង្វាន់ ៕










