បន្ទាប់ពីជោគជ័យនិងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងពេលតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីកន្លងមកនេះ ទេព បូព្រឹក្ស បានបង្ហើបថានាងនិង ជី ដេវីត នឹងបង្ហាញវប្បធម៌ខ្មែរទៅកាន់ពិភពលោកម្តងទៀតក្នុងកម្មវិធីនេះដែលនឹងរៀបចំឡើងនៅប្រទេសហ្វីលីពីន។

ថ្មីៗនេះទំព័រផេក «Round Festival »បានបង្ហោះវីដេអូរបស់តារាចម្រៀង ទេព បូព្រឹក្ស បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលរួមកម្មវិធីនេះដែលបានជួបជាមួយនឹងទស្សនិកជនតាមរយៈទូរទស្សន៍ KBS World និងបានជូនពរសម្រាប់ឱកាសឆ្នាំថ្មីដូចគ្នា។ ការបង្ហាញមុខជាថ្មីនៅលើមហោស្រព «Round Festival » ទេព បូព្រឹក្ស បានបង្ហើបថាក្នុងឆ្នាំ២០២៦ នេះនាងនឹងចូលកម្មវិធីនេះម្តងទៀត។

តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមថា «ឆ្នាំនេះខ្ញុំនិងNgoun Chan Davith នឹងចូលរួមម្តងទៀតនៅ ហ្វីលីពីន។ ពួកខ្ញុំនឹងបង្ហាញវប្បធម៌របស់យើងទៅកាន់ពិភពលោក»។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំងនិងត្រៀមលក្ខណៈដើម្បីចូលរួមគាំទ្រការសម្តែងអ្នកទាំងពីរ។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះតារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតំណាងកម្ពុជានៅលើឆាកអន្តរជាតិបង្ហាញពីវប្បធម៌ខ្មែរជាមួយនឹងក្រុមការងារសិល្បករសិល្បការិនីជាច្រើននាក់ដោយមានទាំង ជី ដេវីត ជាស្វាមីនៅជួយជ្រោមជ្រែងពីក្រោយ។ ទេព បូព្រឹក្ស បានលើកយកបទចម្រៀងដូចជា «វីរៈនារី» «Drama Queen» រួមទាំងបទ «ទេវរាជ» ដោយបង្ហាញទស្សនីយភាពរបាំអប្សរា ល្ខោនខោល ក្បាច់គុនល្បុក្កតោជាដើម។ ការចូលរួមនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ក៏បានជូនប័ណ្ណសរសើរដល់តារាចម្រៀងទេព បូព្រឹក្ស និង ជី ដេវីត រួមទាំងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តផងដែរ៕










