(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ។.jpg)
យោងតាមលិខិតដែលបានដាក់ជូនទៅលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ របស់លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈដែលមិនអាចមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់ពួកគេមិនអាចចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ បានទេ។
.jpg)
គួរជម្រាបថា នេះគឺជាលើកទី២ហើយដែលកម្ពុជាសម្រេចដកខ្លួនចេញពីការប្រកួតកីឡានៅក្នុងព្រឹត្តិការណ៍ធំៗដែលរៀបចំឡើងនៅប្រទេសថៃ បន្ទាប់ពីលើកទី១ កាលពីអំឡុងដើមខែធ្នូឆ្នាំ២០២៥ កម្ពុជាបានសម្រេចដកខ្លួនពីការប្រកួតស៊ីហ្គេមលើកទី៣៣ ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អត្តពលិក និងគណប្រតិភូកម្ពុជាដែលទៅចូលរួម។

ដោយឡែកនៅលើកទី២នេះក៏មិនសូវខុសគ្នាពីលើកទី១ដែរ ដោយការសម្រេចចិត្តនេះធ្វើឡើងក្រោមហេតុផលការពារសុវត្តិភាពរបស់អត្តពលិក ពីស្ថានការណ៍ដែលមិនអាចមើលឃើញណាមួយ ដ្បិតស្ថានភាពបច្ចុប្បន្នរវាងប្រទេសថៃនិងកម្ពុជា ហាក់មិនទាន់មានភាពប្រាកដប្រជានៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏សំខាន់ក្នុងការមិនទៅចូលរួមព្រឹត្តិការណ៍កីឡានៅប្រទេសថៃទាំងពីរលើកខាងលើនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សហព័ន្ធកីឡាជនពិការអាស៊ាន (APSF) រួមទាំងសាធារណជនរបស់កម្ពុជា៕










