មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីការបែកធ្លាយប្រទេសថៃធ្លាប់ចា.ប់ខ្លួនលោក ចេន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) កាលពី១១ឆ្នាំមុន ហើយដោះលែងវិញដោយគ្មានមូលហេតុ ។ ការបែកធ្លាយព័ត៌មាននេះ បន្ទាប់ពីទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះពីការចា.ប់ខ្លួនលោក ចេន ហ្ស៊ី នៅប្រទេសថៃ រួចហើយបញ្ជូនមកកម្ពុជា ដែលជាល្បិ.ចរបស់ថៃបញ្ជូនមេឆបោ.កអនឡាញមកកម្ពុជាដើម្បីបំផ្លា.ញកេរ្តិ៍ឈ្មោះ ។
តាមការចុះផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ មុននឹងមកប្រទេសកម្ពុជា លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវបានគេចា.ប់ជំរិតទារប្រាក់នៅប្រទេសថៃកាលពីឆ្នាំ២០១៤ ចំនួន១០០លានបាត (ឬជាង៣លានដុល្លារ) ដែលក្រោយមករកឃើញថា ជនល្មើ.សម្នាក់ដែលផ្សំគំនិតជំរិតទារប្រាក់ គឺជាសមត្ថកិច្ចថៃ ។ ពេលនោះ អាជ្ញាធរចិនក៏តាមចា.ប់ខ្លួនលោកនៅថៃផងដែរ ដោយសារពាក់ព័ន្ធនឹងបទល្មើសឆបោ.កប្រាក់ចំនួន២០០លានបាត (ឬជាង៦លានដុល្លារ) ជាមួយជ.នជាតិចិនមួយក្រុមនៅប្រទេសចិន ។
ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃរាយការណ៍លម្អិតថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ចេន ហ្ស៊ី ត្រូវបានគេចាប់ខ្លួននៅមុខអគារបៃយុក ប្រទេសថៃ ក្នុងអំឡុងពេលលោកដើរចេញពីសណ្ឋាគារមួយកន្លែងទៅកាន់អគារបៃយុក ជាន់ទី២ ស្រាប់តែមានរថយន្តពណ៌ខ្មៅ១គ្រឿង និងម៉ូតូ១គ្រឿងទៀតបើកដេញតាម ។ ក្រោយមក ក៏មានហេតុការណ៍មួយទៀតកើតឡើង គឺលោកត្រូវបានមនុស្ស១ក្រុមផ្សេងទៀតចាប់បញ្ចូលក្នុងរថយន្ត ដោយពួកគេអះអាងថា មានដីកាចាប់ខ្លួនពីប្រទេសចិន ។
សមត្ថកិច្ចថៃអះអាងពេលនោះថា លោក ចេន ហ្ស៊ី ត្រូវបានគេចាប់ជំរិតទារប្រាក់ចំនួន១០០លានបាត (ឬជាង៣លានដុល្លារ) សមត្ថកិច្ចថៃបានតាមស្វែងរកលោកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញ ចុងក្រោយ លោកជូនដំណឹងទៅក្រុមគ្រួសារថា ត្រូវបានដោះលែងនៅកម្ពុជា ។ សមត្ថកិច្ចថៃមួយចំនួនពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីលោក ចេន ហ្ស៊ី នាពេលនោះ ហើយសមត្ថកិច្ចថៃម្នាក់ត្រូវបានចាប់ខ្លួននាពេលបន្ទាប់ពាក់ព័ន្ធនឹងការជំរិតប្រាក់ ។
កាលពីឆ្នាំ២០១៤ លោក ចេន ហ្ស៊ី ក៏ប្រឈមនឹងការដាក់ទោសពីអាជ្ញាធរចិនផងដែរ និងហាមធ្វើដំណើរចូលប្រទេសចិន ដោយសារពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ចំនួន២០០លានបាត (ឬជាង៦លានដុល្លារ) ជាមួយជនជាតិចិនមួយក្រុមនៅប្រទេសចិន ។ រហូតមកដល់ឆ្នាំ២០២៦ មានរយៈពេល១១ឆ្នាំហើយ ដែលលោកបាត់ខ្លួនពីប្រទេសថៃ និងមិនគួរឱ្យជឿថា លោកក្លាយជាមហាសេដ្ឋីនៅកម្ពុជា ។

គួរបញ្ជាក់ថា លោក ចេន ហ្ស៊ី អាយុ៣៩ឆ្នាំ ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ត្រូវបានអាមេរិក និងអង់គ្លេស រឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខំមនុស្សឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា បន្ទាប់ពីតុលាការអាមេរិកចោទប្រកាន់ពីបទឃុបឃិតបោកប្រាស់ជាប្រព័ន្ធ និងលាងលុយកខ្វក់ ។ លោក ចេន ហ្ស៊ី និងបក្ខពួកចំនួន២នាក់ទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិនវិញកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៦ តាមសំណើរបស់អាជ្ញាធរចិន ។
ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែមករា ថា លោក ចេន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) រួមទាំងបក្ខពួក ២នាក់ទៀត ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមករា បញ្ជូនទៅប្រទេសចិន ។
ការចាប់ខ្លួននេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិន និងបន្ទាប់ពីបានបើកការស្រាវជ្រាវអស់ជាច្រើនខែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ លោក ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥ ។
លោក ចេន ហ្ស៊ី មានដើមកំណើតជាជនជាតិចិន ដែលគេស្គាល់ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានរកស៊ីផ្នែកអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើននៅកម្ពុជា តាំងពីឆ្នាំ២០១៥ ។ តុលាការឧក្រិដ្ឋកម្មចិនស៊ើបអង្កេតលោកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ និងការលាងលុយកខ្វក់ ៕










