ប្រទេសថៃ ៖ បន្ទាប់ពីមហាជនជជែកវែកញែកក្នុងបណ្តាញសង្គមពីបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សជម្រើសថ្មី លោក Mongkolkit Suksintharanon ដាក់ចេញនូវគោលនយោបាយប្លែកៗអនុញ្ញាតឱ្យស្ត្រីថៃអាចមានស្វាមីស្របច្បាប់រហូតដល់៤នាក់ដើម្បីរក្សាសមភាពយេនឌ័រក្នុងប្រទេស លោកក៏បានសន្យាជាមួយពលរដ្ឋថា ប្រសិនបើគណបក្សជម្រើសថ្មីជាប់ឆ្នោតនឹងទាក់ទងមហាសេដ្ឋីអាមេរិក លោក Elon Musk មកធ្វើជាទីប្រឹក្សានាយករដ្ឋមន្ត្រី ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សជម្រើសថ្មី លោក Mongkolkit និយាយថា ពលរដ្ឋជ្រាបហើយ លោក Anutin Charnvirakul ប្រធានគណបក្សភូមិចៃថៃ និងលោក Natthaphong Ruengpanyawuth ប្រធានគណបក្សប្រជាជន ធ្វើជានាយករដ្ឋមន្ត្រី ប្រទេសថៃមានសភាពដូចម្តេច ។ ដូចគ្នានេះ បើគណបក្សភឿថៃជាប់ឆ្នោតនឹងដឹកនាំប្រទេសដូចមុន ប៉ុន្តែបើគណបក្សជម្រើសថ្មីជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល គឺប្រទេសថៃនឹងមិនដូចមុនទេ ។

បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សជម្រើសថ្មីរូបនេះបញ្ជាក់ថា ប្រទេសថៃនឹងមិនដូចមុនដាច់ខាត គឺគណបក្សរបស់លោកនឹងរៀបចំផែនការរយៈពេល១៥ឆ្នាំ ដើម្បីផលិតយានអវកាសសម្រាប់ឱ្យពលរដ្ឋជិះទៅលេងតាមភពផ្សេងៗ ដូចជា ៖ ឋានព្រះច័ន្ទ ភពអង្គារ និងភពពុធ ប៉ុន្តែការទៅលេងលើអវកាសក្បែរផែនដី គឺពលរដ្ឋនឹងបានទៅលេងនាពេលឆាប់ៗមិនខាន ។

បន្ទាប់មក គណបក្សជម្រើសថ្មីនឹងទាក់ទងមហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជាប្រធានក្រុមហ៊ុន SpaceX មកធ្វើជាទីប្រឹក្សានាយករដ្ឋមន្ត្រីឈ្មោះ Mongkolkit Suksintharanon ក្រោយបញ្ចប់ការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។ លោកនឹងទូរស័ព្ទទៅលោក Elon Musk ភ្លាមៗពេលរាប់សន្លឹកឆ្នោតរួចរាល់ បើមានឱកាសកាន់តំណែងជានាយករដ្ឋមន្ត្រី ។

ក្រៅពីនេះ នឹងកំណត់គោលនយោបាយកងទ័ពអវកាសដោយត្រៀមការហ្វឹកហាត់ ព្រមទាំងប្រកាសជ្រើសរើសពលរដ្ឋចំនួន៣,០០០នាក់ មកបំពេញមុខតំណែងជាច្រើនលើអវកាស ដូចជា ៖ អវកាសយានិក ជាងបច្ចេកទេស គ្រូពេទ្យ វិស្វករ និងភ្នាក់ងារសន្តិសុខអវកាស ក៏ដូចជាជ្រើសរើសសមត្ថកិច្ចអវកាសផងដែរ ដើម្បីចាប់ខ្លួនជនល្មើសដែលប្រព្រឹត្តខុសលើអវកាស ។

គោលនយោបាយគណបក្សបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយមហាជនជជែកវែកញែកថា គួរឱ្យអស់សំណើចណាស់ ដែលគណបក្សដាក់ចេញនូវគោលនយោបាយបែបនេះ បើជាប់ឆ្នោតមែន រដ្ឋាភិបាលនឹងគ្មានធ្វើអ្វី ក្រៅពីនាំពលរដ្ឋទៅលេងអវកាស ។ តើគណបក្សបានថវិកាពីណា គណបក្សនេះមិនផ្តោតលើការបោះឆ្នោតទេ គ្រាន់តែឱ្យគេចាប់អារម្មណ៍ ពីព្រោះប្រកាសជ្រើសរើសសន្តិសុខអវកាសទៅយាមចំណតយានអវកាស ។

គួរបញ្ជាក់ថា ក្រៅពីមហាជនចាប់អារម្មណ៍គណបក្សនេះជាប់ឆ្នោតនឹងទាក់ទងមហាសេដ្ឋីអាមេរិក លោក Elon Musk មកធ្វើទីប្រឹក្សានាយករដ្ឋមន្ត្រី មហាជនក៏អស់សំណើចផងដែរពីគណបក្សដាក់ចេញនូវគោលនយោបាយប្លែកៗអនុញ្ញាតឱ្យស្ត្រីថៃអាចមានស្វាមីស្របច្បាប់រហូតដល់៤នាក់ដើម្បីរក្សាសមភាពយេនឌ័រក្នុងប្រទេស ដែលផ្ទុយនឹងវប្បធម៌ប្រពៃណីថៃ ៕