ប្រទេសវៀតណាម ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ការនាំចេញទុរេនវៀតណាមទៅប្រទេសចិនកាលពីឆ្នាំ២០២៥ បានកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះដោយសារសារធាតុគីមី ។ នៅឆ្នាំ២០២៥ វៀតណាមនាំចេញទុរេនទៅចិន ជិត៩សែនតោន ស្មើទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ ដែលប្រាក់ចំណូលពីការនាំចេញទុរេនទៅចិន ស្មើជិត៥០% នៃប្រាក់ចំណូលពីការនាំចេញបន្លែ និងផ្លែឈើសរុបរបស់វៀតណាម ។
ការិយាល័យពាណិជ្ជកម្មក្រៅប្រទេសនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបញ្ជាក់ថា ចិននៅតែជាទីផ្សារនាំចេញចម្បង និងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនឧស្សាហកម្មទុរេនវៀតណាម ។ ប៉ុន្តែការនាំចេញទុរេនវៀតណាមបានធ្លាក់ចុះកាលពីឆមាសទី១ ឆ្នាំ២០២៥ (ចាប់ពីខែមករា ដល់ខែមិថុនា) ដោយសារចិនរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមី និងការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យស្របតាមបច្ចេកទេស ។.png)
បន្ទាប់ពីការនាំចេញទុរេនវៀតណាមធ្លាក់ចុះកាលពីឆមាសទី១ ឆ្នាំ២០២៥ ការនាំចេញទុរេនក៏បានកើនឡើងវិញ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ដោយសារកសិករវៀតណាមប្រឹងប្រែងកែលម្អចម្ការទុរេនរបស់ខ្លួន និងការវេចខ្ចប់ រួមទាំងត្រួតពិនិត្យគុណភាពតាមបច្ចេកទេសត្រឹមត្រូវ ខណៈមន្ត្រីកសិកម្មវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយកសិករដើម្បីដោះស្រាយបញ្ហាខ្វះខាតបច្ចេកទេសក្នុងការដាំដុះ ។
បើគិតត្រឹមតែរយៈពេល១១ខែ (ចាប់ពីដើមខែមករា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៥) ប្រទេសវៀតណាមបាននាំចេញទុរេនទៅចិន ស្មើជិត៨សែន ៨ម៉ឺន ៥ពាន់តោន ស្មើទឹកប្រាក់ប្រមាណ ៣,២៤០លានដុល្លារ ។.png)
គួរបញ្ជាក់ថា វៀតណាមនាំចេញទុរេនទៅចិនធ្លាក់ចុះកាលពីឆមាសទី១ ឆ្នាំ២០២៥ ដោយសារចិនរឹតបន្តឹងការត្រួតពិនិត្យគុណភាពទុរេនវៀតណាម និងថៃ ជុំវិញការបារម្ភទុរេននាំចូលពីប្រទេសទាំងពីរប្រើប្រាស់សារធាតុគីមីខ្លាំង ។ ហេតុនេះ ដើម្បីជំរុញការនាំចេញទុរេនឡើងវិញ ប្រធាននាយកដ្ឋានផលិតកម្ម និងការពារដំណាំរបស់វៀតណាម លោក Huynh Tan Dat បានអនុវត្តវិធានការត្រួតពិនិត្យចម្ការទុរេនដែលប្រើប្រាស់សារធាតុគីមី Cadmium កាលពីខែសីហា ឆ្នាំ២០២៥ ក្នុងគោលដៅធានាសុវត្ថិភាពចំណីអាហារ ព្រមទាំងបំពេញតម្រូវការទីផ្សារចិន ៕










