ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននាពេលថ្មីៗនេះថា កងទ័ពអាមេរិកអាចនឹងបើកការវាយប្រ.ហារក្រុមជួញដូរគ្រឿងញៀននៅប្រទេសម៉ិកស៊ិក ដោយសារគ្រឿងញៀនបានសម្លា.ប់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ និងមើលឃើញក្រុមជួញដូរគ្រឿងញៀនកាន់តែធ្វើសកម្មភាពខ្លាំងនៅម៉ិកស៊ិក ។ ការវាយប្រ.ហារបន្ទាប់ពីកងទ័ពអាមេរិកទើបបើកការវាយប្រ.ហារនៅវេណេស៊ុយអេឡា ដែលធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ។
លោកប្រធានាធិបតី Trump បាននិយាយទៅកាន់ពិធីករសារព័ត៌មាន Fox News ក្នុងបទសម្ភាសន៍ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ថា ៖ «អាមេរិកបានកម្ចាត់គ្រឿងញៀននាំចូលតាមផ្លូវទឹក ប្រមាណ៩៧% ពេលនេះ កងទ័ពអាមេរិកអាចនឹងវាយប្រហារក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិក ។ ក្រុមជួញដូរគ្រឿងញៀនកំពុងតែគ្រប់គ្រងម៉ិកស៊ិក វាគួរឱ្យសោកសៅណាស់ចំពោះអ្វីដែលកើតឡើងនៅទីនោះ» ។
ការគំរាមរបស់លោកប្រធានាធិបតី Trump ក្រោយពីកងទ័ពអាមេរិកទើបវាយប្រហារប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា ដែលអាមេរិកចាត់ទុកជាមេដឹកនាំផ្តាច់ការពាក់ព័ន្ធនឹងការនាំចូលគ្រឿងញៀនចូលទឹកដីអាមេរិក ។ រដ្ឋាភិបាលវេណេស៊ុយអេឡាអះអាងថា មនុស្សស្លាប់រហូតដល់ជាង១០០នាក់ ពេលកងទ័ពអាមេរិកធ្វើប្រតិបត្តិការនៅវេណេស៊ុយអេឡាកាលពីថ្ងៃទី៣ ខែមករា ដែលហេតុការណ៍នេះកើតឡើងក្រោយលោកប្រធានាធិបតី Trump ដាក់សម្ពាធប្រធានាធិបតីវេណេស៊ុយអេឡាអស់រយៈពេលជាច្រើនខែ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump បានបញ្ជាឱ្យវាយប្រហារកប៉ាល់ដឹកគ្រឿងញៀននៅសមុទ្រការាបៀន ចំនួន៣៥លើក បណ្តាលឱ្យមនុស្សស្លាប់ ១១៥នាក់ ។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Anna Kelly ថា រដ្ឋាភិបាលអាមេរិកកំពុងអនុវត្តគោលការណ៍ស្តារឡើងវិញនូវភាពជាអ្នកដឹកនាំរបស់អាមេរិកនៅភាគខាងលិច គ្រប់គ្រងជនអន្តោប្រវេសន៍ និងរារាំងការជួញដូរគ្រឿងញៀន ។ ប្រធានាធិបតីរបស់យើងមានវិធីជាច្រើនការពារប្រទេសកុំឱ្យរងផលប៉ះពាល់ដោយសារគ្រឿងញៀន ដែលបានសម្លាប់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ហើយប្រធានាធិបតីអាមេរិកធ្លាប់និយាយពីការវាយប្រហារក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិកផងដែរ ។
ចំណែកប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum Pardo ថា នឹងគ្មានប្រតិបត្តិការរបស់កងទ័ពអាមេរិកបង្ក្រាបក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិកទេ បើលោកស្រីមិនអនុញ្ញាត ។ លោកស្រីបានថ្កោលទោសអាមេរិកដែលចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងបញ្ជាក់ពីការការពារអធិបតេយ្យប្រទេសម៉ិកស៊ិកជាថ្មី គឺពលរដ្ឋម៉ិកស៊ិកជាអ្នកគ្រប់គ្រងប្រទេស យើងមានសេរីភាព អធិបតេយ្យ យើងសហការជាមួយអាមេរិក ប៉ុន្តែមិនទទួលយកការជ្រៀតជ្រែក ។
ម៉ិកស៊ិកនឹងពង្រឹងកិច្ចសហការជាមួយអាមេរិកក្នុងការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ហើយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ិកស៊ិកនឹងជួបពិភាក្សាជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក ប្រសិនបើចាំបាច់ ។ ថ្មីៗនេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយពីការពង្រឹងទំនាក់ទំនងសន្តិសុខជាមួយម៉ិកស៊ិក ដោយការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ៕










